ជាតិ
ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស​អ្នកស្រី ទេព វ​ន្នី និង​សកម្មជន​បឹងកក់​៣​រូប​ទៀត​
20, Aug 2018 , 9:25 pm        
រូបភាព
អ្នក​ស្រី ទេព វន្នី សកម្មជនបឹងកក់។ រូបថត ហ្វេសប៊ុក
អ្នក​ស្រី ទេព វន្នី សកម្មជនបឹងកក់។ រូបថត ហ្វេសប៊ុក
ដោយ:
ភ្នំពេញ​៖ សកម្មជន​ដីធ្លី​ដ៏​សកម្ម​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស និង​តម្រូវ​ឲ្យ​ដោះលែង​ពី​ការ​ឃុំឃាំង នៅ​យប់​ថ្ងៃទី​២០ ខែសីហា​នេះ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែសីហា តាម​សំណើរ​សូម​លើកលែងទោស​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រៅពី​អ្នកស្រី ទេព វ​ន្នី  សកម្មជន​ដីធ្លី​៣​រូប​ផ្សេងទៀត​ក៏ត្រូវ​បាន​ព្រះមហាក្សត្រ​បង្គាប់​ឲ្យ​លើកលែងទោស​ជាមួយគ្នា​ដែរ​។ អ្នក​ទាំង​៣​នោះ​រួមមាន អ្នកស្រី ហេង មុំ​, អ្នកស្រី បូ​វ ឆវី និង​អ្នកស្រី គង់ ចន្ថា​។​



​ការដោះលែង​ឲ្យ​មាន​សេរីភាព​នេះ ក្រោយ​ពេលដែល​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ជាប់ពន្ធនាគា​រ​អស់​រយៈពេល​២​ឆ្នាំ ក្រោយ​សកម្មជន​ដីធ្លី​ដ៏​សកម្ម​រូបនេះ ត្រូវបាន​តុលាការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៦​។ នៅពេលដែល​អ្នកស្រី​ចូលរួម​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស អាដហុក​៥​រូប​ពី​ពន្ធនាគារ​។

បន្ទាប់ពី​ឃាត់ខ្លួន​អ្នកស្រី​មិនត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើយ ហើយ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​២​ករណី​បន្ថែមទៀត​។ ករណី​ទី​១ ពីបទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​។

ករណី​ទី​២ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។ ករណីនេះ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល ២​ឆ្នាំកន្លះ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន​៥​លាន​រៀល និង​សងជំងឺចិត្ត​ទៅ​សន្តិសុខ​ដែលជា​ដើមបណ្ដឹង​ទាំង​២​នាក់ ចំនួន​៩​លាន​រៀល​។​

ចំណែកឯ​សកម្មជន​ដីធ្លី​៣​រូប​ផ្សេងទៀត មាន​អ្នកស្រី ហេង មុំ​, អ្នកស្រី បូ​វ ឆវី និង​អ្នកស្រី គង់ ចន្ថា ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយមាន​ស្ថាន​ទម្ងន់ទោស នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​។ តែ​បច្ចុប្បន្ន​អ្នក​ទាំង​៣ មិន​ស្ថិតនៅក្នុង​ពន្ធនាគារ​នោះទេ តែ​ពេលខ្លះ​ក៏ត្រូវ​បាន​តុលារ​ការកោះហៅ​ទៅ​សាកសួរ​ផងដែរ​។​

កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ មាន​ក្រុម​អង្គការ​ជាតិ អន្តរជាតិ ដែល​ធ្វើការ​លើ​សិទ្ធិមនុស្ស ដីធ្លី និង​ផ្នែក​ជាច្រើន​ទៀត ជិត​៧០​អង្គភាព បានធ្វើ​សេចក្ដីថ្លែងការណ៍​រួម សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោះលែង​អ្នកស្រី ទេព វ​ន្នី​។ ដោយសារតែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញថា បទ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​មកលើ​អ្នកស្រី ទេព វ​ន្នី មាន​លក្ខណៈ​នយោបាយ និង​ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ ដែល​ត្រូវ​ចោទប្រកាន់​ទៅ​សកម្មជន​ដីធ្លី​រូបនេះ​៕



Tag:
 ​សង្គម​
 ​សកម្មជន​ដីធ្លី​
 ​ទេព​វ​ន្នី​
 ​ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com