ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល បើកសវនាការនៅថ្ងៃ២២សីហា ដើម្បី​សម្រេច​ថា លែង​លោក កឹម សុខា ឬ​បន្ត​ឃុំ​
21, Aug 2018 , 8:59 pm        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
ដោយ: ថ្មីៗ
តាម​កាលកំណត់​ក្នុង​ដីកា តុលាការ​កំពូល នឹង​បើកសវនាការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​សម្រេច​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

 

​លោកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លោកស្រី មិនទាន់​ទទួលបាន​ដំណឹង ឬ​ឃើញ​ដីកា​របស់​តុលាការ​កំពូល ដែល​បង្គាប់​ឲ្យ​ដឹក​លោក កឹម សុខា ឲ្យ​ទៅកាន់​សវនាការ នោះទេ​។ ហេតុដូច្នេះ លោកស្រី មិនអាច​បញ្ជាក់​បានឡើយ ថា លោក កឹម សុខា នឹងមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ ឬ​យ៉ាងណា​។ 

​ប៉ុន្តែ លោកស្រី​មេធាវី​រូបនេះ ពន្យល់ថា តាម​នី​តី​វិធី តុលាការ ត្រូវ​បង្គាប់​ឲ្យ​យក​ជន​ត្រូវ​ចោទ ទៅកាន់​សវនាការ​។ លោកស្រី បន្ថែមថា សម្រាប់​លោក កឹម សុខា លោក តែងតែមាន​ឆន្ទៈ​ចង់​ចូលរួម​។ 

​លោកស្រី ម៉េង សុភា​រី លើកឡើង​បែបនេះ​ថា​៖«​ពួក​ខ្ញុំ នឹងចូលរួម​ការពារ​ក្តី​ឲ្យ​គាត់​។ តែ​ត្រង់​គេ​ដោះលែង​គាត់ ឬ​មិន​ដោះលែង ខ្ញុំ មិន​អត្ថា​ធិ​ប​ត្ថា​យ​ទេ​»​។ 

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក កឹម សុខា ពឹង​មេធាវី​ឲ្យ​ដាក់សំណើ​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ សំណើ​លើកទីមួយ ត្រូវបាន​ច្រានចោល​។ មុននឹង​ឈានដល់​តុលាការ​កំពូល លោក កឹម សុខា បាន​ស្នើសុំ​នៅក្រៅ​ឃុំ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៅ​សាលាឧទ្ធរណ៍​ជាច្រើនលើក​រួចមកហើយ តែ​សុទ្ធតែ​ត្រូវបាន​បដិសេធ​។ 

​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ សង្ឃឹមថា លោក កឹម សុខា អាច​នឹង​ត្រូវបាន​តុលាការ​កំពូល ដោះលែង​។ ពួកគេ សង្ឃឹម​បែបនេះ បន្ទាប់ពី​ឃើញ​អ្នកប្រឆាំង​រដ្ឋាភិបាល​ពី​រ​នាក់ គឺ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ បាន​រួចខ្លួន​ពី​ពន្ធនាគារ​ជា​បន្តបន្ទាប់​។

​លើសពីនេះ ពួកគេ យល់ថា ក្រោយ​ការបោះឆ្នោត ភាព​តានតឹង​នៃ​ស្ថានការណ៍​នយោបាយ ហាក់​ធូរស្បើយ​បន្តិច​។ ហើយ​ម្យ៉ាងទៀត បើ​លោក កឹម សុខា ពិតជា​ត្រូវបាន​ដោះលែង​មែន​នោះ ស្ថានការណ៍ នឹង​រឹតតែ​ល្អប្រសើរ​។   

​មកដល់ពេលនេះ​លោក កឹម សុខា បាន​ជាប់ពន្ធនាគារ​ជិត​មួយឆ្នាំ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​គប់គិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក ត្រូវបាន​ចាប់ខ្លួន កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧៕


Tag:
 កឹម សុខា​
  តុលាការ​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com