អន្តរជាតិ
ជប៉ុន បើកទ្វារ​ទទួល​ពលរ​ដ្ឋ​វៀតណាម​១​ម៉ឺន​ដើម្បី​បម្រើ​ការងារ​ជា​អ្នកមើល​ថែទាំ​
29, Jul 2018 , 8:57 am        
រូបភាព
រូបភាព ៖Japan Times
រូបភាព ៖Japan Times
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បានប្រកាស​ទទួលយក​ពលរដ្ឋ​វៀតណាម​រាប់ពាន់នាក់​ដើម្បី​ឲ្យ​ទៅ​បម្រើការ​នៅក្នុង​ប្រទេស​ខ្លួន​លើ​វិស័យ​ថែទាំ ខណៈ​ប្រទេស កំពុងតែ​ជួប​វិបត្តិ​កង្វះ​កម្លាំង​ពលរដ្ឋ​លើ​វិស័យនេះ​។ រដ្ឋាភិបាល​ជប៉ុន ក៏មាន​ផែនការ​ក្នុងការ​ទទួលយក​ពល​រដ្ឋ​ដែល​អ្នក​ថែទាំ​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួនទៀត​ដូចជា​ឥណ្ឌូណេស៊ី និង​កម្ពុជា​ផងដែរ ប្រសិនបើ​មានការ​ឯកភាព​ពី​ថ្នាក់​រដ្ឋាភិបាល​។​



​បើ​មិនមែន​ការប្រែប្រួល​ទៀត​នោះទេ រដ្ឋាភិបាល​ជប៉ុន នឹង​បើកទ្វារ​សម្រាប់​ទទួល​ព​លករ​ជនជាតិ​វៀតណាម​ចំនួន ១ ម៉ឺន​នាក់​ដើម្បី​បម្រើការ​ក្នុង​វិស័យ​ថែទាំ​របស់ខ្លួន​រហូតដល់​ឆ្នាំ​២០២០​។ នេះ គឺជា​ដំណោះស្រាយ​ទាន់ពេល​មួយ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះ​នៃ​កម្លាំង​ពលកម្ម​លើ​វិស័យ ការងារ​នេះ ខណៈដែល​អត្រា​នៃ​មនុស្ស​ចាស់​របស់​ប្រទេស​នៅតែ​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​នោះ​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន The Japan Times ក្នុង​គម្រោង​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ទទួល​ពលករ​វៀតណាម​ចំនួន ៣​ពាន់​នាក់​សិន​នៅក្នុង​ឆ្នាំនេះ ហើយ​គម្រោង​នេះ​ផងដែរ ក៏​ស្ថិតក្រោម​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការសិក្សា​ភាសា​ដើម្បី​ប្រើប្រាស់​ផងដែរ​។ សម្រាប់​គម្រោង​ដែល​នៅ​សេសសល់ នឹងត្រូវ​អនុវត្ត​រហូត​ដល់​ឆ្នាំ​២០២០​។​
 
​កិច្ចព្រមព្រៀង​ក្នុងការ​ទទួលយក​ពល​ករ​វៀតណាម​ឲ្យ​ទៅ​បម្រើការ​នៅក្នុង​ប្រទេស​ជប៉ុន​លើ​វិស័យ​ថែទាំ បានចាប់ផ្តើម​ពី​ខែវិច្ឆិកា​ឆ្នាំមុន​។ បន្ថែម​លើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ ជប៉ុន និង​វៀតណាម ក៏មាន​ផែនការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល និង​សុខមាលភាព​ក្នុង​គោលដៅ​ផ្តល់​ចំណេះដឹង និង​ជំនាញ​លើ​ការថែទាំ​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​
 
​អ្វីដែល​គួរ​សម្គាល់​ផងដែរ​នោះ នៅ​ថ្ងៃ​២៦ កក្កដា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏បាន​អះអាងថា លោក បានដាក់​ការណែនាំ​ឲ្យ​គណៈរដ្ឋមន្ត្រី​របស់លោក​រៀបចំ​ទទួល​ពលករ​បរទេស​បន្ថែម​ផងដែរ​។ លោក ក៏បាន​ដាក់​គោលដៅ​ពី​ពលករ​ដែល​មកពី​ប្រទេស​អាស៊ាន​ដូចជា​ឥណ្ឌូណេស៊ី កម្ពុជា និង​ឡាវ ផងដែរ​៕ 

Tag:
 ជប៉ុន​
  វៀតណាម​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com