ជាតិ
នយោបាយជាតិ
លោក សួន សេរីរដ្ឋា ចង់ចូលរួមជាមួយបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រោយបក្សអំណាចខ្មែរបដិសេធ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ
× ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ចង់ចូលរួមអាជីពនយោបាយ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបន្តទិសដៅនយោបាយរួមគ្នា ក្នុងការប្រកួតប្រជែងនយាបាយជាមួយគណបក្សដទៃ។ គោលបំណងរបស់អ្នកនយោបាយ ដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ធ្វើឡើងក្រោយគណបក្សអំណាចខ្មែរបដិសេធវត្តមានខ្លួន។
លោក សួន សេរីរដ្ឋា មិនអាចវិលចូលគណបក្សអំណាចខ្មែរ ដែលខ្លួនបានបង្កើតឡើងវិញឡើយ ក្រោយពីមានសេចក្តីប្រកាសមិនធ្វើសមាជជ្រើសតាំងជាថ្មី ពីថ្នាក់ដឹកនាំបក្ស។ ដ្បិតមិនអាចចូលបក្សចាស់វិញក្តី ប៉ុន្តែវាមិនមែនធ្វើឲ្យលោក សួន សេរីរដ្ឋា បោះបង់ចោលអាជីពនយោបាយនោះទេ។ ទិសដៅនយោបាយរបស់លោក សួន សេរីរដ្ឋា បានកំណត់នោះ គឺបំណងបង្កើតគណបក្សថ្មី ឬក៏ចូលរួមអាជីពនយោបាយជាមួយគណបក្សដទៃ។
និយាយដល់ចំណុចនេះ លោក សួន សេរីរដ្ឋា បានបង្ហើបពីបំណងខ្លួន ដែលចង់ចូលរួមអាជីពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនយោបាយដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ រហូតជាប់ពន្ធនាគាររូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោក ចង់បន្តនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះ ដោយសារឃើញគណបក្សមួយនេះ មានគោលនយោបាយត្រឹមត្រូវ ស្របតាមគោលគំនិតខ្លួន ទាំងភាសានិយាយ និងការប្រើប្រាស់ការទូត ដោះស្រាយបញ្ហាជាដើម។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ បានបញ្ជាក់ដូច្នេះថា៖«គណបក្សដែលខ្ញុំ គិតថាអាចចូលរួមធ្វើនយោបាយជាមួយគ្នាបាននោះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រោះខ្ញុំធ្លាប់ជួបពួកគាត់នៅក្នុងកម្មវិធីសិក្ខាសាលាជាច្រើននាពេលកន្លងមក។ ដូច្នេះខ្ញុំគិតថា បើយើងអាចចូលរួមជាមួយគ្នា យើងនឹងពិភាក្សាពីគោលនយោបាយដាក់ទិសដៅរួមគ្នាលើតុ ខ្ញុំមានគោលគំនិតនេះ គាត់មានគោលគំនិតនោះ តើយើងអាចពិភាក្សារកចំណុចរួមគ្នា ធ្វើការជាមួយគ្នាបានទេ»។
លោក សួន សេរីរដ្ឋា ចាប់អារម្មណ៍លើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តាំងពីលោកមិនទាន់ជាប់ពន្ធនាគារម្ល៉េះ ប៉ុន្តែគ្រាន់តែខ្លួនមិនទាន់មានឱកាសក្នុងការចរចាជាមួយថ្នាក់ដឹកនាំគណបក្សនេះប៉ុណ្ណោះ។នេះបើតាមលោក សួន សេរីរដ្ឋា។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីសុំការឆ្លើយតបនឹងបំណងរបស់លោក សួន សេរីរដ្ឋា ដែលចង់ធ្វើនយោបាយរួមគ្នានេះឡើយ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាស សម្រាករយៈពេល២ខែ ដោយមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងរឿងមួយចំនួនជុំវិញបញ្ហានយោបាយឡើយ៕
Tag:
សួន សេរីរដ្ឋា
GDP
អំណាចខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com