ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រួសតម្រងនោម ជំងឺដាច់សរសៃឈាមខួរក្បាល និងមហារីកអាចបង្ការបានជាមួយនឹង…
× ទឹកក្រូចច្របាច់ស្រស់ត្រូវបានគេដឹងថាជាភេសជ្ជៈសម្រាប់អាហារពេលព្រឹក។ វាមិនគ្រាន់តែជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទេ តែក៏ផ្តល់នូវអត្ថប្រយោជន៍ជាជីវជាតិជាច្រើនថែមទៀតដែរ។ ទឹកក្រូចច្របាច់ និងក្រូចគឺជាជម្រើសអាហារសម្រន់ដ៏អស្ចារ្យ ដោយសារតែវាផ្ទុកទៅដោយជីវជាតិ និងមានកាឡូរីទាប។ ក្រូចមានសារធាតុ Flavonoids ជាង ៦០ និង Phytochemicals ខុសៗគ្នាជាង ១៧០ប្រភេទ ដែលត្រូវបានគេដឹងថា មានលក្ខណៈជាអង់ទីអុកស៊ីដង់ និងប្រឆាំងការរលាកតែម្តង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ទឹកក្រូចច្របាច់ចំពោះសុខភាពមនុស្សយើងតែម្តង៖
សុខភាពបេះដូង
អត្ថប្រយោជន៍សំខាន់ផ្សេងមួយនៃទឹកក្រូចច្របាច់គឺវាអាចជួយបង្ការជំងឺបេះដូង។ សារធាតុ Hesperidin ត្រូវបានគេស្គាល់ថាជាសារធាតុរបស់រុក្ខជាតិ ដែលជួយការពារសរសៃឈាមអាក់ទែកុំឲ្យមានកំណកឈាម ហើយក៏ពង្រឹងដល់សុខភាពកោសិកាជិតខាងផងដែរ។ ក្រូចមានសារធាតុ Hesperidin គ្រប់គ្រាន់ ដូច្នេះ ការញ៉ាំទឹកក្រូចច្របាច់ស្រស់ ១កែវ នឹងជម្រុញដល់ការកាត់បន្ថយការកើតជំងឺគាំងបេះដូងបាន។
បញ្ចុះសម្ពាធឈាម
សារធាតុ Hesperidin ដែលមានក្នុងទឹកក្រូចឆ្មា គឺជាអង់ទីអុកស៊ីដង់ ដែលអាចជួយការពាររាងកាយពីជំងឺមហារីក និងជំងឺផ្សេងៗបាន។ ប៉ុន្តែសារធាតុរុក្ខជាតិរលាយក្នុងទឹកនេះក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពរបស់សរសៃឈាមតូចៗផងដែរ។ រឿងនេះអាចមានឥទ្ធិពលខ្លាំងមួយចំនួនទៅលើសម្ពាធឈាមទាំងមូលដែរ ហើយការសិក្សាបាននិយាយពាក់ព័ន្ធទៅលើអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយនេះលើការជួយបន្ថយឱកាសកើតជំងឺបេះដូងសរសៃឈាម និងបន្ថយសម្ពាធឈាមផថែមទៀត។
បង្ការជំងឺមហារីក
វីតាមីន C ដើរតួនាទីជាអង់ទីអុកស៊ីដង់ ហើយក៏ជាអ្នកការពារពីជំងឺមហារីកជាច្រើនប្រភេទផងដែរ។ នេះហើយគឺជាហេតុផលដែលថា ទឹកក្រូចច្របាច់ត្រូវបានគេណែនាំឲ្យញ៉ាំដើម្បីថែរក្សា DNA របស់កោសិកាដែលមានសុខភាពល្អកុំឲ្យក្លាយទៅជាមហារីកបាន។ ជាមួយគ្នានេះដែរ ទឹកក្រូចក៏មានសារធាតុ Hesperidin ដែលជាអង់ទីអុកស៊ីដង់ដ៏សំខាន់មួយ ជាប់ទាក់ទងនឹងការបន្ថយការលូតលាស់របស់ដុំសាច់មហារីក។ ថ្វីបើមានការស្រាវជ្រាវជាច្រើនត្រូវធ្វើមុនពេលទទួលស្គាល់ឥទ្ធិពលពិតប្រាកដរបស់ទឹកក្រូចលើការបង្ការជំងឺមហារីកក៏ដោយ តែអង់ទីអុកស៊ីដង់របស់វាទំនងជាអាចបង្ការជំងឺមហារីកបានច្រើនប្រភេទរួចហើយ ជាពិសេសមហារីកពោះវៀនធំតែម្តង។
បង្ការគ្រួសក្នុងតម្រងនោម
គ្រួសក្នុងតម្រងនោមត្រូវបានគេស្គាល់ថា ជាជំងឺដែលបង្កការឈឺចាប់ខ្លាំង ដូច្នេះ បើសិនជាអ្នកចង់កុំឲ្យមានបញ្ហានេះ យកល្អគួរតែញ៉ាំទឹកក្រូចច្របាច់ខ្លះទៅ។ ទឹកក្រូចច្របាច់ផ្ទុកទៅដោយសារធាតុ Citrates និង Citric Acid ដែលត្រូវបានគេជឿថា ជួយដល់ការកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងតម្រងនោម។ ជាមួយគ្នានេះដែរ សារធាតុ Potassium Citrate ត្រូវបានគ្រូពេទ្យចេញឲ្យប្រើប្រាស់លើអ្នកជំងឺព្យាបាលជំងឺគ្រួសក្នុងតម្រងនោមដែរ ខណៈពេលដែលសារធាតុ Citrate ក្នុងផ្លែក្រូចត្រូវបានគេរកឃើញថាមានឥទ្ធិពលដូចគ្នា។
បង្ការជំងឺដាច់សរសៃឈាមខួរក្បាល
យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា ការញ៉ាំផ្លែឈើជូរៗច្រើន ជាពិសេសផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលលើមនុស្សស្រីបាន។ អ្នកដែលញ៉ាំផ្លែឈើជូរៗច្រើនបំផុតអាចបន្ថយការកើតជំងឺដាច់សរសៃឈាមខួរក្បាលលើស្ត្រីច្រើនជាងអ្នកដែលញ៉ាំតិចបំផុតបាន ១៩ភាគរយដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com