អន្តរជាតិ
ប្រធានាធិបតី កេ​ន​យ៉ា លោក Kenyatta នឹងធ្វើ​ទស្សនកិច្ច​មកកាន់​សេត​វិមាន​
07, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​សេត​វិមាន​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta នឹងធ្វើ​ទស្សនកិច្ច​មក​សេត​វិមាន​នៅ​ថ្ងៃទី ២៧ ខែសីហា​ខាងមុខនេះ​។​



​លោក Kenyatta នឹង​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ពិភាក្សា​ទៅលើ​មធ្យោបាយ​បង្កើន​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ ខណៈ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​សេត​វិមាន​។​

​កាលពី​ខែមិថុនា គណៈប្រតិភូ​អាមេរិក​មួយក្រុម​ដែល​រួមទាំង​លោក Gilbert Kaplan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ផង​នោះ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស កេ​ន​យ៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភាពាណិជ្ជកម្ម​អាមេរិក​។ លោក Kenyatta ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ​។

​លោក Kaplan បាន​ថ្លែងប្រាប់ VOA ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​អាមេរិក ហើយ​ថា អាមេរិក​កំពុងផ្តល់​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​សេដ្ឋកិច្ច​កេ​ន​យ៉ា​។​

​ទាំង​លោក ត្រាំ និង​លោក Kenyatta បាន​រង​ការរិះគន់​ចំពោះ​ការជួល​ក្រុមហ៊ុន Cambridge Analytica ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិន្នន័យ​របស់​បុគ្គល នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​។ ក្រុមហ៊ុន Cambridge Analytica ដែល​ត្រូវ​បិទទ្វារ​កាលពី​ខែ ឧសភា ត្រូវបាន​គេ​រាយការណ៍​ថា អាច​ចូល​ទៅយក​ទិន្នន័យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កជាង​៥០​លាន​នាក់ ដោយ​ប្រើប្រាស់​ទិន្នន័យ​ទាំងនោះ​ដើម្បី​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com