កីឡាជាតិ
ជាតិ
លីគ៖ស្វាយរៀងសងសឹកអាស៊ីអឺរ៉ុប ក្រោយថាយហ្គឺរស្វាគមន៍ប៉ូលិស ឯណាហ្គាប៉ះវេសើ្ទន
× ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០១៨ បានឈានដល់ការប្រកួតសប្តាហ៍ទី១៧ ដោយនៅថ្ងៃសៅរ៍ ទី១១ ខែសីហានេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅ៣ទីលានផ្សេងៗគ្នា។ ក្នុងនោះព្រះខ័នរាជស្វាយរៀង សងសឹកអាស៊ីអឺរ៉ុប ក្រោយអង្គរថាយហ្គឺរស្វាគមន៍អគ្គស្នងការនគរបាលជាតិ(ប៉ូលិស) និងណាហ្គាវើលប៉ះវេស្ទើនភ្នំពេញ។
ព្រះខ័នរាជស្វាយរៀង នឹងប៉ះអាស៊ីអឺរ៉ុប ម៉ោង៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង។ នេះជាជំនួបសងសឹងសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពួកគេចាញ់អាស៊ីអឺរ៉ុប២-១ ក្នុងជើងទី១ នៅទឹកដីអាស៊ីអឺរ៉ុប។ ដូច្នេះព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះក្នុងជំនួបល្ងាចនេះ ដើម្បីសងសឹកផង និងប្រជែងឈរលេខរៀងទី៥ផង។ ស្វាយរៀងស្ថិតនៅលេខ៧ ក្នុងតារាងមាន២១ពិន្ទុក្នុងដៃ។ សម្រាប់៣ប្រកួតកន្លងមក ក្រុមនេះ ឈ្នះ១ ស្មើ១ និងចាញ់១។ កាលពីសប្តាហ៍មុន ក្រុមនេះចាញភ្នំពេញក្រោន ក្នុងលទ្ធផល២-១។
ចំណែកអាស៊ីអឺរ៉ុប ទទួលលទ្ធផលមិនសូវល្អទេ សម្រាប់៥ប្រកួតចុងក្រោយ ដោយចាញ់ទាំង៥ប្រកួត។ កាលពីសប្តាហ៍មុន ក្រុមនេះចាញ់ណាហ្គាវើល ក្នុងលទ្ធផល ៦-១។ អាស៊ីអឺរ៉ុបស្ថិតនៅលេខ៨ ក្នុងតារាងមាន១៨ពិន្ទុក្នុងដៃ។
ដោយឡែក អង្គរថាយហ្គឺរ ជួបអគ្គស្នងការនគរបាលជាតិ ម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានខេត្តសៀមរាប។ នេះក៏ជាជំនួបសងសឹងដែរសម្រាប់ក្រុមអង្គរថាយហ្គឺរ បន្ទាប់ពីចាញ់អគ្គស្នងការនគរបាលជាតិ ២-១ ក្នុងជើងទី១។ ក្រៅពីដើម្បីសងសឹក អង្គរថាយហ្គឺរ ក៏ត្រូវការឈ្នះ ដើម្បីរំកិលចំណាត់ថ្នាក់របស់ខ្លួនផងដែរ។
ប៉ុន្តែ វាមិនមែនជារឿងងាយឡើយ សម្រាប់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ព្រោះអគ្គស្នងការនគរបាលជាតិ ជាក្រុមខ្លាំង និងសម្បូរកីឡាករមានទេពកោសល្យ។ ម្យ៉ាងពួកគេ ក៏ត្រូវការឈ្នះជំនួបនេះ ដើម្បីដណ្តើមលេខរៀងទី៥ដែរ។ ប៉ូលិសស្ថិតនៅ៦ ក្នុងតារាងមាន២៤ពិន្ទុ ខណៈអង្គរថាយហ្គឺរ ស្ថិតនៅលេខ៩ក្នុងតារាងមាន១៦ពិន្ទុ។ កាលពីសប្តាហ៍មុន ក្រុមអគ្គស្នងការនគរបាលជាតិ បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយសូលទីឡូអង្គរ ខណៈអង្គរថាយហ្គឺរ លត់អគ្គិសនី ៥-០។
រីឯក្រុមវេស្ទើនភ្នំពេញ ក៏នឹងប៉ះណាហ្គាវើល នៅម៉ោង៣រសៀលនេះដែរ នៅកីឡដ្ឋានវេស្ទើន។ វេស្ទើនភ្នំពេញ ជាក្រុមដែលអាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌកំពូលកម្ពុជា នៅរដូវកាលក្រោយ ព្រោះ១៦ប្រកួតកន្លងមក ក្រុមនេះមិនដែលស្គាល់ជ័យជម្នះនោះទេ បានត្រឹមស្មើ១លើកតែប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមនេះ កំពុងស្ថិតនៅបាតតារាងមាន១ពិន្ទុ ក្នុងដៃ។ ចំណែកណាហ្គាវើល ជាក្រុមខ្លាំង ស្ថិតនៅលេខ២ ក្នុងតារាងមាន៣៨ពិន្ទុ ក្រោយឈ្នះ១២ ស្មើ២ និងចាញ់២។ កាលពីជើងទី១ ណាហ្គាវើល បានលត់វេស្ទើនភ្នំពេញ ១០-១ ដែលជាលទ្ធផលអាក្រក់ជាងគេបំផុតសម្រាប់វេស្ទើន៕
Tag:
បាល់ទាត់
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com