អន្តរជាតិ
ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន បង្ហាញ​សក់ស្កូវ​របស់ខ្លួន​ជា​លើកដំបូង​
07, Aug 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រូបភាព​ដែល​ផ្សាយ​នៅលើ​ទូរទស្សន៍​រដ្ឋ និង​កាសែត​រដ្ឋ Netralniy Turkmenistan បង្ហាញ​ឲ្យ​ឃើញ​សរសៃសក់​ស្កូវ​របស់​ប្រធានាធិបតី​ខ្លួន នា​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ប្រទេស​កា​ស្ថា​ក់​ស្ថាន​។​



​លោក Gurbanguly Berdimuhamedow អាយុ​៦១​ឆ្នាំ គឺជា​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​។ នា​រយៈពេល​ប្រមា ណ ១២​ឆ្នាំកន្លងមក លោក​ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន​តួ​កមេ​នី​ស្ថាន រូបនេះ មិនដែល​បង្ហាញ​សក់ស្កូវ​របស់ខ្លួន​ជា​សាធារណៈ​នោះឡើយ ដោយ​លោក​តែងតែ​លាបថ្នាំ​ខ្មៅ​ជាប់​ជានិច្ច​។​

​មិន​ខុសពី​លោក Saparmurat Niyazov ដែលជា​ប្រធានាធិបតី​ទីមួយ​នោះឡើយ លោក Berdimuhamedow បាន​បង្កើត​ឲ្យ​មាន​ក្បួនច្បាប់​ប្លែកៗ​សម្រាប់​ប្រទេស និង​ការ​គោរពបូជា​ផ្ទាល់ខ្លួន​។ លោក Niyazov បាន​ដឹកនាំ​តួ​កមេ​នី​ស្ថាន​ចាប់ពី​ឆ្នាំ​១៩៨៥ ហើយ​បានទទួល​មរណភាព​នៅ​ឆ្នាំ​២០០៦ ដោយសារ​គាំងបេះដូង​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក Niyazov និយម​ទុក​សក់​ពណ៌​ស ដែលមាន​ទម្រង់​ដូចជា​សក់​ប្រធានាធិបតី​ទីមួយ​រុស្ស៊ី លោក Boris Eltsine​។ នៅ​ឆ្នាំ​១៩៩៩ គេ​ឃើញ​លោក​លាប​សក់​ពណ៌​រាង​ក្រហម​ត្នោត​ភ្លឺ​ជា​លើកដំបូង ក្រោយ​ទទួលបាន​ការណែនាំ​ពី​វេជ្ជបណ្ឌិត​ចិន​ម្នាក់​។ ពេលនោះ រដ្ឋមន្ត្រី និង​រដ្ឋទូត​ជាច្រើន​នាក់ បាននាំគ្នា​ធ្វើ​ម៉ូត​សក់​ដូច​លោក Niyazov​។ ក្រោយមកទៀត លោក Niyazov បានសម្រេច​លាប​សក់ព​ណ៌​ខ្មៅ​វិញ​។​

​លោក Berdimuhamedow អតីត​អនុ​ប្រធានាធិបតី​ដែល​បាន​ឡើង​បន្ត​ដំណែង​ពី​លោក Niyazov បាន​លាប​សក់​ពណ៌​ខ្មៅ​ជាប្រចាំ ហើយ​គេ​មិនដែល​ឃើញ​សក់ស្កូវ​របស់គាត់​ជា​សាធារណៈ​នោះឡើយ​។ នេះ​ជា​លើកដំបូង​បំផុត​ដែល​ទូរទស្សន៍ និង​កាសែត​រដ្ឋ​តួ​កមេ​នី​ស្ថាន ថត​បង្ហាញ​ឲ្យ​ឃើញ​សក់ស្កូវ​របស់​មេដឹកនាំ​ខ្លួន​។​

​លោក Bermimuhamedow ចូលចិត្ត​បង្ហាញ​នូវ​អ្វី​ដែលជា​ភាព​អស្ចារ្យ​របស់ខ្លួន ដូចជា​សមត្ថភាព​ច្រៀង​បទ Pop ធ្វើ DJ និង​ឈ្នះ​ការប្រណាំង​រថយន្ត​ដែល​លោក​បានរៀបចំ​ជាដើម​។ លោក​ក៏បាន​បង្កើត​ឃ្លី​ប​វីដេអូ​ដែល​លោក​ដើរតួ​ជា​វីរបុរស​ផងដែរ​។

​បន្ថែម​ពីលើ​នេះ លោក​បាន​ហាមប្រាម​ការប្រើប្រាស់​រថ​យន្ត​ពណ៌​ខ្មៅ​ក្នុង​កម្មវិធី​រដ្ឋាភិបាល រួមទាំង​ការហាមឃាត់​វីដេអូ​ហ្គេម ការ​ស្តាប់​វិទ្យុ​ក្នុង​រថយន្ត និង​ការហាម​បុរស​ទុក​សក់វែង​ជាដើម​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Berminuhamedow បាន​លុប​នូវ​ការសម្រេច​មួយចំនួនរ​បស់​ប្រធានាធិបតី​ទីមួយ​របស់ខ្លួន ដែល​បានដាក់​ខែមករា​ជា​ឈ្មោះ « Niyazov» និង​ខែមេសា ជំនួស​ដោយ​ឈ្មោះ​ម្តាយ​លោក «Niyazov» ជាដើម​៕


Tag:
 តួ​កមេ​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com