ជាតិ
បាក់ឌុប
លោក ហង់ ជួន ណា​រ៉ុ​ន រំលឹក បេក្ខជន​ប្រឡង​បាក់​ឌុប​ថា «​អ្នកចេះ​គឺជា​ប់​»
19, Aug 2018 , 10:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ
រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែសីហា នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ក្រសួង​បានរៀបចំ​ឱ្យមាន​កំណែទម្រង់​ការប្រឡង​។ នេះ​ជាការ​ថ្លែង​របស់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​វីដេអូ​ខ្លី​មួយ ។​

 
 
​តាមរយៈ​វី​ដែ​អូ​ខ្លី​ដែល លោក ហង់ ជួន ណា​រ៉ុ​ន បាន​ថ្លែង​សារ​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អំពាវនាវ​ទៅ​សិស្សានុសិស្ស​ទាំងអស់ ឱ្យមាន​ការគោរព​តាម​ប្បញ្ញត្តិ​ដែល​ក្រសួង​បានដាក់​ចេញ ដើម្បី​ធានា​ឱ្យបាន​ថា ការប្រឡង​បាក់​ឌុប ដែលមាន​ស្ដង់ដារ​មួយ​ខ្ពស់​ដូច​រាល់​ឆ្នាំ​កន្លងទៅ ជាពិសេស សូមឱ្យ​សិស្សានុសិស្ស​ទាំងអស់ គោរព​វេលា និង​វិន័យ ចៀសវាង​យក​ចូល​នូវ​អ្វីដែល​ក្រសួង​បា​ម​ហាមឃាត់ ក្នុងនោះ​មានដូចជា ឧបករណ៍​អេ​ឡិច​ត្រ​និក សំណៅ​ឯកសារ ហើយ​ម្យ៉ាងទៀត​ដើម្បី​ធានាថា​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តទៅបាន​រលូន​»​។ 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន បាន​បន្តទៀតថា ជាមួយគ្នានេះដែរ សូម​អំពាវនាវ​ទៅ លោកគ្រូ អ្នកគ្រូ ដែល​បម្រើ​ការងារ​ជា គណៈមេប្រយោគ សូមឱ្យ​គោរព​ទៅតាម​ប្ប​ញ្ញ​តិ្ត​ដែល​ក្រសួង​បានដាក់​ចេញទៅ ដើម្បី​ធ្វើយ៉ាងណា អាចឱ្យ​ការងារ​កំណែ​ទ្រង់​របស់​យើង​ដំណើរការ​អស់​រយៈពេល ៥​ឆ្នាំ​កន្លងទៅនេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ដើម្បី​ធានា​ឱ្យបាន​ថា ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការគោរព​ទៅតាម​បទ​ប្ប​ញ្ញ​តិ្ត ដែល​ក្រសួង​អប់រំ​បានដាក់​ចេញ​មាន​តម្លាភាព ហើយ​មាន​យុត្តិធម៌ នឹង​ទទួលបាន​លទ្ធផល ដែល​គ្រប់ភាគី​ទាំងអស់​ក្នុងនោះ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល​អា​ចទ​ទួល​យកបាន​។​
 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ជូនពរ​ឱ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ភាពរលូន ហើយ​បេក្ខជន​គ្រប់ៗ​រូប​ទទួលបាន​ជោគជ័យ ដែល​ឆ្លុះបញ្ចាំង​នូវ​ពាក្យស្លោក​របស់​ក្រសួង​អប់រំ​នោះ​គឺ «​អ្នកចេះ​គឺជា​ប់​» ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com