កីឡាជាតិ
ជាតិ
លោក បែ មករា ស្នើ​សហព័ន្ធ​បង្ហាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការពិន័យ​លោក ហៅ សុជាតិ​
27, Jul 2018 , 8:59 pm        
រូបភាព
លោក បែ មករា (ស្តាំ) និងលោក ហៅ សុជាតិ
លោក បែ មករា (ស្តាំ) និងលោក ហៅ សុជាតិ
ដោយ: ថ្មីៗ
​អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​លោក បែ មករា អះអាងថា លោក​បានដាក់​បណ្តឹងសុំ​សម្រាលទោស​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រួចហើយ ពាក់ព័ន្ធ​នឹង​កា​ររ​ពិន័យ​របស់លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​។ ទន្ទឹមនឹង​ទទួលស្គាល់​ទោសកំហុស​មួយចំនួន ថ្នាក់ដឹកនាំ​រូ​បេ​នេះ ស្នើ​ឲ្យ​គណៈកម្មការ​វិន័យ​បង្ហាញ​ភ័ស្តុតាង ពាក់ព័ន្ធ​ការចោទប្រកាន់​។​



​ក្រោយ​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទុកពេល​ឲ្យ​៥​ថ្ងៃ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ពាក់ព័ន្ធ​រឿង​ពិន័យ​លោក ហៅ សុជាតិ មិន​ឲ្យ​ពាក់ព័ន្ធ​បាល់ទាត់​រយៈពេល​១​ខែ និង​ថវិកា​៥០​ម៉ឺន​រៀល​។ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បាន​បញ្ជាក់ថា លោក​បាន​បណ្តឹង​ទៅកាន់​គណៈកម្មការ​ឧទ្ធរណ៍​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​រួចហើយ​។

​លោក បែ មករា អះអាងថា បណ្តឹងឧទ្ធរណ៍​របស់​ក្លិប​បឹងកេត គឺ​ក្នុងន័យ​សុំ​សម្រាលទោស មិនមែន​បដិសេធ​សេចក្តីសម្រេច​ទាំងស្រុង​នោះទេ​។ ព្រោះ​មាន​ចំណុច​មួយចំនួន​ក្នុង​បទ​ចោទ​អាច​ទទួលយកបាន និង​មួយចំនួន​មិនអាច​ទទួលយកបាន​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​រូបនេះ បដិសេធ​ទាំងស្រុង​ត្រង់ចំណុច​ថា លោក ហៅ សុជាតិ បាន​ប្រើប្រាស់​សម្តី​មិន​សមរម្យ​លើ​មន្ត្រី​ការប្រកួត​។​

​លោក​បានចាត់ទុក​ការពិន័យ​របស់​កម្ម​កា​រវិ​ន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ហាម​លោក ហៅ សុជាតិ មិន​ឲ្យ​ពាក់ព័ន្ធ​ការប្រកួត​បាល់ទាត់ ដែល​រៀបចំ​ដោយ​សហព័ន្ធ​រយៈពេល​១ និង​ពិន័យ​ថវិកា​៥០​ម៉ឺន​រៀល​ថា ហាក់​មាន​ទម្ងន់ទោស​ធ្ងន់ធ្ងរ​ពេក​។ ដោយ លោក លើក​ជា​ចម្ងល់​ថា រឿង​កើតឡើង​ក្នុង​ពានរង្វាន់​លី​គ ហេតុអ្វី​សហព័ន្ធ​ពិន័យ​រហូតដល់​ពាន​សម្តេច ហ៊ុន សែន​?

​ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ​ក្លិប​បឹងកេត​ខាងលើ ស្នើ​ឲ្យ​គណៈកម្មការ​វិន័យ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្ហាញ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​បទ​ចោទ​របស់ខ្លួន​។ គួររំលឹកថា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​វិន័យ​បានចេញ​សេចក្តីសម្រេច​ពិន័យ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត​មិន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ ដែល​រៀបចំ​ដោយ​សហព័ន្ធ​រយៈពេល​១​ខែ និង​ថវិកា​៥០​ម៉ឺន​រៀល ក្រោម​បទ​ចោទ​រុញ និង​ប្រើ​សម្តី​មិន​សមរម្យ​លើ​មន្ត្រី​ការប្រកួត​។ ការពិន័យ​នេះ កើតឡើង​ក្នុងជំនួប​បឹងកេត​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បែ មករា​
  បាល់ទាត់​
  ហៅ សុជាតិ​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com