អន្តរជាតិ
រុស្ស៊ី ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រ​ធំ​បំផុត​ចាប់តាំងពី​សម័យ​សូ​វៀត​
21, Aug 2018 , 9:19 pm        
រូបភាព
រថក្រោះរុស្ស៊ីក្នុងសមយុទ្ធ Zapad ឆ្នាំ២០១៧ (រូបភាព Sputnik)
រថក្រោះរុស្ស៊ីក្នុងសមយុទ្ធ Zapad ឆ្នាំ២០១៧ (រូបភាព Sputnik)
​រុស្ស៊ី កំពុង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ធំជាងគេ​ក្នុងពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergey Shoigu និយាយថា សមយុទ្ធ​នេះ​នឹងមាន​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្រោយ​ការដួលរលំ​សហភាពសូវៀត ។ អ្នកជិតខាង​ពីរ​ប្រទេស​របស់​រុស្ស៊ី គឺ​ចិន និង​ម៉ុង​ហ្គោ​លី ក៏​នឹងចូលរួម​ក្នុង​សមយុទ្ធ​យោធា​នេះដែរ​។ អ្វីដែល​គេ​ដឹង​ច្បាស់​នោះ សមយុទ្ធ​នេះ​នឹងធ្វើ​ឲ្យ​បក្សសម្ព័ន្ធ​យោធា​ណា​តូ ជ្រួលច្រាល់​ខ្លាំង​មិន​ខាន​។​



​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ចង្វាយ ដែលមាន​ឈ្មោះថា Vostok-2018 នឹង​កើតឡើង​នៅពេល​ខាងមុខ​នៅ​ទឹកដី​រុស្ស៊ី​ក្នុង​តំបន់​ស៊ី​បេ​រី និង​តំបន់​ចុង​បូព៌ា ហើយ​ដែលជា​សមយុទ្ធ​ដ៏​ធំ​មិន​ធ្លាប់មាន​ពីមុនមក​។ ប្រមុខ​ការពារជាតិ​រុស្ស៊ី Sergey Shoigu បញ្ជាក់ថា នេះ​ជា​សមយុទ្ធ​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ បើ​និយាយ​ពី​ទំហំ​ទីតាំង​ដែល​ត្រូវ​រៀបចំ និង​ចំនួន​យោធា​ដែល​ត្រូវ​ចូលរួម​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី RT លោក Shoigu និយាយថា ផែនការ​សមយុទ្ធ​នេះ ក៏មាន​ទំហំ​ធំ​ជាង​សមយុទ្ធ​របស់​សហភាព​សូ​វៀត​ក្នុង​ឆ្នាំ​១៩៨១ ដែល​ត្រូវបាន​ចាត់ទុកជា​លំ​ហាត់​យោធា​ជាងគេ​នៅ​សម័យ​នោះ​។ កាលនោះ សមយុទ្ធ​ដ៏​ធំ​មួយ​ត្រូវបានធ្វើ​ឡើងលើ​ទឹកដី​ប្រទេស​ជាច្រើន​ចំណុះ​សហភាពសូវៀត​ដូចជា​បេឡា​រុស អ៊ុយ​ក្រែ​ន និង​នៅ​រដ្ឋ​សមុទ្រ​បាល់​ទិ​ក​បី​ទៀត ខណៈ​សមាជិក​ខ្លះ​នៃ​សន្ធិសញ្ញា​វ៉ា​សូវី​ក៏​បញ្ជូន​កម្លាំង​ចូលរួម​ដែរ​។​

​ទោះជា​រំពឹងថា នឹងមាន​ចំនួន​កងទ័ព​ចូលរួម​ច្រើន​មែន តែ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​មិនបាន​បង្ហាញ​ចំនួន​ជាក់លាក់​អ្វី​ទេ តែមាន​ទាហាន​បរទេស​ចូលរួម​ដែរ​ដូចជា​ចិន និង​ម៉ុង​ហ្គោ​លី​ជាដើម​។ ក្រសួងការពារជាតិ​ចិន​បានប្រកាស​រួច​ហើយពី​ចំនួន​ទាហាន​ដែល​ត្រូវបញ្ជូន​ទៅកាន់​ទឹកដី​រុស្ស៊ី​។ ទាហាន​ច្រើនជាង​បី​ពាន់​នាក់ ឧបករណ៍​យោធា​ជាង​៩០០​គ្រឿង ព្រមជាមួយ​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ចម្បាំង​ជាង​៣០​គ្រឿង នឹងចូលរួម​ក្នុង​សមយុទ្ធ Vostok-2018 ។​

​បើ​ដូច​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី សមយុទ្ធ​ប្រចាំឆ្នាំ​២០១៨ នឹងមាន​វត្តមាន​ទាហាន​ច្រើនជាង​សមយុទ្ធ Zapad ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​លោកខាងលិច​ខឹងសម្បារ​យ៉ាងខ្លាំង​។ សមយុទ្ធ​នោះ មាន​ទាហាន​ចំនួន​ជិត​១៣​ពាន់​នាក់ យន្តហោះ​ចម្បាំង​៧០​គ្រឿង កប៉ាល់​១០​គ្រឿង និង​យុទ្ធោបករណ៍​យោធា​ជាង​៦៨០​គ្រឿង​ពាន់​ទៀត​។ បស្ចិម​លោក​បាន​ចោទ​រុស្ស៊ី​ថា ប្រុងប្រៀប​ឈ្លានពាន​ប្រទេសជិតខាង​។​

​ផែនការ​សមយុទ្ធ​នេះ ប្រាកដជា​រង​ប្រតិកម្ម​ពី​សម្ព័ន្ធ​ណា​តូ​មិន​ខាន ហើយ​ណា​តូ​ក៏​នឹង​រៀបចំ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ​ជាការ​ឆ្លើយតប​នឹង​ក្រុង​មូ​ស្គូ​។ កាលពី​ឆ្នាំមុន ណា​តូ​បាន​បើក​សមយុទ្ធ​យោធា​មួយ​នៅ​ប៉ូឡូញ​ដែល​ចូលរួម​ដោយ​ប្រទេស​ជាង​ដប់ ហើយ​ចំនួន​យោធា​ចូល​រួមមាន​ច្រើនជាង​ចំនួន​យោធា​រុស្ស៊ី​ក្នុង​សមយុទ្ធ Zapad ទៅទៀត​៕


Tag:
 រុស្ស៊ី​
  ចិន​
  សូ​វៀត
© រក្សាសិទ្ធិដោយ thmeythmey.com