អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោច​បីនាក់​ស្លាប់​រញ្ជួយ​ដី​កម្រិត​ ​៦,៤ រ៉ិចទ័រ​នៅ​កោះឡំបុក
29, Jul 2018 , 9:49 am        
រូបភាព
រូបភាព៖ Twitter
រូបភាព៖ Twitter
ដោយ: ថ្មីៗ
 យ៉ាងហោចណាស់​មនុស្ស​បីនាក់​ស្លាប់​ដោយសារ​រញ្ជួយ​ដី​កម្រិត ៦,៤ រ៉ិ​ច​ទ័​រ​នៅ​កោះ​ឡំ​បុក (Lombok) ឥណ្ឌូណេស៊ី​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​នេះ​។ មនុស្ស​ប្រហែល ២០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។​


​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រញ្ជួយ​នេះ​ក្នុង​កម្រិត ៦,៤ រ៉ិ​ច​ទ័​រ​នេះ​កើតឡើង​ក្នុង​ជម្រៅ ៧​គីឡូម៉ែត្រ ប៉ុន្តែ​មិនមាន​ការប្រកាស​ផ្តល់ដំណឹង​ពី​សញ្ញា​រលក​យក្ស​ស៊ូណាមិ​ឡើយ​។​
 
​ចំណែកខាង​អាជ្ញាធរ​ទទួលបន្ទុក​គ្រោះមហន្តរាយ​បាន​អះអាងថា អ្នកស្លាប់​មាន​ប្រហែល​បីនាក់ ហើយ​មាន​ពីរ​នាក់​បាន​ស្លាប់​នៅ​ភាគ​ខាងជើង​កោះ​។ 
 
«​មនុស្ស​ម្នាក់​ស្លាប់​នៅ​ភាគ​ខាងកើត​កោះ ហើយពីរ​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅ​ភាគ​ខាងជើង​កោះ​ឡំ​បុក​បន្ទាប់ពី​រញ្ជួយ​ដី​នេះ​»​។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារ​ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ​និយាយ​បែបនេះ​។ 
 
​យ៉ាងណាមិញ មិនមាន​របាយការណ៍​លម្អិត​ឡើយ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ជនរងគ្រោះ និង​ចំនួន​អ្នកស្លាប់​ពិតប្រាកដ​ឡើយ​។ ប៉ុន្តែ​គេ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ២០​នាក់​បាន​រងរបួស ហើយ​ផ្ទះមួយ​កន្លែង​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការរញ្ជួយ​ដី​នេះ​។ 
 
​ឡំ​បុក​ជា​កោះ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នេះ​ប្រទេស​ឥណ្ឌូណេស៊ី និង​ជាទី​កន្លែង​ទេសចរណ៍​ដ៏​ព​ញ​និយម​មួយ ហើយ​វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ពី​កោះ​បាលី​ប៉ុណ្ណោះ​៕
 

Tag:
 ឡំបុក
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com