សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម វ៉ាដាច់ម៉ាឡេស៊ីដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន
28, Jul 2018 , 4:15 pm        
រូបភាព
ដោយ:
វៀតណាម បាន​បំបែក​កំណត់ត្រា​ពាណិជ្ជកម្ម​តំបន់​អាស៊ាន ដោយបាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​។ កំណត់ត្រា​នេះ កើតឡើង​បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​របស់​វៀតណាម បាន​បន្ត​កើនឡើង​រហូតដល់​ជាង ១០​ពាន់​លាន​ដុល្លារ​រៀងរាល់ខែ លើស​ទំហំ​ពាណិជ្ជកម្ម​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ចាស់​ចិន ម៉ាឡេស៊ី​។​



​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​ចិន​និង​វៀតណាម បាន​ឈានដល់ ១១.២ ពាន់​លាន​ដុល្លារ ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ចិន​និង​ម៉ាឡេស៊ី អាច​បានត្រឹមតែ ៩.៩ ពាន់​លាន​ដុល្លារ ដែល​នេះ ធ្វើ​ឲ្យ​វៀតណាម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ប្រចាំ​តំបន់​អាស៊ាន ខណៈ​ម៉ាឡេស៊ី ដែល​ធ្លាប់តែ​ជា​ដៃគូ​ធំ​បំផុត​ចិន​ច្រើន​ឆ្នាំ​ហើយ​នោះ ត្រូវ​នៅ​លំដាប់​បន្ទាប់​វិញ​។​

​តាម​ការបញ្ជាក់​របស់​អ្នក​ប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ចិន​ប្រចាំ​វៀតណាម លោក Hu Suo Jin នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​២៦ កក្កដា ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​ចិន និង​វៀតណាម បានកើត​ឡើង ២៨.៨ ភាគរយ បើ​ប្រៀបធៀប​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នា ភាគី​ទាំងពីរ អាច​សម្រេច​បានត្រឹមតែ ១៥.៥ ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Vietnam News​។​

តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នក​ប្រឹក្សា​រូបនេះ បាន​សង្កត់ធ្ងន់ថា នេះ គឺជា​អំឡុងពេល​ដ៏​ល្អ​បំផុត​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង​វៀតណាម​។ តាម​អ្នក​ប្រឹក្សា​បន្តទៀត មកទល់ពេលនេះ អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុង​បន្ត​ធ្វើការ​ជាមួយគ្នា​តាម​ខេត្ត​ជាប់​ព្រំដែន​ដើម្បី​សម្រួល និង​ព​ន្លឿ​ន​ការនាំ​ចូល​ផលិតផល​កសិកម្ម​វៀតណាម​ទៅកាន់​ចិន​។

គួរ​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​ឆ្នាំ​២០០៩​មក ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​សម្រាប់​ប្រទេស​អាស៊ាន ខណៈ​អាស៊ាន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​៣​របស់​ចិន​វិញ​។ ចិន មិន​ត្រឹមតែ​ជា​ដៃគូ​កិច្ចសន្ទនា និង​ដៃគូ​ពាណិជ្ជកម្ម​រួម​របស់​អាស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​ចិន ក៏​ជា​ដៃគូ​ធំ​សម្រាប់​ប្រទេស​អាស៊ាន​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី​ដូចគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com