ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង់គ្លេស​ប្ដេជ្ញា​ជួយ​កម្ពុជា​
22, Aug 2018 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង់គ្លេស​នៅតែ​បន្ត​ជា​មិត្ត​របស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក នៅក្នុង​ជំនួប​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២២ សីហា​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​កម្ពុជា​លើកដំបូង​លោក Mark Field បានបញ្ជាក់​ពី​ជំហរ​ថា អង់គ្លេស នៅតែ​ជួយ​អភិវឌ្ឍ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច​, ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​, លើ​វិស័យ​ប្រែប្រួល​អាកាសធាតុ​, វិស័យ​អប់រំ​, វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ជាដើម​។ ជាពិសេស​វិស័យ​ដោះមីន​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​សម្ដី​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស  ដូច្នេះ​ថា​៖«​លោក Mark Field មាន​សេចក្តី​រីករាយ ជាពិសេស​ទំនាក់ទំនង​កម្ពុជា និង​ចក្រភព​អង់គ្លេស គឺ​ទំនាក់ទំនង​ទ្វេភាគី មាន​ភាពល្អ​យ៉ាងខ្លាំង ហើយ​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ក៏​ដូចគ្នា​ដែរ​។ ក្នុងន័យនេះ លោក​ចង់​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​បន្ត​រឹងមាំ​ថែមទៀត​»​។​

​ចក្រភព​អង់គ្លេស តែងតែ​ផ្តល់ជំនួយ​ដល់​កម្ពុជា តាមរយៈ​វិស័យ​អប់រំ ដែលជា​វិស័យ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ចក្រភព​អង់គ្លេស ពិចារណា​ជួយ​ដល់​វិស័យ​ដោះមីន និង​មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន ដែលមាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​ផង ព្រោះ​វា​មាន​តួនាទី​សំខាន់ ក្នុងការ​បណ្តុះបណ្តាល​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន ជា​ពិ​សេ​ដើម្បី​បម្រើ​ការងារ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ក្នុងការ​ថែរក្សា​សន្តិភាព នៅក្នុង​ពិភពលោក​ផងដែរ​៕


Tag:
 Mark Field
 ​ហ៊ុន សែន​
 ​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com