អន្តរជាតិ
ជប៉ុន រំឭក​ខួប​ទី​៧៣​ឆ្នាំ​ដែល​អាមេរិក​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​លើ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​
06, Aug 2018 , 10:19 pm        
រូបភាព
លោក ស៊ីនហ្សូ អាបេ ក្នុងពិធីរំឭកខួបនៅហ៊ីរ៉ូស៊ីម៉ា។ (រូបភាព AFP)
លោក ស៊ីនហ្សូ អាបេ ក្នុងពិធីរំឭកខួបនៅហ៊ីរ៉ូស៊ីម៉ា។ (រូបភាព AFP)
​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ ជា​ខួប​ទី​៧៣​ឆ្នាំ​នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដោយ​ទាហាន​អាមេរិក ដែល​សម្លាប់​ជាង​១៤​ម៉ឺន​នាក់​។ ពីរ​ថ្ងៃ​បន្ទាប់ អាមេរិក​ក៏​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​គ្រាប់​ទៀត​នៅ​ណាហ្គា​សា​គី ដែល​ធ្វើ​ឲ្យ​ជប៉ុន​ចុះចាញ់​សង្គ្រាមលោកលើកទីពីរ​តែម្ដង​។ នៅ​ចំ​ថ្ងៃ​ខួប​ទី​៧០​នេះ អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​បាន​ព្រមាន​ពី​គ្រោះថ្នាក់​សម្រាប់​សន្តិភាព​ដែល​កើតចេញពី​ចរន្ត​ជាតិនិយម​ជ្រុល​។​



​សំឡេង​ជួង​បាន​បន្លឺឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា នៅ​ឧទ្យាន​អនុស្សាវរីយ៍​ក្នុង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ជាទី​ដែល​ទាហាន​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​អា​តូ​មិ​ក​កាលពី​៧៣​ឆ្នាំមុន​។ ក្នុងការ​ទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​ដំបូង​គេ ជនជាតិ​ជប៉ុន​ប្រមាណ​១​សែន​៤​ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​អានុភាព​នៃ​អាវុធ​នេះ និង​ឥទ្ធិពល​នៃ​វិទ្យុសកម្ម​ដែល​ផ្ទុះ​ចេញពី​គ្រាប់បែក​។ 

​អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា Kazumi Matsui បាន​អំពាវនាវ​ឲ្យ​មាន​ពិភពលោក​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ចលនា​ជាតិនិយម​ដែល​គំរាមកំហែង​សន្តិភាព​របស់​ពិភពលោក​ផង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Matsui និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ប្រទេស​ខ្លះ​បាន​បញ្ចេញ​អាកប្បកិរិយា​ជាតិនិយម និង​ធ្វើ​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅទៀត ដែល​នេះ​ជាការ​បង្កាត់ភ្លើង​ភាព​តានតឹង​ដែល​រលត់​ពេល​សង្គ្រាមត្រជាក់​ចប់​ទៅ​។​

​ទោះជា​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​ក្ដី ការស្នើ​ឲ្យ​មានការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ ហាក់​សំដៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចង់​បង្កើន​ចំនួន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់​អាមេរិក​។ ត្រង់ចំណុច​នេះ​អភិបាលក្រុង​ដែល​រងគ្រោះ​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ដំបូង​គេ​បញ្ជាក់ថា ប្រសិន​មនុស្ស​ភ្លេច ឬ​ឈប់​ប្រឈមមុខ​ប្រវត្តិសាស្ត្រ​នោះ កំហុស​នឹង​កើតឡើង​ម្ដងទៀត​។ ដូចនេះ​បានជា​គេ​ត្រូវ​បន្ត​និយាយ​ពី​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។​

​ទោះជា​ជាប់​ឈ្មោះ​ជា​ប្រទេស​តែមួយគត់​ដែល​រង​ការទម្លាក់​នុយក្លេអ៊ែរ​ក្ដី ជប៉ុន​មិនមែនជា​សមាជិក​នៃ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ឡើយ ដោយ​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ លើកឡើងថា ជប៉ុន​ដើរតួ​ជា​ស្ពាន​រវាង​រដ្ឋ​នុយក្លេអ៊ែរ និង​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​។ ដោយ​មិន​និយាយ​ចំ​សន្ធិសញ្ញា​ហាមឃាត់​នេះ​លោក អា​បេ អះអាងថា នៅ​ឆ្នាំ​ថ្មីៗ​នេះ ចន្លោះ​បានកើត​ឡើង​រវាង​ប្រទេស​នានា​ជុំវិញ​មធ្យោបាយ​កាត់បន្ថយ​នុយក្លេអ៊ែរ​។​

​អ្វី​គួរ​ចាប់អារម្មណ៍​នោះ មហាអំណាច​ដែល​ទទួលស្គាល់ថា​មាន​នុយក្លេអ៊ែរ​ដូចជា ចិន អាមេរិក រុស្ស៊ី បារាំង និង​ចក្រភព​អង់គ្លេស ក៏​មិនជា​សមាជិក​នៃ​សន្ធិសញ្ញា​ដែល​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ​២០១៧ ។ រុស្ស៊ី​ត្រូវបាន​រាយការណ៍​ថា មាន​ក្បាល​នុយក្លេអ៊ែរ​ច្រើនជាងគេ ខណៈ​អាមេរិក​នៅ​លំដាប់​ទី​ពីរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោម​អាណត្តិ​លោក ត្រាំ អាមេរិក​កំពុង​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​រក្សា​តួនាទី​មហាអំណាច​របស់ខ្លួន​៕


Tag:
 ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com