អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ការបរទេស ឃី​ស៊ី​ង​ហ្គឺ ធ្លាប់​ជំរុញ​ឲ្យ​លោក ត្រាំ ចាប់ដៃ​រុស្ស៊ី​ដើម្បី​ទប់​ជាមួយ​ចិន​
27, Jul 2018 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហេន​រី ឃី​ស៊ី​ង​ហ្គឺ (Henry Kissinger) បានផ្តល់​យោបល់​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កន្លងមក ដើម្បី​ទប់ទល់​ជាមួយ​ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន​។ លោក ឃី​ស៊ី​ង​ហ្គឺ​ធ្លាប់​នាំ​ឲ្យ​រដ្ឋបាល​អាមេរិក​ចាប់ដៃគ្នា​ជាមួយ​ចិន​ដើម្បី​ប្រឆាំង​សហភាពសូវៀត​ដែល​ក្នុងអំឡុង​ឆ្នាំ ១៩៧០​នោះ​។



​សារព័ត៌មាន​អាមេរិក Daily Beast បាន​ដកស្រង់​ប្រភព​ផ្សេងគ្នា​ជាច្រើន​ថា អតីត​ប្រមុខ​ការទូត​អាមេរិក​លោក ឃី​ស៊ី​ង​ហ្គឺ បានផ្តល់​ប្រឹក្សា​យោបល់​ច្រើនលើក​ដល់​ប្រធានាធិបតី ត្រាំ ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដើម្បី​ប្រយោជន៍​ការទូត​អាមេរិក​។ ចាប់ដៃ​រុស្ស៊ី​គឺ​ដើម្បី​ទប់ទល់​ជាមួយ​ចិន​ប៉ុណ្ណោះ​។​

​តាម​ប្រភពព័ត៌មាន​ដដែល អ្នកការទូត​អាមេរិក​ជើងចាស់​និង​ល្បីល្បាញ​នេះ​បានផ្តល់​យោបល់​ដល់​លោក ត្រាំ តាំងពី​ចុងឆ្នាំ ២០១៦ ពេលដែល​លោក ត្រាំ ត្រៀម​ស្បថ​ចូលកាន់​តំណែង​។ ក្រៅពី​លោក ត្រាំ លោក​ក៏​ផ្តល់យោបល់​ទៅ​ទីប្រឹក្សា​ជាន់ខ្ពស់ និង​ជា​កូនប្រសា​រលោក ត្រាំ គឺ​លោក Jared Kushner​។ 

​លោក ឃី​ស៊ី​ង​ហ្គឺ ក៏​គាំទ្រ​ចំពោះ​ជំនួប​រវាង​លោក ត្រាំ និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​សប្តាហ៍​មុន​ដែរ​ព្រោះ​វា​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​។ លោក​និយាយ​បែបនេះ​៖ «​ជំនួប​នេះ​វា​ត្រូវ​កើតឡើង​។ ខ្ញុំ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​កិច្ចប្រជុំ​បែបនេះ​ច្រើន​ឆ្នាំ​ហើយ​»​។

​យ៉ាងណាមិញ ក្រៅពី​លោក ឃី​ស៊ី​ង​ហ្គឺ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស មន្ទីរ​បញ្ចា​កោណ និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សុទ្ធតែ​បាន​ផ្តល់យោបល់​ប្រហាក់ប្រហែលគ្នា​នេះដែរ​ចំពោះ​ប្រធានាធិបតី​។ ពួកគេ​ជឿជាក់ថា ការ​ចាប់ដៃ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​រុស្ស៊ី​ជា​រឿង​មិនអាច​ខ្វះ​បាន និង​អាច​ទប់ទល់​ជាមួយ​ចិន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​។​

​ក្រៅពី​រុស្ស៊ី អ្នក​យុទ្ធសាស្ត្រ​អាមេរិក​ព្យាយាម​តស៊ូ​មតិ​ឲ្យ​អាមេរិក​ស្រវា​ចាប់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​មាន​ហ្វីលីពីន​, ឥណ្ឌា ជប៉ុន ប្រទេស​មជ្ឈិមបូព៌ា និង​តួអង្គ​ផ្សេងទៀត​ដែល​អាចជួយ​ទប់​ឥទ្ធិពល​ចិន និង​រក្សា​អនុត្តរភាព​អាមេរិក​ផងដែរ​។​

​តាមពិតទៅ​លោក ឃី​ស៊ី​ង​ហ្គឺ មានឈ្មោះ​ល្បី​ដោយសារ​លោក​ជា​តួអង្គ​សំខាន់​ដែល​ជំរុញ​ការកសាង​ស្ពាន​សម្ព័ន្ធភាព​រវាង​រដ្ឋ​បាល​លោក រី​ឆាត និ​ច​សុន ជាមួយ​រដ្ឋាភិបាល​ចិន​ដើម្បី​ប្រឆាំង​សហភាពសូវៀត​អំឡុង​ឆ្នាំ ១៩៧០​នោះ​។

​យ៉ាងណា​ក៏ដោយចុះ យោបល់​របស់លោក ឃី​ស៊ី​ង​ហ្គឺ​ដែល​ចង់​ឲ្យ​អាមេរិក​ងាក​ទៅរក​រុស្ស៊ី​នោះ​នៅតែ​ជា​សំណួរ​នៅឡើយ​។ អ្នកជំនាញ​នៅតែមាន​មន្ទិលសង្ស័យ ចំពោះ​សមត្ថភាព​អាមេរិក​ក្នុងការ​ហួស​ទាញ​រុស្ស៊ី​ឲ្យ​ចាប់ដៃ​ខ្លួន និង​ប្រឆាំង​ចិន​នៅពេល​អនាគត​នោះ​។

​ដូច​ឃើញស្រាប់​កាលពី​សប្តាហ៍​មុន លោក ពូ​ទីន បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​តប​តាម​ការអញ្ជើញ​របស់លោក ស៊ី ជិន​ភីង​។ ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​បាន​កោតសរសើរ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​ចិន និង​អះអាងថា ទំនាក់ទំនង​នេះ​កើន​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ហើយ​ភាគី​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​រួមគ្នា​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម សន្តិសុខ និង​លំហរ​អាកាស​ផងដែរ​។ ភាគី​ក៏​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​អន្តរជាតិ​ដែល​ស្មុគស្មាញ​នោះ​។​


Tag:
 រុស្ស៊ី​
  ចិន​
  អាមេរិក​
  ហេន​រី ឃី​ស៊ី​ង​ហ្គឺ​
© រក្សាសិទ្ធិដោយ thmeythmey.com