អន្តរជាតិ
លោកស្រី ស៊ូ​ជី មិន​បារម្ភ​ថា រដ្ឋប្រហារ​យោធា​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​ទៀតឡើយ​
22, Aug 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី អះអាង​ដោយ​ភាព​ជឿជាក់ថា រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​មិន​បារម្ភ​ខ្លាច​មាន​ចលនា​រដ្ឋប្រហារ​យោធា​ជាថ្មី​ឡើយ បើ​សម្អាង​លើ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ក្រុម​យោធា​បច្ចុប្បន្ន​។



​លោកស្រី​និយាយ​ពី​ឥទ្ធិពល​យោធា​ក្នុង​បញ្ហានយោបាយ​មី​យ៉ាន់​ម៉ា​នេះ​ក្នុងពេល​ផ្តល់​ប​ឋ​កថា​សាធារណៈ​ជុំវិញ​ដំណើរការ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​មី​យ៉ាន់​ម៉ា និង​បញ្ហា​ប្រឈម​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ (ISEAS) សិង្ហ​បុរី​ថ្ងៃ ២១ ខែសីហា​។

​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ប៉ុន្តែ​ត្រូវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ព្រោះ​អ​លទ្ធភាព​ដោះស្រាយ​បញ្ហា បាន​ពន្យល់ថា វា​គ្មាន​ហេតុផល​អ្វីដែល​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ត្រូវ​ខ្លាច​រដ្ឋប្រហារ​ឡើយ​ព្រោះ​ក្នុង​នយោបាយ​អ្វីៗ​ក៏​អាច​កើតឡើង​ដែរ​។​

​ប៉ុន្តែ​លោកស្រី ស៊ូ​ជី មិន​ជឿថា រឿងនេះ​នឹង​កើតឡើង​ទេ​។ ហេតុផល​សំខាន់​ដែល​ធ្វើ​លោកស្រី​ជឿ​បែបនេះ​គឺ ទំនាក់ទំនង​ដែលមាន​រវាង​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី​ដែល​ចាប់កំណើត​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៥ និង​ក្រុម​យោធា​។ លោកស្រី​រម្លឹកថា រឿង​ដែល​សំខាន់​វា​មាន​មន្ត្រី​យោធា​បី​រូប​កំពុង​ស្ថិតក្នុង​ជួរ​រដ្ឋាភិបាល​លោកស្រី​ដែរ​។​

​លោកស្រី ស៊ូ​ជី និយាយ​បែបនេះ​៖«​ទំនាក់ទំនង​រវាង​យើង​ជាមួយ​ក្រុម​យោធា​មិនអាក្រក់​ទេ​។ កុំភ្លេចថា យើង​មាន​សមាជិក​គណៈរដ្ឋមន្ត្រី​រហូតដល់​ទៅ​បី​រុ​ប​ដែលជា​មន្ត្រី​យោធា​កម្រិត​ឧ​ត្ត​ម​សេនីយ៍ ហើយ​ពួកគេ​ ក៏​ល្អ​ដែរ​»​។​

​តាមពិតទៅ​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​របប​សឹក​អស់​រយៈពេល ៥០​ឆ្នាំ ក្រោយ​មាន​រដ្ឋប្រហារ​ដណ្តើម​អំ​ណា​ច​នៅក្នុង​ឆ្នាំ ១៩៦២ រៀបចំឡើង​ដោយ​ឧ​ត្ត​ម​សេនីយ៍ Ne Win​។  ថ្វីបើ​រដ្ឋាភិបាល​ស៊ីវិល​ចាប់កំណើត​ក្រោយ​ការបោះឆ្នោត​ប្រវត្តិសាស្ត្រ​ឆ្នាំ ២០១៥ ហើយ​ដំណើរ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នៅតែ​ដើរទៅ​មុខ​ក្តី ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​លើសលុប​ក្នុង​នយោបាយ​មី​យ៉ាន់​ម៉ា​ដដែល​។

​ក្នុង​វេទិកា​ដដែល​នោះ លោកស្រី ស៊ូ​ជី ទទួលស្គាល់ថា ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​មិនទាន់​ដល់​ចំណុច​ពេញលេញ​ឡើយ​។ លោកស្រី​បានលើកឡើង​ជាថ្មី​ដែរ​ពី​មហិច្ឆតា​កែ​រដ្ឋធម្មនុញ្ញ​បញ្ចប់​ឥទ្ធិពល​របស់​យោធា​ដែលមាន​លើ​ស្ថាប័ន​នីតិបញ្ញត្តិ និង​ប្រតិបត្តិ​ជាពិសេស​លើ​បញ្ហា​សន្តិសុខ​។

​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ធ្វើ​ឲ្យ​ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​ខ្លាំង​។ រដ្ឋធម្មនុញ្ញ​នេះ​រក្សា​អាសនៈ ២៥​ភាគរយ​នៅ​សភា​សម្រាប់​ក្រុម​យោធា និង​ផ្តល់​ក្រសួង​បី​សំខាន់ៗ​មាន​ការពារជាតិ សន្តិសុខ​ព្រំដែន និង​មហាផ្ទៃ​ទៅ​ឲ្យ​ក្រុម​យោធា​កាន់កាប់​ទៀតផង​៕



Tag:
 អ៊ុង​សាន ស៊ូ​ជី​
  មី​យ៉ាន់​ម៉ា​
 ​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com