អន្តរជាតិ
លោក ប្រា​យុទ្ធ ស្នើ​ប្រជាជន​ថៃ​កុំ​យក​តំណែង​ប្រធាន​អាស៊ាន​ឡូកឡំ​នយោបាយ​
06, Aug 2018 , 2:10 pm        
រូបភាព
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា នាកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។ (រូបភាព AFP)
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា នាកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។ (រូបភាព AFP)
​នៅ​ចុង​សប្ដាហ៍​មុន មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានស្នើ​ឲ្យ​ប្រជាជន​ថៃ​កុំ​យក​តំណែង​ប្រធាន​អាស៊ាន​ទៅ​ឡូកឡំ​នឹង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ជាតិ​បែកបាក់​។ លោក ប្រា​យុទ្ធ លើកឡើង​បែបនេះ បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅ​ឥណ្ឌូណេស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​ប្រឆាំង​ការផ្ទេរ​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៩ ទៅ​ឲ្យ​ថៃ​ដែល​កំពុង​ដឹកនាំ​ដោយ​របប​យោធា បើសិន​គ្មាន​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ទេនោះ​។​



​ថៃ នឹងត្រូវ​ធ្វើជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​២០១៩ បន្ត​ពី​សិង្ហ​បុរី​ដែល​កំពុង​កាន់កាប់​តំណែង​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៨ នេះ​។ នេះ​បើតាម​ការគិត​តាម​លំដាប់​អក្ខរក្រម​ជា​ភាសា​អង់គ្លេស​របស់​សមាជិក​អាស៊ាន (Singapore-Thailand) ដែល​បានកំណត់​ក្នុង​ធម្មនុញ្ញ​អាស៊ាន​។ យ៉ាងណាមិញ តំណែង​ប្រធាន​អាស៊ាន​នេះ ទំនង​ធ្វើ​ឲ្យ​របប​សឹក​ថៃ​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជួប​បញ្ហា​ខ្លះ​ព្រោះតែ​ការពន្យារពេល​បោះឆ្នោត និង​ដំណើរការ​ប្រជាធិបតេយ្យ​។​

​នៅ​ឥណ្ឌូណេស៊ី សារព័ត៌មាន Jakarta Post បានចេញ​ផ្សាយ​បទ​អត្ថាធិប្បាយ​មួយ​ដែល​ជំទាស់​ការ​កាន់តំណែង​ប្រធាន​អាស៊ាន​របស់​ថៃ បើ​របប​យោធា​មិន​រៀបចំ​ការបោះឆ្នោត​ទេនោះ​។ ក្នុង​បទ​អត្ថាធិប្បាយ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ត្រូវបាន​ស្នើ​ឲ្យ​ប្រើប្រាស់​យន្តការ​ស្ងាត់ស្ងៀម​របស់​អាស៊ាន​ដើម្បី​ជជែក​ពី​តួនាទី​របស់​ថៃ​។ ថៃ​មាន​សិទ្ធិ​កាន់តំណែង​ប្រធាន​អាស៊ាន ប៉ុន្តែ​មិនមែន​ក្រោម​ការដឹកនាំ​របស់​ក្រុម​យោធា​ដែល​ដណ្ដើម​អំណាច​ពី​ប្រជាជន​ឡើយ​។​

​ប្រា​យុទ្ធ ប្រាប់​ប្រជាជន​៖ តំណែង​ប្រធាន​អាស៊ាន​ជា​របស់​រួម​

​មិនទាន់​ដល់ពេល​កាន់តំណែង​ប្រធាន​អាស៊ាន​ផង រដ្ឋាភិបាលយោធា​ថៃ បាន​ជួប​ការរិះគន់​ទៅហើយ ព្រោះ​ខ្លួន​កាន់អំណាច​តាមរយៈ​រដ្ឋប្រហារ​។ យ៉ាងណាក្ដី លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​ឲ្យ​ប្រជាជន​ថៃ កុំ​យក​កៅអី​ប្រធាន​អាស៊ាន​នេះ​បង្ក​ទៅជា​បញ្ហា​ដែល​នាំ​ឲ្យ​ប្រទេស​បែកបាក់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Sansern Kaewkamnerd ដែល​បាន​ស្រង់​សម្ដី​របស់លោក ប្រា​យុទ្ធ ។

​បើតាម​កាសែត The Nation ក្នុងន័យ​ឆ្លើយ​ទៅកាន់​សារព័ត៌មាន​ឥណ្ឌូណេស៊ី អ្នកនាំពាក្យ​ខាងលើ​បានលើកឡើង​សម្ដី​លោក ប្រា​យុទ្ធ ទៀតថា តំណែង​ប្រធាន​អាស៊ាន​នេះ​ជា​របស់​ប្រជាជន​ថៃ​ទាំងមូល មិនមែនជា​កម្មសិទ្ធិ​បុគ្គល​ណាមួយ​ឡើយ​។ មួយវិញទៀត គេ​ក៏​មិនទាន់​ដឹងថា នរណា​ជា​នាយករដ្ឋមន្ត្រី​ពេល​ថៃ​កាន់តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៩ នោះដែរ​។ ហេតុនេះហើយ មេដឹកនាំ​យោធា​ដែល​ដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ស្នើ​ឲ្យ​ប្រជាជន​កុំ​ប្រើ​បញ្ហា​នេះ​បង្កើត​ការបែកបាក់​ក្នុងសង្គម​។​

​តាម​ទម្លាប់ ការប្ដូរ​វេន​ប្រធាន​អាស៊ាន​នឹងធ្វើ​ឡើង​នៅ​ខែ​វិ​ច្ឋិ​កា​ខាងមុខ​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នឹង​ប្រគល់​ញញួរ​ប្រធាន​ទៅ​ឲ្យ​លោក ប្រា​យុទ្ធ ដែលជា​ប្រមុខ​រដ្ឋាភិបាល​ថៃ​សព្វថ្ងៃ ដើម្បី​ធ្វើជា​ប្រធាន​អាស៊ាន​។ នេះ​មានន័យថា លោក ប្រា​យុទ្ធ នឹង​កាន់តំណែង​នេះ​រហូត​ដល់ពេល​មាន​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ប្រមុខ​រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​អង្គុយ​កៅអី​ប្រធាន​អាស៊ាន​តែម្ដង​៕


Tag:
 អាស៊ាន​
  ថៃ​
  ឥណ្ឌូណេស៊ី​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com