អន្តរជាតិ
ស៊ីម​បា​វ៉េ​រៀបចំ​ការបោះឆ្នោត​ដោយ​គ្មាន​វត្តមាន​លោក មូ​ហ្កា​បេ ជា​លើកដំបូង​
29, Jul 2018 , 8:59 pm        
រូបភាព
លោក Nelson Chamis បេក្ខជនបក្សប្រឆាំង (ឆ្វេង) និងប្រធានាធិបតី Emmerson Mnangagwa (ស្ដាំ)
លោក Nelson Chamis បេក្ខជនបក្សប្រឆាំង (ឆ្វេង) និងប្រធានាធិបតី Emmerson Mnangagwa (ស្ដាំ)
​បក្សនយោបាយ​នៅ​ស៊ីម​បា​វ៉េ នៅ​ថ្ងៃទី​២៨ ខែកក្កដា បាន​បិទ​បញ្ចប់​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ដែល​រៀបចំឡើង​ដោយ​គ្មាន​វត្តមាន​លោក រ៉ូបឺត មូ​ហ្កា​បេ ជា​លើកដំបូង​។ ទាំង​បក្ស​កាន់អំណាច Zanu-PF របស់​ប្រធានាធិបតី Emmerson Mnangagwa ដែល​ឡើងកាន់​អំណាច​ជំនួស​លោក មូ​ហ្កា​បេ និង​បក្សប្រឆាំង​សុទ្ធតែ​រំពឹង​ឈ្នះ​ដូចគ្នា​។ បក្សនយោបាយ​ទាំងអស់​ក៏​អំពាវនាវ​ឲ្យ​ប្រជាជន​រក្សា​របៀបរៀបរយ​ដើម្បី​ការបោះឆ្នោត​មួយ​ដែលមាន​សន្តិភាព​។​



​រដ្ឋ​អាហ្វ្រិក​ស៊ីម​បា​វ៉េ នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​នៅ​ថ្ងៃទី​៣០ ខែកក្កដា ដែល​នេះ​ជាការ​បោះឆ្នោត​លើកទីមួយ​ដែល​គ្មាន​វត្តមាន​លោក រ៉ូបឺត មូ​ហ្កា​បេ ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​។ ប្រធានាធិបតី​បច្ចុប្បន្ន​នៃ​បក្ស​កាន់អំណាច Zanu-PF លោក Emmerson Mnangagwa និង​គូប្រជែង​សំខាន់​លោក Nelson Chamisa នៃ​បក្ស MDC Alliance បានបញ្ចប់​យុទ្ធនា​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​។​

​ទាំង​លោក Mnangagwa ទាំង​លោក Chamisa សុទ្ធតែ​អំពាវនាវ​ប្រជាជន​ស៊ីម​បា​វ៉េ​ដែលមាន​ឈ្មោះ​បោះឆ្នោត​ជាង​៥​លាន​៦​សែន​នាក់ ឲ្យ​បោះឆ្នោត​គាំទ្រ​បក្ស​រៀងៗ​ខ្លួន​។ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​ក៏​ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​រក្សា​សន្តិភាព​ដើម្បី​ធានាថា ការបោះឆ្នោត​នឹងធ្វើ​ឡើង​ដោយ​រលូន​។ រយៈពេល​ឃោសនា​កន្លងមក បក្ស​ធំ​ទាំងពីរ​សុទ្ធតែ​បង្ហាញ​នយោបាយ​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ ជាពិសេស​យុវជន និង​អ្នកបោះឆ្នោត​នៅ​ជនបទ​។​

​ក្នុងការ​ជួបជុំ​ថ្ងៃ​ចុងក្រោយ​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ លោក Mnangagwa បានបង្ហាញ​ក្ដី​រំពឹងថា បក្ស​របស់លោក​នឹង​ទទួលជោគជ័យ​ធំធេង​។ ប្រធានាធិបតី​ដែល​ស្នង​តំណែង​លោក មូ​ហ្កា​បេ ក្នុង​ព្រឹត្តិការណ៍​នយោបាយ​ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​សន្យា​បង្កើន​ទំហំ​សេដ្ឋកិច្ច និង​ការពារ​បេតិកភណ្ឌ​របស់​ប្រទេស​ពេល​ខ្លួន​ឈ្នះឆ្នោត​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Mnangagwa និយាយថា នៅ​ថ្ងៃទី​៣០ ខែកក្កដា យើង​នឹង​ឈ្នះ​។​

​ឯ​គូប្រជែង​សំខាន់​របស់លោក Mnangagwa គឺ​លោក Chamisa ក៏​រំពឹង​ឈ្នះ​ក្នុងការ​បោះឆ្នោត​ដែលមាន​អ្នកសង្កេតការណ៍​ជាង​៤០​ប្រទេស​រាប់ទាំង​សហភាព​អឺរ៉ុប និង​អាមេរិក​ផង​នោះ​។ លោក​បានដាក់​ក្ដី​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ចំនួន​៦៥​ភាគរយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ក្រោយ និង​ដើម្បី​បិទមាត់​ក្រុមប្រឆាំង​។ លោក​សន្យា​ដោះស្រាយ​តម្រូវការ​របស់​ប្រជាជន និង​បង្កើត​សង្គម​ដែល​គ្មាន​ការរើសអើង ការគោរព​សិទ្ធិ​កម្មករ និង​ការជំរុញ​សេដ្ឋកិច្ច​ផង​។​

​បន្ថែម​ពីលើ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អ្នកបោះឆ្នោត​ស៊ីម​បា​វ៉េ​ជាង​៥.៦​លាន​នាក់ នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ផង​។ បេក្ខជន​២៣​នាក់ នឹង​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ឯ​បក្ស​ចំនួន​៥៥ ចូលរួម​ប្រជែង​យក​អាសនៈ​សភា​។ នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​១៦​ឆ្នាំ ដែល​សហភាព​អឺរ៉ុប និង​អាមេរិក បាន​បញ្ជូន​អ្នកសង្កេតការណ៍​ត្រួតពិនិត្យ​ការបោះឆ្នោត​នៅ​ស៊ីម​បា​វ៉េ​៕
 

Tag:
 ស៊ីម​បា​វ៉េ​
  Emmerson Mnangagwa
  Nelson Chamisa
© រក្សាសិទ្ធិដោយ thmeythmey.com