ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាណាព្យាបាល​៖ ឲ្យ​តែ​បានមក​មើល​កូន​ប្រឡង​បាក់​ឌុប អស់​ប៉ុន្មាន​ក៏​ហ៊ាន​ចំណាយ​
21, Aug 2018 , 2:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ទី​២០ ខែសីហា​ គឺជា​ថ្ងៃ​នៃ​ការប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​កម្រិត​ទុតិយភូមិ ឬ​បាក់​ឌុប​។ ​ថ្ងៃនេះ​មិន​ត្រឹមតែ​ជា​ថ្ងៃ​ដែល​បេក្ខជន​មាន​អារម្មណ៍​រំជើបរំជួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាណាព្យាបាល ឬ​ឪពុកម្តាយ​របស់​ពួកគេ​ក៏​មិនមាន​អារម្មណ៍​ស្ងប់ស្ងៀម​ដែរ​។ អ្នកខ្លះ​ទុក​ការងារ​ចោល និង​ចំណាយ​ពេលវេលា និង​ថវិកា ដើម្បី​ដំណើរ​គ្រាន់តែ​មក​រង់​ចាំមើល​កូនៗ​របស់​ពួកគេ​ពី​ក្រៅ​របង​មណ្ឌល​ប្រឡង​។ កញ្ញា ថា​ន រស្មី នឹង​លើកយក​បទ​យកការណ៍​មួយ និយាយ​អំពី​ទិដ្ឋភាព អាណាព្យាបាល ដែល​រង់ចាំ​កូនៗ​ប្រឡង​នៅ​មណ្ឌល ជាស៊ីម​សាមគ្គី បង្ហា​យ​ជូន​លោក​អ្នកនាង​។​



​ថ្ងៃនេះ​នាង​ខ្ញុំ​បាន​ទៅ​រង់​ចាំមើល​ទិដ្ឋភាព​នៃ​ការ​រ​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។ បេក្ខជន​ទាំងអស់​ត្រូវ​ចូលក្នុង​របង​សាលា​ឲ្យ​បាន​មុន​ម៉ោង​៧​ព្រឹក​។ បេក្ខជន​ស្ទើរតែ​ទាំងអស់​សុទ្ធសឹងតែ មាន​ការជូន​ដំណើរ​ពី​ឪពុក ម្ដាយ បងប្អូន ជាដើម​។ យ៉ាងណា ក្រោយពី​បេក្ខជន​ថ្នាក់​ទី​១២​ទាំងនោះ ចូលក្នុង​បន្ទប់​ប្រឡង​ហើយ​ក្ដី តែ​អ្នក​ជូន​ដំណើរ​របស់គេ​ភាគច្រើន មិនបាន​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ ដោយ​ពួកគាត់​សុខចិត្ត​នៅ​អង្គុយចាំ​ក្រោម​ម្លប់ឈើ​តូចៗ ដែលមាន​នៅតាម​ចិញ្ចើមផ្លូវ​មុខ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​នេះ​។​

សូមស្តាប់សំឡេង៖




​នៅ​ជិត​របង​សាលា​ដែលមាន​សរសេរថា​វិទ្យាល័យ​ជាស៊ីម​សាមគ្គី មាន​ស្ត្រី​មួយក្រុម​មាន​គ្នា​៦​នាក់ ដែល​ស្ថិតក្នុង​វ័យ​ចំណាស់​បន្តិច ហើយ​ភាគច្រើន​គាត់​មាន​សក់ស្កូវ​ទៅហើយនោះ បាន​អង្គុយ​លើ​កម្រាល​ប្លា​ស្ទិ​កមួយ​ផ្ទាំង ក្បែរ​ដើម​លឿង​រាជ​តូច​មួយ​។ ក្នុងចំណោម​នោះ​ស្ត្រី​ម្នាក់​ដែលមាន​វ័យ​ចំណាស់​ជាងគេ គាត់​ឈ្មោះថា អៀង វណ្ណា​រី បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ​មកកាន់​ខ្ញុំ​ថា គាត់​នៅ​រង់ចាំ​កូនប្រុស​ពៅ​របស់គាត់​នៅទីនេះ មិន​ទៅផ្ទះ​វិញ​នោះទេ​។ អ្នកស្រី អៀង វណ្ណា​រី​បញ្ជាក់ថា​៖«​ចង់​នៅ​មើល​កូន​២​ថ្ងៃ ទោះ​កូន​មិន​ឲ្យ​នៅ​ក៏​នៅ​ដែរ​។ ទោះ​មិន​អាចជួយ​អី​ជួយ​អី​បាន ក៏បាន​នៅក្បែរ​កូន​ឲ្យ​បានជា​កម្លាំងចិត្ត ឲ្យ​កូន​ដឹងថា មាន​ម៉ាក់​នៅក្បែរ​ចឹ​ង​ទៅ​»​។​

​មិន​ត្រឹមតែ​នៅ​អង្គុយចាំ​កូន​ប្រឡង​ពេញ​២​ថ្ងៃ​នោះទេ តែ​ស្ត្រី​វ័យ​៦០​ឆ្នាំ ដែលមាន​ផ្ទះ​នៅ​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​រូបនេះ បាន​ត្រៀម​អាហារ សម្ភារ ទុក​ឲ្យ​កូន​តាំងតែ​ពីថ្ងៃ​យប់​ថ្ងៃទី​១៩​មកម្ល៉េះ ដើម្បី​ឲ្យ​កូន​មាន​កម្លាំង និង​បញ្ចៀស​ការយឺតយ៉ាវ​ណាមួយ​។ ទឹក​ចិត្តជា​ម្ដាយ អ្នកស្រី​មិន​ប្រាថ្នា​ខ្ពស់​លើ​លទ្ធផល​នៃ​ការប្រឡង​របស់​កូន​នោះទេ ឲ្យ​តែ​កូន​ប្រឡង​ជាប់​អ្នកស្រី​ថា​ពេញចិត្ត​ណាស់​ទៅហើយ​។ អ្នកស្រី អៀង វណ្ណា​រី​បញ្ជាក់​បន្តថា​៖ «​កូន​មួយ​ហ្នឹង​មីង​មិនដែល​ពិបាក​ទេ គេ​ប្រឹងរៀន​ណាស់​នៅ​សាលា​គេ​តែងតែ​ជាប់​លេខ​មួយ​ជានិច្ច​។ បើ​សម្រាប់​មីង​ឲ្យ​តែ​កូន​ប្រឡង​ជាប់​មីង​សប្បាយចិត្ត​ហើយ​»​។​

​មិន​ត្រឹមតែ​ចំណាយពេល​មក​រង់ចាំ​កូន​នោះទេ តែ​ស្ដ្រី​ដដែល​នេះ ក៏មាន​គម្រោង​នាំ​កូន​ដើរលេង​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ជា​កាដូរ នៃ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​កូនប្រុស​ពៅ​វ័យ​១៨​ឆ្នាំ​របស់គាត់​។​

​កុំថាឡើយ​អ្នកស្រី អៀង វណ្ណា​រី ដែល​មានផ្ទះ​នៅក្បែរ​មណ្ឌល​កូន​ប្រឡង មក​នៅ​រង់ចាំ​លើកទឹកចិត្ត​កូន តែ​អ្នកស្រី អេង ស្រី​លី ដែលមាន​ផ្ទះ​នៅ​ព្រែក​ព្នៅ ក៏បាន​ឡើងមក​ស្នាក់នៅ​ភ្នំពេញ​ដើម្បី​លើកទឹកចិត្ត​កូនស្រី​ពៅ​ដែរ​។ ស្ត្រ័​វ័យ​ជាង​៥០​ឆ្នាំ​រូបនេះ បានមក​ស្នាក់​ទី​ផ្ទះសំណាក់​មួយ​យប់​មុន​ប្រឡង​ជាមួយ​កូន ដើម្បី​ឲ្យ​កូន​មាន​ភាពកក់ក្ដៅ​។ អ្នកស្រី អេង ស្រី​លី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មក​ល្ងាច​មិញ នេះឯង​ជាមួយ​កូន នៅផ្ទះ​សំណាក់​ជិត​សាលា​នេះ​។ កូន​អើយ​ចេះតែ​ជួយ​លើកទឹកចិត្ត​កូន​ទៅ កូន​ដេក​មិន​លក់​មីង​ក៏​ដេក​មិន​លក់ កូន​វា​គិត​មីង​ក៏​គិត​ដែរ​។ យប់មិញ​មិនបាន​ដេក​ទេ​កូន កូន​ដេក​មិន​មីង​ក៏​ដេក​មិន​លក់​ដែរ ណាមួយ​ប្លែក​កន្លែង​ផង​»​។​

​ដោយសារ​ស្ត្រី​ដែល​តែងតែ​មក​មើល​កូន​ប្រឡង​បាក់​ឌុប​ទាំ​អស់​រូបនេះ មាន​អាជីព​ជា​អាជីវករ ដូច្នេះ​គាត់​ត្រូវ​ខកខាន​ការងារ​ខ្លះ​ដើម្បី​ចំណាយពេល​មក​លើកទឹកចិត្ត​កូន​។ ទាំង​ថ្លៃ​ស្នាក់នៅ​និង​ការបរិភោគ អ្នកស្រី អេង ស្រី​លី បាន​ឲ្យ​ដឹងថា​ចំណាយ​អស់​ប្រមាណ​៤០​ម៉ឺន​រៀល​។ សម្រាប់​អ្នកស្រី​ប្រាក់​នេះ​មាន​ចំនួន​ច្រើន តែ​អ្នកស្រី​មិន​ខ្លា​ចនឹង​ចំណាយ​ដើម្បី​ការប្រឡង​របស់​កូនស្រី​ឡើយ​។ អ្នកស្រី អេង ស្រី​លី បញ្ជាក់ថា​៖ ចំណាយ​បើ​គិត​ទៅ ៣០ ៤០​ម៉ឺន សម្រាប់​អ្នកមាន​គេ​តិច​ទេ តែ​សម្រាប់​មីង​គឺ​ច្រើន​។ ដើម្បី​កូន​ត្រូវតែ​ប្រឹង ប្រឹង​តាំងពី​ថ្ងៃនោះ​មកដល់​ថ្ងៃនេះ​មានតែ​២​ថ្ងៃ​ទេ ១២​ឆ្នាំ​ណា​អូន​។ បើ​ប្ដី​ខ្ញុំ​ត្រៀម​លុយ​ជាង​ខ្ញុំ​ទៅទៀត​សម្រាប់​កូនពៅ​គាត់​»​។​

​បើទោះជា​មាន​អាណាព្យាបាល​ជាច្រើន​មក​រង់ចាំ​លើកទឹកចិត្ត​កូន​ក្នុងសម័យ​ប្រឡង​ក្ដី តែ​តាម​ការសង្កេត​ភាគច្រើន​គឺ​សុទ្ធតែជា​ស្ត្រី​តែប៉ុណ្ណោះ ភាគតិច​ណាស់​ដែលជា​បុរស​។ នៅក្រោម​ដើម​លឿង​រាជ​មួយ​ដើម​មុខ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​នេះ​រៀង​ប្លែក​បន្តិច​ដោយ​បុរស​ចំណាស់​២​នាក់​កំពុង​អង្គុយ​ផ្ទាល់​ឥដ្ឋ អ្នក​ទាំង​២​ក៏​កំពុងតែ​រង់ចាំ​មើល​កូន​ដែល​កំពុង​ប្រឡង​ក្នុង​មណ្ឌល​នេះដែរ​។​

​តែ​ខុសប្លែក​ពី​ស្ត្រី​ទាំង​២​រូប​ខាងលើ លោក ហេង ហ៊ី មាន​ទឹកមុខ​ប្រែប្រួល​អួលដើមករ​នៅពេលដែល​ខ្ញុំ​បាន​សួរថា លោក​រំពឹងថា​កូន​អាច​បាន​លទ្ធផល​ល្អ​ដែរឬទេ​? ការ​ប្រែ​ទឹកមុខ​បែបនេះ លោកប៉ា​ខាងលើ​បាន​ឲ្យ​ដឹងថា លោក​បារម្ភ​ពី​កូន​ដោយសា​តែ​កូន​ទើប​ងើបពីឈឺ ដែល​ចំណាយ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​នៅ​ប្រទេស​ថៃ​។ នៅលើ​ម៉ូតូ​ម៉ាក Zoommer របស់គាត់​មាន​ទាំង​បាយ ម្ហូប ផ្លែឈើ និង​ទឹករ៉ែ ដើម្បី​ត្រៀម​ទុក​ឲ្យ​កូនស្រី​ពៅ ដែលមាន​បំណង​ចង់​ចូលរៀន​សាលា​ពេទ្យ​ក្រហម​របស់​កម្ពុជា​។ លោក ហេង ហ៊ី បញ្ជាក់​ឲ្យ​ដឹងថា​៖ «​ពូ​មាន​បាយ ម្ហូប ទឹក ចាន ស្លាបព្រា ទុក​ឲ្យ​គាត់​ហូប ដូច​កូន​ឯង​ដឹង​ស្រាប់​ហើយ​ថា ម្ហូប​នៅ​យើង​ឥលូវ​នេះ វា​មាន​សារធាតុ​គីមី​ច្រើន ដូច្នេះ​យើង​មិនអាច​យកបាន​។ (​និយាយ​ទាំង​អួលដើមក​)​ហើយ​ឲ្យ​តែ​កូន​ចង់​ទៅណា​ប៉ាៗ​ព្រម​ឲ្យ​ទៅជូន​ទៅ ប៉ា​មានលទ្ធភាព​ឲ្យ​កូន​រៀន​។ គាត់​ឈឺ គាត់​មក​ទាំង​ឈឺ គាត់​ញ៉ាំ​បាយ​ហើយ លេបថ្នាំ​ហើយ​គាត់​ចូល​ប្រឡង​តែម្ដង​»​។

​ការលើកឡើង​ខាងលើ គ្រាន់តែ​ជា​ទស្សនៈ​របស់​អាណាព្យាបាល​មួយចំនួន ក្នុងចំណោម​អាណាព្យាបាល​ជាច្រើន​ទៀត​ដែល​រង់ចាំ និង​ព្រួយបារម្ភ អំពី​កូន ដែល​កំពុងតែ​មមាញឹក​ក្នុងការ​ដោះស្រាយ​លំ​ហាត់ សំណួរ​ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រោយពី​បាន​ចំ​ណាត​ពេលវេលា ថវិកា អស់​រយៈពេល​១២​ឆ្នាំ​មកហើយ​នោះ​។ នេះ​ជា​ពេលដែល​យុវជន​ថ្នាក់​ទី​១២​ទាំងអស់ ដើរ​ទៅដល់​ផ្លូវ​មួយ​នៃ​អនាគត​ដែល​ពួកគេ​ស្រមៃ​ចង់បាន​នាពេលខាងមុខ​៕

Tag:
 ប្រឡង​បាក់​ឌុប​
 BacII
 BacII2018
© រក្សាសិទ្ធិដោយ thmeythmey.com