អន្តរជាតិ
ម៉ាឡេស៊ី​៖ លោក អាន់​វ៉ា ជាប់ឆ្នោត​ជា​ប្រធាន​បក្ស មុន​ឈោង​ចាប់​កៅអី​នាយករដ្ឋមន្ត្រី​
06, Aug 2018 , 9:39 pm        
រូបភាព
អ្នកនយោបាយម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្រ្តី មហាធៀ មហាម៉ាត់ ។ (រូបភាព AFP)
អ្នកនយោបាយម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្រ្តី មហាធៀ មហាម៉ាត់ ។ (រូបភាព AFP)
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​៥ ខែសីហា បាន​ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​យុត្តិធម៌​ប្រជាជន (Parti Keadilan Rakyat) ដែលជា​បក្ស​ធំជាងគេ​នៃ​សម្ព័ន្ធភាព​កាន់អំណាច Patakan Harapan ។ ទោះ​លោក​ជា​អ្នកបង្កើត​បក្ស PKR ក្ដី លោក អាន់​វ៉ា មិន​ដែលមាន​តួនាទី​អ្វី​ក្នុង​ជួរ​បក្ស​ឡើយ ដ្បិត​ត្រូវ​ជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំ​។ ការជាប់ឆ្នោត​ជា​មេបក្ស​លើក​នេះ ក៏​ជាការ​បើកផ្លូវ​ទៅកាន់​ការ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​របស់​ម៉ាឡេស៊ី​ផង​។​



​អ្នកនយោបាយ​ល្បីឈ្មោះ អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​ក្លាយជា​ប្រធាន​បក្ស​យុត្តិធម៌​ប្រជាជន​នៃ (PKR) នៃ​សម្ព័ន្ធភាព Pakatan Harapan ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែសីហា លោក អាន់​វ៉ា ជា​បេក្ខភាព​តែ​ម្នាក់​គត់​សម្រាប់​តំណែង​ប្រធាន​បក្ស​ដែល​លោក​បង្កើត​ដោយផ្ទាល់ ទោះជា​នៅមុន​ការបោះឆ្នោត មាន​ដំណឹង​ថា អនុប្រធាន​បក្ស​សព្វថ្ងៃ លោក Mohamed Azmin Ali ចង់​ប្រជែង​យក​តំណែង​នេះ​ក្ដី​។

​ការ​ក្លាយ​ប្រធាន​ជា​បក្ស PKR គឺជា​ការបោះ​ជំហាន​ទៅមុខ​ដ៏​សំខាន់​របស់លោក អាន់​វ៉ា ក្នុង​ដំណើរ​ទៅកាន់​តំណែង​នាយករដ្ឋមន្ត្រី​ដែល​កំពុង​កាន់កាប់​ដោយ​អតីត​មេ​កើយ និង​គូប្រជែង​នយោបាយ គឺ​លោក មហា​ធៀ មហាម៉ាត់ ។ ក្នុង​កម្មវិធី​នយោបាយ​របស់​សម្ព័ន្ធភាព PH លោក អាន់​វ៉ា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​លោក​រំពឹងថា នឹង​ស្នង​តំណែង​ពី​លោក មហា​ធៀ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ ជាប់​ជា​មេដឹកនាំ​បក្ស​មាន​សំឡេង​ភាគច្រើន ក៏​លុបចោល​ការសង្ស័យថា លោក​ត្រូវ​ផាត់​ចេញពី​ឆាកនយោបាយ​ដែរ​។​

​ដំណើរ​ទៅកាន់​កៅអី​នាយករដ្ឋមន្ត្រី​របស់លោក អាន់​វ៉ា ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​។ លោក​ត្រូវ​ចូលរួម​ក្នុង​បោះឆ្នោត​បំពេញបន្ថែម​ដើម្បី​ក្លាយជា​សមាជិកសភា​សិន ទើប​មាន​សិទ្ធិ​ធ្វើជា​នាយករដ្ឋមន្ត្រី​។ អ្វី​ដែលជា​បញ្ហា​នោះ តើ​សមាជិកសភា​ណាមួយ​ត្រូវ​បោះបង់​កៅអី​របស់ខ្លួន​សម្រាប់​លោក អាន់​វ៉ា​។ ជម្រើស​ដែល​ទំនង​ជាងគេ គឺ​កៅអី​សភា​របស់​លោកស្រី Wan Azizah Wan Ismail ដែលជា​ភរិយា​របស់លោក​ផ្ទាល់​។

​បើ​លោកស្រី Wan Azizah បោះបង់​អាសនៈ​សភា​ដើម្បី​ប្ដី​មែន​នោះ លោក មហា​ធៀ ត្រូវ​រុះរើ​គណៈរដ្ឋមន្ត្រី ព្រោះ​លោកស្រី​ក៏​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​ផង​។ ក្នុងករណីនេះ លោក មហា​ធៀ អាច​តែងតាំង​លោក អាន់​វ៉ា ជា​ឧបនាយករដ្ឋមន្ត្រី​ផង​ក៏​ថា​បាន ដើម្បី​ត្រៀម​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ផង​។ ស្ថានភាព​នេះ​នឹង​ដូចគ្នា​ទៅនឹង​សមាសភាព​រដ្ឋាភិបាល​ច​ន្លោះ​ឆ្នាំ​១៩៩៣-១៩៩៨ ដែល​លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី ឯ​លោក អាន់​វ៉ា ជា​ឧបនាយករដ្ឋមន្ត្រី​។​

​គួររំឭកថា លោក មហា​ធៀ ដែលមាន​វ័យ​៩៣​ឆ្នាំ​ទៅហើយ បាន​សន្យា​ប្រគល់​តំណែង​ឲ្យ​លោក អាន់​វ៉ា បន្ទាប់ពី​លោក​ដឹកនាំ​រដ្ឋាភិបាល​ពីរ​បី​ឆ្នាំ​សិន​។ នេះ​ក៏​ព្រោះតែ​ពេល​ឈ្នះឆ្នោត​ភ្លាម លោក អាន់​វ៉ា មិនទាន់​ទទួលបាន​ការលើកលែង​ទោស​ពី​មហាក្សត្រ​នៅឡើយ ហើយ​លោក​ក៏​ប្រកាស​សុំ​ពេល​សម្រាក​សិន​ទៅទៀត​។ ការវិលត្រឡប់​ចូល​ឆាកនយោបាយ​វិញ​នោះ អាចជា​សញ្ញា​ដែល​លោក អាន់​វ៉ា ត្រៀមខ្លួន​រួចរាល់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី​៨ ៕


Tag:
 ម៉ាឡេស៊ី​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  មហា​ធៀ មហាម៉ាត់​
© រក្សាសិទ្ធិដោយ thmeythmey.com