អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ អ្នកស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅលើ​កោះ​ឡំ​បុក​កើន​លើស ១០​នាក់​
29, Jul 2018 , 7:33 pm        
រូបភាព
រូបភាព៖ Al Jazeera
រូបភាព៖ Al Jazeera
ដោយ: ថ្មីៗ
​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៦,៤ រ៉ិ​ច​ទ័​រ​នៅ​កោះ​ឡំ​បុក​ប្រទេស​ឥណ្ឌូណេស៊ី​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៩ កក្កដា​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់​។ នេះ​បើតាម​ការ​របាយការណ៍​បណ្តោះអាសន្ន​របស់​អាជ្ញា​ធរ​ឥណ្ឌូណេស៊ី​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ថា ក្រៅពី​អ្នកស្លាប់​និង​របួស មនុស្ស​ជាច្រើន​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​នោះ​ភ័យ​ស្លន់ស្លោរ​ដោយសារ​ករណី​រញ្ជួយ​ដី​កម្រិត​ខ្ពស់​នេះ​ផង​។ ភ្នំ Rinjani ដែលជា​កន្លែង​ពេញនិយម​សម្រាប់អ្នកទេសចរ​ដែល​ចូលចិត្ត​ឡើង​ភ្នំ​នោះ​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​ព្រោះ​មានការ​បាក់​ដី​ខ្លាំង​។​

​មន្ត្រី​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រៅពី​អ្នកស្លាប់​ច្រើនជាង​១០​នាក់ ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​ព្រោះ​រលក​រញ្ជួយ​ច្រើនជាង​មួយរយ​ដង និង​ចលនា​រញ្ជួយ​ខ្លាំង​បី​ដង​បន្តបន្ទាប់​ផង​។ 

«​រញ្ជួយ​ដី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ ហើយ ៤០​នាក់​ផ្សេងទៀត​បាន​របួស ហើយ​ផ្ទះ​មិន​ក្រោម ១០០​ខ្នង​ទៀតឡើយ​ដែល​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​។ យើង​វាយតម្លៃថា ចំនួន​នេះ​នឹងត្រូវ​កើនឡើង​ព្រោះថា​យើង​មិនទាន់​បញ្ចប់​ការប្រមូល​ទិន្នន័យ​នៅឡើយ​ទេ​»​។ អ្នកនាំពាក្យ​ទីភ្នាក់ងារ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​លោក​Sutopo Purwo Nugroho បាន​និយាយ​ដូច្នេះ​។​

​អ្នកស្លាប់ និង​អ្នករបួស​ភាគច្រើន​រង​ការប៉ះទង្គិច​ដោយសារ​បំណែក​អាគារ​ដែល​បាក់ ហើយ​ក្នុងចំណោម​នោះ មាន​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី​មាន​អាយុ ៣០​ឆ្នាំ​។​

​យ៉ាងណាក៏ដោយ ទោះបីជា​រលក​ជញ្ជួយ​មា​នក​ម្រិ​យ​ដល់ ៦,៤​រ៉ិ​ច​ទ័​រ ក្នុង​ជម្រៅ​ដល់​៧​គីឡូម៉ែត្រ​ក្តី គ្មាន​ឡើយ​ការចេញប្រកាស​អាសន្ន​ស្តីពី​រលក​យក្ស​ស៊ូណាមិ​។ ប្រជាជន​ដែល​ស្ថិតនៅក្នុង​តំបន់​កើតហេតុ​ត្រូវបាន​អាជ្ញាធរ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន និង​រក្សា​ការអត់ធ្មត់​សិន​។   

​ឡំ​បុក​ជា​កោះ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នេះ​ប្រទេស​ឥណ្ឌូណេស៊ី និង​ជាទី​កន្លែង​ទេសចរណ៍​ដ៏​ព​ញ​និយម​មួយ ហើយ​វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ពី​កោះ​បាលី​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាំងពី​យូរ​មកហើយ កោះ​នេះ​ក៏​ស្ថិតនៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​រញ្ជួយ​ដី ឬ​គ្រោះមហន្តរាយធម្មជាតិ​ជា​ញឹកញាប់​ដែរ​ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ធំ​ដូច​ពេលនេះ​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com