ជាតិ
បាក់ឌុប
បាក់​ឌុប​ព្រឹក​ថ្ងៃទី​២៖ សិស្ស​អវត្តមាន​១៨០៦​នាក់ ហើយ​ជាង​៣០​នាក់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ
21, Aug 2018 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
«​មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​»​។ នេះ​ជាការ​កត់សម្គាល់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ដំណើរការ​សំណេរ​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ដែលជា​ព្រឹក​ថ្ងៃទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​។​

 
​ក្រសួង​បាន​គូសបញ្ជាក់ថា មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ហើយ បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ ដោយ​ពុំមាន​នាំមក​ជាមួយ​នៅ​សំណៅ​ឯកសារ ឬ​ឧបករណ៍​ហាមឃាត់​ឡើយ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​
 
​នៅ​ព្រឹក​នេះ បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ ដោយ​អវត្តមាន​សរុប​ចំនួន​១ ៨០៦​នាក់ ស្រី ៧២៣​នាក់​។ ដោយឡែក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ៣១​ករណី ក្នុងនោះ​អនុរក្ស​មាន​២​ករណី និង​អ្នក​សង្កេត​ស្ម័គ្រចិត្ត ០១​ករណី និង​បេក្ខជន​ចំនួន​២៨​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម ក្នុងនោះ ៣​ករណី ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​វិញ ១​ករណី និង ២​ករណី មិនអាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​ទៀតឡើយ ។ 
 
​ក្រសួង​បាន​បន្ថែម​ផងដែរ​ថា បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​៣​ករណី ដោយ​ទុក​ទូរ​សព្ទ​ជាប់​ខ្លួន ត្រូវបាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្តការងារ​ហើយ ។ សម្រាប់​បញ្ហា​អាកាសធាតុ មណ្ឌល​ប្រឡង​មួយចំនួន​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​ដូចជា ខេត្ត​កែប ព្រះសីហនុ រតនគិរី និង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​៕

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com