ពីនេះ ពីនោះ
ត្រី​កំព្រា​ម​ស រស់នៅក្នុង​ទឹក​ភ្លាវ​ផង និង​ទឹកសាប​ផង​
04, Aug 2018 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មួយ​ប្រភេទ ដែល​រស់នៅក្នុង​ទឹក​ភ្លាវ​ផង «​ទឹកប្រៃ​លាយ​ទឹកសាប​» និង​ទឹកសាប ដែល​ស្រទាប់​បាត​ក្រោម​មាន​ខ្សាច់ និង​ភក់ល្បាប់ ចាប់ពី​ទន្លេ​មេ​ក្លង​ក្នុងប្រទេស​ថៃ ដល់​ទន្លេមេគង្គ «​ចាប់ពី​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ ខាងក្រោម​ល្បាក់ខោន ដល់​អាង​ទន្លេ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​» បូករួម​ទាំង​អាង​ទន្លេ​ចៅ​ប្រា​យ៉ា ទន្លេសាប និង​បឹង​ទន្លេសាប ទន្លេបាសាក់​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ វា​ស៊ី​ពពួកសត្វ​មាន​សម្បក​ដូចជា ក្តាម កំពឹស បង្គា ព្រោន​ជាដើម ជា​អាហារ​។​

 
​ត្រី​កំព្រា​ម​ស មានឈ្មោះ​វិទ្យាសាស្ត្រ (Polynemus aquilonaris) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Northern paradise fish​។ ត្រី​កំព្រា​ម​ស មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៥.៨ ស​.​ម​។ វា​ស៊ី​ពពួកសត្វ​មាន​សម្បក​ដូចជា ក្តាម កំពឹស បង្គា ព្រោន​ជាដើម ជា​អាហារ​។​
 
​ត្រី​កំព្រា​ម​ស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​រងគ្រោះ​តិចតួច ដែល​អាច​នឹង​ឈានដល់​ការ​ផុត​ពូជ​។ បញ្ហា​ប្រឈម​ចំពោះ​ត្រី​កំព្រា​ម​ស មានដូចជា ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។ 

 រូបភាព​៖ ថាច់ ផា​ណា​រ៉ា
​ដោយ​៖ ឈុត ឈា​ណា  / USAID Wonders of the Mekong
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com