ជាតិ
ព្រះមហាក្សត្រ នឹង​យាង​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​
25, Aug 2018 , 6:19 pm        
រូបភាព
រូបពី AFP៖ ព្រះមហាក្សត្រ និងសម្តេច ហេង សំរិន នាទិវាឯករាជ្យជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
រូបពី AFP៖ ព្រះមហាក្សត្រ និងសម្តេច ហេង សំរិន នាទិវាឯករាជ្យជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
ដោយ: ថ្មីៗ
​ព្រះមហាក្សត្រ នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ពិធី​បើក​សម័យប្រជុំ​ដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​៥ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​ក្រសួងព្រះបរមរាជវាំង ដែល​ធ្វើឡើង​នៅ​ថ្ងៃ​២២ ខែសីហា ឆ្នាំ​២០១៨ ហើយ​ផ្ញើជូន​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ជួយ​រៀបចំ​និង​រក្សា​សុវត្ថិភាព ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ​ឲ្យ​បានល្អ​ប្រសើរ​។​



​តំណាងរាស្ត្រ​ទាំង​១២៥​រូប ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ប្រកាស​សុពល​ភាព​ជូន នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​។ ពេល​រសៀល​ក្នុង​ថ្ងៃ​ដដែល តំណាងរាស្ត្រ​ទាំងនោះ នឹងត្រូវ​ចូលទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង មុននឹង​ចូលកាន់​តំណែង​។

​ក្រោយមក​មួយថ្ងៃ គឺ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ក្នុងពេល​ជាមួយគ្នា​តែម្តង (​បោះឆ្នោត​ជា​កញ្ចប់​)​។ ការបង្កើត​ក្បាលម៉ាស៊ីន​រដ្ឋសភា​និង​សមាសភាព​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​នេះ គឺធ្វើឡើង​តាម​នីតិវិធី ដែល​មានចែង​ក្នុង​មាត្រា​៤​នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម​។

​ថ្នាក់ដឹកនាំ​រដ្ឋសភា ដែល​សំដៅ​នោះ រួមមាន ប្រធានរដ្ឋសភា និង​អនុប្រធានរដ្ឋសភា​ទាំង​ពីររូប រួមទាំង​ប្រធាន​និង​អនុប្រធាន​នៃ​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​។ ចំណែក​សមាសភាព​រដ្ឋា​ភិ​បាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៕


Tag:
 មហាក្សត្រ​
  សភា​
  ប្រជុំ​
  រាជវាំង​
© រក្សាសិទ្ធិដោយ thmeythmey.com