អន្តរជាតិ
លោក Bolton ថា អាមេរិក​មិន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ​
06, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​មិន​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី Nicolas Maduro នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះទេ​។



​លោក Bolton បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន Fox News ថា «​ខ្ញុំ​អាចនិយាយបាន​ដោយ​មិន​ស្ទាក់ស្ទើរ​ថា រដ្ឋាភិបាល​អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហេតុការណ៍​នេះ​ទាល់តែសោះ​»​។​

​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ការវាយប្រហារ​បានកើត​ឡើង លោក Maduro បាន​និយាយថា «​គ្រប់យ៉ាង​ចង្អុល​ទៅកាន់​ផែនការ​របស់​អ្នក​និយម​ស្តាំ ដែល​កើតចេញពី​ប្រទេស​កូ​ឡុំ​ប៊ី ដែលជា​ប្រទេសជិតខាង​នោះ​»​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា ការស៊ើបអង្កេត​បឋម «​បង្ហាញថា​អ្នក​ដែល​ឧបត្ថម្ភ​ផ្នែក​ថវិកា​មួយចំនួន​ដល់​ផែនការ​នោះ​គឺ​នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​។ ខ្ញុំ​សង្ឃឹមថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រៀម​រួចរាល់​ជាស្រេច​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម​ទាំងនេះ​»​។​

​លោក Maduro ដែល​មិន​រងរបួស​អ្វី​ពី​ហេតុការណ៍​វាយប្រហារ​នោះ បាន​អះអាងថា ការវាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន​បំពាក់​ដោយ​គ្រឿងផ្ទុះ​នោះ «​គឺជា​អ្វីដែល​ចក្រពត្តិនិយម​អាមេរិក​ចង់​ធ្វើ ចង់ឃើញ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ស្ថិតក្នុង​ជម្លោះ​និង​សង្គ្រាមស៊ីវិល​»​។​

​ដោយ​ថ្លែង​លើកឡើង​ពី​ការវាយប្រហារ​ម្តងទៀត លោក Maduro បាន​និយាយថា «​នេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ខ្ញុំ​។ ថ្ងៃនេះ ពួកគេ​ប៉ុនប៉ង​សម្លាប់​ខ្ញុំ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com