ជាតិ
អគ្គរដ្ឋទូតសិង្ហបុរី៖ ធុរជនសិង្ហបុរីមកកម្ពុជាកើនឡើង ព្រោះទុកចិត្តលើសក្ដានុពលនិងស្ថិរភាពកម្ពុជា
× នៅចំខួបទី៥៣ នៃទិវាឯករាជ្យសិង្ហបុរី អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា Michael Tan បានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងរវាងសិង្ហបុរី និងកម្ពុជាដែលមានអាយុ៥៣ឆ្នាំដូចគ្នា។ ទំនាក់ទំនងល្អនេះមានតាំងពីផ្នែកនយោបាយ សេដ្ឋកិច្ច រហូតដល់សង្គមផង។ សម្រាប់វិស័យសេដ្ឋកិច្ច សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ហើយពាណិជ្ជករសិង្ហបុរីជាច្រើនបានមកស្វែងរកឱកាសរកស៊ីនៅកម្ពុជាដែរ។
កម្ពុជា គឺជាមិត្តយូរអង្វែង និងជាប្រទេសមួយដែលទទួលស្គាល់ឯករាជ្យសិង្ហបុរីមុនគេនៅឆ្នាំ១៩៦៥ ។ នេះជាការលើកឡើងរបស់លោក Michael Tan អគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលបន្តថា រយៈពេល៥៣ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីពោរពេញដោយការផ្លាស់ប្ដូរផ្នែកនយោបាយ ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរផ្នែកសង្គមរវាងប្រជាជន និងប្រជាជន។
អគ្គរដ្ឋទូតសិង្ហបុរីរូបនេះលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងសិង្ហបុរី និងកម្ពុជា គឺមាំមួន និងកើនឡើង ហើយសិង្ហបុរី គឺប្រទេសមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំទាំង៥របស់កម្ពុជា ដោយក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មសរុបមានដល់ទៅបីពាន់លានដុល្លារ។ ជាមួយនឹងវត្តមានក្រុមហ៊ុនសិង្ហបុរីកាន់តែច្រើននៅកម្ពុជា លោក Tan បញ្ជាក់ថា សិង្ហបុរីក្លាយជាប្រភពវិនិយោគបរទេសធំជាងគេទីពីររបស់កម្ពុជាដោយមានទ្រព្យវិនិយោគចំនួនជាង២៥០លានដុល្លារក្នុងឆ្នាំ២០១៧ ហើយបើគិតដល់ចុងឆ្នាំដដែល ទ្រព្យវិនិយោគរបស់សិង្ហបុរីមានសរុប១.២ពាន់លានដុល្លារ។
«យើងបន្តឃើញការកើនឡើងចំនួនពាណិជ្ជករ និងប្រតិភូសិង្ហបុរីមកកាន់កម្ពុជាដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ និងការរកផលចំណេញជាមួយដៃគូក្នុងស្រុក។» នេះជាសម្ដីរបស់លោកអគ្គរដ្ឋទូតសិង្ហបុរីដែលបន្ថែមថា ការកើនឡើងនេះ ជាសក្ខីភាពដ៏រឹងមាំបង្ហាញពីការបន្តការទុកចិត្តរបស់ពាណិជ្ជករសិង្ហបុរីលើសក្ដានុពលសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា ក៏ដូចជាស្ថិរភាព និងសន្តិភាពក្នុងព្រះរាជាណាចក្រនេះដែរ។
មិនត្រឹមតែវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើយ តំណាងសិង្ហបុរីដដែលក៏មើលឃើញពីភាពល្អប្រសើរក្នុងផ្នែកសង្គម តាមរយៈការដំណើរទស្សនកិច្ចរបស់អង្គការ សិស្សនិស្សិតស្ម័គ្រចិត្ត និងគ្រូពេទ្យសិង្ហបុរី ចូលរួមក្នុងការកិច្ចការសង្គមជាមួយកម្ពុជាដែរ។ ជាមួយគ្នានេះ សិង្ហបុរី បានធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាលើកម្មវិធីអភិវឌ្ឍសមត្ថភាព និងការចែករំលែកបទពិសោធន៍លើវិស័យនានាដូចជារដ្ឋបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងគ្រោះមហន្តរាយ និងភាសាអង់គ្លេសជាដើម។
ទន្ទឹមនឹងការផ្ដល់បទពិសោធន៍ឲ្យកម្ពុជា លោក Tan អះអាងថា សិង្ហបុរីក៏នឹងរៀនសូត្រពីបទពិសោធន៍ល្អៗរបស់កម្ពុជាវិញដែរ៕
Tag:
សិង្ហបុរី
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com