អន្តរជាតិ
លោក ត្រាំ អរគុណ​លោក គីម ក្រោយ​កូរ៉េខាងជើង​បញ្ជូន​អដ្ឋិធាតុ​ទ័ព​អាមេរិក​មកវិញ​
27, Jul 2018 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែកក្កដា បានបង្ហាញ​ការ​អរគុណ​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បន្ទាប់ពី​កូរ៉េខាងជើង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​មកវិញ​។ ការបញ្ជូន​ត្រឡប់មកវិញ​នេះ ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​លោក គីម នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ អាមេរិក​ចាត់ទុក​សក​ម្ម​ភាព​របស់​កូរ៉េខាងជើង ជា​ជំហាន​វិជ្ជមាន​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​



​នៅ​ថ្ងៃទី​២៧ ខែកក្កដា យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​បាន​ហោះ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ដឹក​ត្រឡប់មកវិញ​នូវ​អដ្ឋិធាតុ​ទាហាន​ចំនួន​៥៥​នាក់ ដែល​បាន​ស្លាប់​ក្នុងសម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ។ នៅ​ថ្ងៃ​ដដែល យន្តហោះ​អាមេរិក​បាន​ចុះចត​នៅ​នៅ​មូលដ្ឋាន​អាកាស Osan ដោយ​ទាហាន​អន្តរជាតិ​នៅ​កូរ៉េខាងត្បូង​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ បានទទួល​យក​អ​ដិ​ធាតុ​ទាំងនេះ មុននឹង​បញ្ជូន​បន្តទៅ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​។​

​ការបញ្ជូន​អដ្ឋិធាតុ​ត្រឡប់​វិញ​នេះ ធ្វើឡើង​ចំពេល​ខួប​ទី​៦៥​ឆ្នាំ​នៃ​ការចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​បញ្ចប់សង្គ្រាម​កូរ៉េ ដែល​សម្លាប់​ជីវិត​មនុស្ស​ជាង​ពីរលាន​នាក់​។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពល្អប្រសើរ​ក្នុង​ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​។



រូបភាព China Daily

​នៅ​អាមេរិក​ឯណោះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អរគុណ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចំពោះ​សកម្មភាព​នេះ​។ តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ បានសរសេរថា​៖ «​បន្ទាប់ពី​ពេល​ល​ជាច្រើន​ឆ្នាំ ថ្ងៃនេះ​ពិតជា​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមគ្រួសារ​ជាច្រើន​។ សូម​អរគុណ​លោក គីម ជុង​អ៊ុន​»​។ ជាមួយគ្នានេះ សេត​វិមាន​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​បានចាត់ទុក​ទង្វើ​កូរ៉េខាងជើង​ជាការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេត​វិមាន​អាមេរិក​បញ្ជាក់ថា សកម្មភាព​កូរ៉េខាងជើង​ពេលនេះ​តំណាង​ឲ្យ​ជំហាន​ដំបូង​ក្នុង​ការចាប់​ផ្ដើមធ្វើ​មាតុភូមិនិវត្តន៍​ធាតុ​ទាហាន​អាមេរិក និង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ចំនួន​ជាង​៥​ពាន់​ផ្សេងទៀត​។ មេបញ្ជាការ​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង ឧ​ត្ត​ម​សេនីយ៍ Vincent Brooks និយាយថា អដ្ឋិធាតុ​ទាំង​៥៥ នឹងត្រូវ​រៀបចំ​ពិធី​មួយ​ដើម្បី​ផ្ដល់​កិត្តិយស មុននឹង​ចាកចេញ​ទៅ​អាមេរិក​។​

​យោងតាម​ទិន្នន័យ​មន្ទីរ​បញ្ច​កោណ ទាហាន​អាមេរិក​ច្រើនជាង​៣៥០០០​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​បី​ឆ្នាំ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ក្នុងចំណោម​នេះ​មាន​ចំនួន​ជិត​៨​ពាន់​នាក់​បាត់​ខ្លួន​។ នៅ​ទឹកដី​កូរ៉េខាងជើង ទាហាន​អាមេរិក​ចំនួន​៥៣០០​នាក់​បាន​ស្លាប់​នៅ​ទីនោះ​។ នៅ​ចន្លោះ​ឆ្នាំ​១៩៩០-២០០៥ អ​ដិ្ឋ​ធាតុ​ចំនួន​២២៩ ត្រូវបាន​បញ្ជូនទៅ​អាមេរិក​វិញ ប៉ុន្តែ​ប្រតិបត្តិការ​បាន​ផ្អាក ព្រោះ​ទំនាក់ទំនង​ទ្វេភាគី​តែង​ឡើង​ចុះ​មិន​ទៀង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com