អន្តរជាតិ
លោក ត្រាំ ប្រាប់​រដ្ឋមន្ត្រី​យុត្តិធម៌​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត​រឿង​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​
02, Aug 2018 , 11:49 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបមួយនៅសេតវិមាន (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួបមួយនៅសេតវិមាន (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែសីហា បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​របស់លោក Jeff Sessions បញ្ចប់​ការស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦ ដោយ​លោក​ចាត់ទុក​វា​ជាការ​ព្យាយាម​តាម​ចាប់កំហុស​លោក​ប៉ុណ្ណោះ​។ សម្ដី​របស់លោក ត្រាំ ធ្វើ​អ្នកនយោបាយ​អាមេរិក​ខ្លះ​ចាត់ទុកជា​ការរារាំង​ដំណើ​រការ​យុត្តិធម៌ ដែល​អាច​ឈានដល់​ការបោះឆ្នោត​ទម្លាក់​លោក ត្រាំ បាន​។ ប៉ុន្តែ​មន្ត្រី​សេត​វិមាន​និយាយថា នេះ​ជា​មិនមែនជា​បញ្ជា​របស់លោក ត្រាំ ទេ​។​



​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ កំពុង​រំខាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាខ្លាំង​រហូត​ស្នើ​ឲ្យ​បញ្ចប់​ការ​ស៊ើប​ជាបន្ទាន់​។ ក្រុមមន្ត្រី​ជាច្រើន​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​របស់លោក ត្រាំ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស Robert Mueller ខណៈ​ជនជាតិ​រុស្ស៊ី​ជាច្រើន​នាក់​ទៀត ត្រូវបាន​ចោទប្រកាន់​រួចហើយ​។ នៅ​ថ្ងៃទី​១ ខែសីហា លោក ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ចាត់ទុក​ករណីនេះ​ជា​អំពើ​ថោកទាប​ផង​។​

​តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions បញ្ឈប់​ករណី​ឲ្យ​បាន​ឆាប់​។ ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា​៖ «​នេះ​គឺជា​ស្ថានភាព​អាក្រក់​បំផុត ហើយ​លោក Jeff Sessions គួរ​បញ្ចប់​ការ​តាម​ចាប់កំហុស​នេះ​ជាបន្ទាន់ មុនពេល​ករណីនេះ​ធ្វើ​ឲ្យ​អាមេរិក​ខូច​ឈ្មោះ​កាន់តែខ្លាំង​ថែមទៀត​។​» លោក​ក៏​ចោទ​លោក Mueller ថា កាន់ជើង​ក្រុម​ប្រជាធិបតេយ្យ​ផង​។


​ក្រោយ​ការប្រកាស​របស់លោក ត្រាំ តាម​បណ្ដាញ​សង្គម Twitter មន្ត្រី​សេត​វិមាន​ក៏​ប្រញាប់​ចេញមក​បកស្រាយ​អត្ថន័យ​ពិត ព្រោះ​សំណេរ​របស់លោក​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធំ​មិន​ខាន​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា លោក ត្រាំ គ្រាន់តែ​បង្ហាញ​យោបល់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែនជា​ការដាក់​ប​ញ្ជា​ក្នុងនាម​ជា​មេ​កើយ​របស់លោក Sessions ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា លោក ត្រាំ ពិតជា​បំណង​ឲ្យ​ការស៊ើបអង្កេត​បញ្ចប់​មែន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​យ៉ាងណាមិញ សំណេរ​របស់លោក ត្រាំ ខាងលើនេះ បង្កើតជា​ការសង្ស័យ​រួចទៅហើយ ទោះជា​មន្ត្រី​ថ្នាក់ក្រោម​របស់​ប្រឹង​បកស្រាយ​ក្ដី​។ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ Adam Schiff បាន​ចែករំលែក​សំណេរ​របស់លោក ត្រាំ ដោយ​ភ្ជាប់​នូវ​ឃ្លា​ថា ប្រធានាធិបតី​អាម​រិ​ក​រូបនេះ​បាន​ទើប​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​របស់ខ្លួន​បញ្ច​ប់​ការស៊ើបអង្កេត​ដែល​អាច​រាលដាល​ដល់​ខ្លួន​ផ្ទាល់ ក្រុមគ្រួសារ និង​យុទ្ធនាការ​ផង​។ លោក Schiff ចាត់ទុក​ទង្វើ​នេះ​ជាការ​បង្អាក់​ដំណើរការ​យុត្តិធម៌​។​

​តាមពិតទៅ ទាំង​លោក ត្រាំ ទាំង​រុស្ស៊ី សុទ្ធតែ​បាន​បដិសេធ​ការពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មួយ​នេះ ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត​ពិសេស និង​ក្រុម​ចារកម្ម​អាមេរិក​បាន​អះអាង​ស្រដៀង​គ្នា​ថា រុស្ស៊ី​ពិតជា​បាន​កកូរកកាយ​ការបោះឆ្នោត​អាមេរិក ដែល​នាំ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​មែន​។ លោក ត្រាំ ចាត់ទុក​សំណុំ​រឿងនេះ ជាការ​សងសឹក​របស់​ក្រុម​បក្ស​ប្រជាធិបតេយ្យ​ដែល​ចាញ់ឆ្នោត​លោក​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  Jeff Sessions
© រក្សាសិទ្ធិដោយ thmeythmey.com