ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​មាតុភូមិ​យើង មិនទាន់មាន​ជំហរ​ច្បាស់​លើ​ការចូលរួម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​
23, Aug 2018 , 8:39 pm        
រូបភាព
លោក ច័ន្ទ ប៊ុនហន ប្រធាន​គណបក្សមាតុភូមិយើង
លោក ច័ន្ទ ប៊ុនហន ប្រធាន​គណបក្សមាតុភូមិយើង
ដោយ:
​ភ្នំពេញ​៖ គណបក្ស​មាតុភូមិ​យើង មិនទាន់មាន​ការសម្រេច​ច្បាស់លាស់​ណាមួយ​ថា ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​សម្ដេច ហ៊ុន សែន បាន​ផ្ដួច​ផ្ដើមគំនិត​កាលពី​ថ្ងៃទី​២១ ខែសីហា នោះទេ​។ នេះ​បើតាម​លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង​។​



​កត្តា​ដែល​នាំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​នៅ​មិនទាន់មាន​ការសម្រេចចិត្ត​ច្បាស់លាស់ ក៏​ព្រោះតែ​លោក​រង់​ចាំមើល ការ​បង្កើតជា​ផ្លូវការ​សិន​។ ប្រធាន​គណបក្ស​មាតុភូមិ​យើង​ចង់ដឹង​អំពី​តួនាទី និង​កាតព្វកិច្ច​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ទើប​អាន​សម្រេចបាន​ថា​គណបក្ស​លោក ចូលរួម​ឬ​មិន​ចូលរួម​។​

​បន្ថែម​លើ​នេះ លោក ច័ន្ទ ប៊ុន​ហន ក៏​រង់​ចាំមើល​ទឹកចិត្ត​ប្រជាពលរដ្ឋ អ្នកគាំទ្រ​ជាមុនសិន ថា​តើ ពេញចិត្ត​ឲ្យ​មាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ​ដែល ឬទេ​? ប្រសិនជា​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន នោះ​គណបក្ស​របស់លោក​នឹងចូលរួម ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ​។​

​លោក ច័ន្ទ​ប៊ុន​ហន បញ្ជាក់ថា​៖ «​ខ្ញុំ​នៅ​រង់​ចាំមើល​តិច​ទៀត​សិន សម្ដេចនាយក​ក៏​និយាយ​ដែរ មិនទាន់​មានអី​ផង​ឲ្យ​គេ​ទៅ​ចូលរួម​ម៉ិច​? ខ្ញុំ​ក៏​ចាំមើល​ប្រជាពលរដ្ឋ​គាត់​យល់​ម៉ិច​ដែរ រឿង​អស់ហ្នឹង​»​។​

​គណបក្ស​មាតុភូមិ​យើង គឺជា​គណបក្ស​១ ក្នុងចំណោម​៣​គណបក្ស​ផ្សេងទៀត ដែល​មិនបាន​ចូលរួម​តាម​ការអញ្ជើញ​គ្រប់​តំណាង​គណបក្ស​ទាំង​២០ របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែសីហា ឡើយ​។ គណបក្ស​៣​ទៀត​រួមមាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​

​ឧ​ត្ត​ម​ក្រុមប្រឹក្សា និង​ផ្ដល់យោបល់​នេះ ធ្វើឡើង​សម្រាប់​ប្រធាន និង​អនុប្រធាន នៃ​គណបក្ស​នានា ដែល​មិនបាន​ទទួល​អាសនៈ ក្នុង​រដ្ឋសភា​សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៦​។ មិនតែប៉ុណ្ណោះ​សមាសភាព​ដែល​ចូលរួម​ជាមួយ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ អាចមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៕



Tag:
 នយោបាយ​
 ​តំណែង​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com