ជាតិ
បាក់ឌុប
ការប្រឡង​បាក់​ឌុប បានបញ្ចប់​ហើយ ដោយ​អវត្តមាន​បេក្ខជន​ប្រឡង​ជិត​២០០០​នាក់​
21, Aug 2018 , 6:28 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​២១ សីហា​នេះ​។ ក្រសួង​អប់រំ យុវជន និង​កីឡា វាយតម្លៃថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន បើទោះជា​ខេត្ត​មួយចំនួន មាន​ភ្លៀង​ក៏ដោយ​។



​បេក្ខជន​ប្រឡង បាន​គោរព​តាម​បទបញ្ញត្តិ​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​អប់រំ ដែល​បាន​បន្ថែមថា បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​មាន​៧​ករណី ដោយ​ក្នុងនោះ​ក្រសួង​ដកហូត​ទូរ​សព្ទ​៥​ករណី និង​សំណៅ​ឯកសារ​២​ករណី​។​



​បើតាម​ក្រសួង​អប់រំ គណៈមេប្រយោគ​ប្រព្រឹត្ត​ខុសឆ្គង​ដោយ​ទុក​ទូរ​សព្ទ​ដៃ​ជាប់​ខ្លួន នៅក្នុង​មណ្ឌល​សំណេរ​៥​ករណី​។ ចំណែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​៦៤​ករណី ដែល​ក្នុងនោះ​មាន​៥​ករណី បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ហើយ​មិនអាច​ត្រឡប់មក​ប្រឡង​វិញ​បាន​។​

​ក្នុង​ដំណើរការ​ប្រឡង​រយៈពេល​២​ថ្ងៃនេះ បេក្ខជន​អវត្តមាន​១៨៩៩​នាក់ ត្រូវជា​១,៦៥​ភាគរយ នៃ​ចំនួន​បេក្ខជន​ប្រឡង​១១៥,២៦៨​នាក់ ។ មុខវិជ្ជា​ប្រឡង​មាន​ចំនួន​៧ ចែកចេញជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ថ្នាក់​វិទ្យាសាស្ត្រ​មានមុខ​វិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មានមុខ​វិជ្ជា ផែនដី​និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។​



​តាម​ការគ្រោងទុក លទ្ធផល​ប្រឡង​នៅតាម​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៨ និង​នៅតាម​មណ្ឌល​ប្រឡង​តាម​បណ្ដា​ខេត្ត​ផ្សេងទៀត នៅ​ថ្ងៃទី​១២ កញ្ញា​ឆ្នាំ​២០១៨​។ នេះ​បើតាម​ក្រសួង​អប់រំ​៕




Tag:
 បាក់​ឌុប​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com