អន្តរជាតិ
អ៊ីរ៉ង់​ចុះ​កិច្ចព្រមព្រៀង​ជួយ​ស៊ី​រី​ពង្រឹង​វិស័យ​យោធា និង​កសាង​ប្រទេស​ឡើងវិញ​ក្រោយ​សង្គ្រាម
27, Aug 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ី​រី និង​អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​យោធា និង​កសាង​ប្រទេស ឡើងវិញ​ដែរ​នៅ​ថ្ងៃ​ចន្ទ​ទី ២៧ ខែសីហា​នេះ​ក្នុងការ​ដៅ​ធានា​វត្តមាន​កងទ័ព​អ៊ីរ៉ង់​នៅ​ស៊ី​រី និង​ជួយ​ជ្រោមជ្រែង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​ក្នុងដំណាក់កាល​ក្រោយ​សង្គ្រាម​។ រដ្ឋាភិបាល​ស៊ី​រី​បច្ចុប្បន្ន​កាន់តែ​មានប្រៀប​ក្នុងការ​ច្បាំង​ដណ្តើមយក​ទឹកដី​ទាំង​អស់ពី​ក្រុម​ឧទ្ទាម​មក​គ្រប់គ្រង​វិញ​ដែរ​។

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​ស៊ី​រី​នៅ​សប្តាហ៍​នេះ ប្រមុខ​ការពារជាតិ​អ៊ីរ៉ង់ Amir Hatami បាន​ជួបពិភាក្សា​ជាមួយ​ជាមួយ​សម​ភាគី​ស៊ី​រី​លោក​ឧ​ត្ត​ម​សេនីយ៍ Ali Abdullah Ayyoub និង​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ​ផង​ជុំវិញ​ការពង្រីក​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​យោធា​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Tasnm បាន​ផ្សាយ​ថា ភាគី​ទាំងពីរ​បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​កសាង​ប្រទេស​ស៊ី​រី​ឡើងវិញ​ផង ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អ៊ីរ៉ង់​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​លោក Hatami បាន​កត់សម្គាល់ថា ជ័យជម្នះ និង​ការរំដោះ​យក​ទឹកដី​ពី​ក្រុម​ភេរវជន​នឹង​នាំ​ស៊ី​រី​ទៅរក​ស្ថិរភាព និង​សន្តិសុខ​ក្នុងប្រទេស និង​ក្នុង​តំបន់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បញ្ចប់​អស់​លេស​សម្រាប់​មហាអំណាច​ផ្សេងទៀត​ដែល​ចង់​លូកលាន់ និង​ចូល​អន្តរាគមន៍​ទៀត​ដែរ​។​
 
​លោក​បន្ថែមថា ក្នុងដំណាក់កាល​នេះ​អ៊ីរ៉ង់​មិន​រារែក​ក្នុងការ​ចូលរួម​រក្សា​សាមគ្គីភាព និង​ឯកភាព​ជាតិ​ស៊ី​រី​ឡើយ​។ លោក Hatami អះអាង​ដូច្នេះ​៖«​ស៊ី​រី​កំពុង​ឆ្លងកាត់​ដំណាក់កាល​វិបត្តិ​ដ៏​លំបាកលំបិន​មួយ និង​ឈាន​ចូលដល់​ដំណាក់កាល​កសាង​ប្រទេស​វិញ​។ អ៊ីរ៉ង់​នឹងមិន​ស្ទាក់​ស្ទើរនឹង​ជួយ​រក្សា​ឯកភាព​ជាតិ​នៅ​ស៊ី​រី​ឡើយ​ព្រោះ​សន្តិសុខ​នៅ​ស៊ី​រី​មាន​សារសំខាន់​ណាស់​ដើម្បី​សម្រេចបាន​នូវ​ស្ថិរភាព​ក្នុង​តំបន់​»​។ 
 
 
​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ី​រី​លោក Ayyoub វិញ​ក៏បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​អ៊ីរ៉ង់​ដែល​បាន​ជួយ​គាំទ្រ​ខ្លួន​គ្រប់​កាលៈទេសៈ​ជាពិសេស​សម្ព័ន្ធភាព​ត្រីភាគី អ៊ីរ៉ង់ ស៊ី​រី និង​ក្រុម​ប្រដាប់អាវុធ​ហេ​ស្បូ​ឡា​នៃ​ប្រទេស​លី​បង់​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​និង​ក្រុម​ភេរវជន​អន្តរជាតិ​ដែរ​។​
 
​មន្ត្រី​ស៊ី​រី​រូបនេះ​អះអាង​បន្ថែមថា ជ័យជម្នះ​កន្លងមក​នៅ​ស៊ី​រី​ធ្វើ​ឲ្យ​ក្រុម​បច្ចាមិត្ត​មាន​អាមេរិក​និង​អ៊ីស្រាអែល​ភ័យព្រួយ​ដែរ ហើយ​ស៊ី​រី​ប្តេជ្ញា​បន្ត​រក្សា​សម្ព័ន្ធភាព​ដែលមាន​ជាមួយ​អ៊ីរ៉ង់ និង​មិន​បណ្តោយ​ឲ្យ​ប្រទេស​ផ្សេងទៀត​បំផ្លិចបំផ្លាញ​នោះឡើយ​។ 
 
​ត្រឡប់មក​កិច្ចព្រមព្រៀង​ថ្មី បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​ខាងលើ កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​និង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​នេះ​ធានា​ឲ្យ​មាន​ការជួយជ្រោមជ្រែង​ដល់​ស៊ី​រី​ផ្នែក​បច្ចេកទេស​យោធា និង​រក្ស​វត្តមាន​កងទ័ព​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី​ផងដែរ​។ 
 
​តាំងពី​យូរ​មកហើយ រដ្ឋាភិបាល​អ៊ីរ៉ង់​ដែលជា​សម្ព័ន្ធមិត្ត​ស៊ី​រី​នេះ​បានផ្តល់​ជំនួយ​និង​ការគាំទ្រ​ច្រើន​ផ្នែក​ទាំង​ហិរញ្ញវត្ថុ យោធា និង​ផ្នែក​នយោបាយ​ដល់​រដ្ឋាភិបាល​លោក អាសាដ ក្នុងពេលដែល​របប​ដឹកនាំ​នេះ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាន​គាំទ្រ​ដោយ​លោកខាងលិច​ក្នុង​សង្គ្រាម​ប្រាំពីរ​ឆ្នាំនេះ​៕
 

Tag:
 ស៊ី​រី​
  ការពារជាតិ​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com