អន្តរជាតិ
តុលាការ​ធម្មនុញ្ញ​អ៊ូ​ហ្ក​ង់​ដា​ត្រួស​ត្រាយផ្លូវ​ឲ្យ​ប្រធានាធិបតី Museveni អាច​កាន់​«​អំណាច​មួយជីវិត​»
27, Jul 2018 , 9:19 pm        
រូបភាព
លោកប្រធានាធិបតី Yoweri Museveni ដែលមានវ័យ ៧៣ឆ្នាំ
លោកប្រធានាធិបតី Yoweri Museveni ដែលមានវ័យ ៧៣ឆ្នាំ
ដោយ: ថ្មីៗ
​ស្ថានភាព​នយោបាយ​អ៊ូ​ហ្ក​ង់​ដា​ចាប់ផ្តើម​តានតឹង​ជាង​មុន ក្រោយ​តុលាការ​ធម្ម​នុ​ញ្ញាស​ម្រេច​ការពារ​ការលុបចោល​មាត្រា​កំណត់​អាយុ​ប្រធានាធិបតី​ក្នុង​រដ្ឋធម្មនុញ្ញ​។ មេដឹកនាំ​បក្សប្រឆាំង​ទិតៀន​ការសម្រេច​របស់​តុលាការ ហើយក៏​បារម្ភ​ថា ប្រធានាធិបតី Yoweri Museveni ដែលមាន​វ័យ ៧៣​ឆ្នាំ​ហើយ​នោះ​អាច​នឹង​កាន់អំណាច​មួយជីវិត​ផង​។



​មេធាវី​តំណាង​ក្រុម​បក្សប្រឆាំង Ladislaus Rwakafuzi បាន​ព្រមាន​ថា លោក​ប្រធានាធិបតី Yoweri Museveni ដែលមាន​វ័យ ៧៣​ឆ្នាំ​ហើយ​នោះ​កំពុង​ឆ្ពោះទៅ​ក្តោប​ក្តាប់​អំណាច​ជា​ប្រធានាធិបតី​មួយជីវិត បន្ទាប់ពី​ព្យាយាម​បញ្ចប់​បទបញ្ញត្តិ​ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមប្រឆាំង​ចេញមុខ​ប្រតិកម្ម ក្រោយ​តុលាការ​ធម្មនុញ្ញ​អ៊ូ​ហ្ក​ង់​ដា​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ខែកក្កដា​នេះ​បានចេញ​សេចក្តីសម្រេច​មួយ​តប​នឹង​បណ្តឹង​របស់​ពួកគេ​ដែល​ទាមទារ​ឲ្យ​មានការ​អនុវត្ត​មាត្រា​កំណត់​អាណត្តិ​ប្រធានាធិបតី​ឡើយ​វិញ​។​

​លោក Ladislaus Rwakafuzi អះអាង​ដូច្នេះ​៖« តុលាការ​ធម្ម​នុ​ញ្ញា​ចាប់ផ្តើម​ដាក់​អនុវត្ត​អាណត្តិ​ប្រធានាធិបតី​មួយជីវិត​ឡើងវិញ ដោយមាន​មនុស្ស​តែ​ម្នាក់​គ្រប់គ្រង​ប្រទេស​។ ខ្ញុំ​គិតថា ចៅក្រម​តុលាការ​ទាំងនោះ​មិន​ហ៊ាន​ប្រាប់​ប្រធានាធិបតី​ឡើយ​ថា លោក​ស្ថិតក្នុង​តំណែង​យូរ​ល្មម​ទៅហើយ​»​។

​យ៉ាងណាមិញ​ចៅក្រម​តុលាការ​ដែលមាន​អំណាច​បកស្រាយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ចាត់ទុកថា ការបញ្ចប់​ការកំណត់​អាយុ​ប្រធានាធិបតី​នេះ​ជា​រឿង​សមរម្យ ហើយ​ពួកគេ​ក៏​ហៅ​ការស្នើសុំ​ដាក់​អនុវត្ត​ច្បាប់​កំណត់​អាណត្តិ​ឡើងវិញ​ថា ជាការ​បំពាន​នីតិវិធី​របស់​សភា​។ ដូច្នេះហើយ​វា​ច្បាស់​ណាស់​ថា លោក​ប្រធានាធិបតី​លោក Museveni នឹង​បន្ត​កាន់អំណាច​ទៅមុខទៀត រហូតដល់​ចាស់ជរា​ផង​។​

​អ៊ូ​ហ្ក​ង់​ដា​ធ្លាប់មាន​មាត្រា​ដែល​កំណត់​អាយុ​ប្រធានាធិបតី​មក​ត្រឹម ៧៥​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាត្រា​នេះ​ត្រូវបាន​គេ​ស្នើ​លុបចោល​តាំងពី​ខែកញ្ញា​ឆ្នាំមុន ហើយក៏​ធ្វើ​ឲ្យ​មាន​ចលនា​ប្រឆាំង​ច្រើន​ដែរ​។ ការលុបចោល​បទបញ្ញត្តិ​នេះ​ដោយសារតែ វា​ជា​ឧបសគ្គ​សម្រាប់​លោក Museveni ដែលមាន​មហិច្ឆតា​ចូលរួម​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ជាថ្មី​នៅ​ឆ្នាំ ២០២១​។  លោក Museveni មានឈ្មោះ​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​ប្រចាំ​អាហ្វ្រិក​ពោលគឺ​ចាប់តាំងពី​ឆ្នាំ ១៩៨៦​មកម្ល៉េះ​។

​តាមពិតទៅ លោក Museveni ឡើងកាន់តំណែង​តាមរយៈ​ការដឹកនាំ​ចលនា​ក្រុម​ឧទ្ទាម​ឆ្នាំ ១៩៨៦ ហើយ​លោក​ធ្លាប់​និយាយថា បញ្ហា​នៅ​អាហ្វ្រិក​ភាគច្រើន​កើតឡើង​ដោយសារតែ​ការ​កាន់អំណាច​យូរ​ហួសហេតុ​ពេក​។ ប៉ុន្តែ​ក្រោយ​បាន​តំណែង​កាន់​ច្រើន​ឆ្នាំ លោក Museveni ស្រាប់តែ​ក្រឡាស់សម្តី ដោយ​អះអាង​លោក​មិនអាច​ចាកចេញ​ឆាប់​ពេក​ទេ​ព្រោះ​លោក​មាន​ការងារ​ត្រូវ​ដោះស្រាយ​ច្រើន​ដើម្បី​ជួយ​ប្រទេសជាតិ​ឲ្យ​លូតលាស់​ទៅមុខ​៕ 


Tag:
 អ៊ូ​ហ្ក​ង់​ដា​
  Yoweri Museveni
  ប្រធានាធិបតី​មួយជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com