អន្តរជាតិ
UN ស្នើ​កាត់ទោស​អគ្គមេបញ្ជាកា​រ​ទ័ព​មី​យ៉ាន់​ម៉ា​លើ​ករណី​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
27, Aug 2018 , 11:39 pm        
រូបភាព
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព AFP)
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព AFP)
​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៧ ខែសីហា បានចេញ​ផ្សាយ​របាយការណ៍​ជុំវិញ​ការ​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​។ ក្រុម​ស៊ើបអង្កេត​របស់​ស្ថាប័ន​ពិភពលោក​កំពូល​នេះ បាន​រកឃើញថា យោធា​មី​យ៉ាន់​ម៉ា​មាន​ចេតនា​ប្រល័យពូជសាសន៍​ជនភាគតិច​មួយ​នេះ​។ អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​កាត់ទោស​មេទ័ព​មី​យ៉ាន់​ម៉ា​៦​រូប​លើ​ករណីនេះ​។ ស្ថាប័ន​នេះ​ក៏​រិះគន់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​បរាជ័យ​មិនអាច​ការពារ​ជនភាគតិច​បាន​។​

 
​ក្នុង​របាយការណ៍​កម្រាស់​២០​ទំព័រ បេសកកម្ម​រក​ការពិត​របស់​អង្គការសហប្រជាជាតិ​បានចាត់ទុក​សកម្មភាព​របស់​យោធា​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine ដូចជា​ការសម្លាប់​រង្គាល និង​ការបំពាន​ផ្លូវភេទ​ទ្រង់ទ្រាយ​ធំ​លើ​ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ជា «​ចេតនា​ប្រល័យពូជសាសន៍​»​។ បេសកកម្ម​ស៊ើបអង្កេត​ឯករាជ្យ ក៏​ស្នើ​ឲ្យ​កាត់ទោស​អគ្គមេបញ្ជាការ​ទ័ព​មី​យ៉ាន់​ម៉ា មីន អ៊ុង​ឡាំង និង​ឧ​ត្ត​ម​សេនីយ៍​៥​នាក់​ទៀត​ដែល​រៀបចំ​ឲ្យ​មាន​សកម្មភាព​បែបនេះ​។​
 
​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បាន​ផ្ទុះឡើង​តាំងពី​ខែសីហា​ឆ្នាំមុន ក្រោយ​យោធា​មី​យ៉ាន់​ម៉ា​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​រដ្ឋ Rakhine បោសសម្អាត​ក្រុម​ឧទ្ទាម​ដែល​វាយប្រហារ​ទីតាំង​សន្តិសុខ​នៅក្បែរ​ព្រំដែន​បង់​ក្លា​ដែ​ស​។ ជន​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​បាន​ភៀសខ្លួន​ពី​យុទ្ធនាការ​ប្រកបដោយ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា​ដែល​បានសម្លាប់​មនុស្ស រំលោភ​ផ្លូវភេទ និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​។ ទាំង​យោធា ទាំង​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បដិសេធ​ការចោទប្រកាន់​ពាក់ព័ន្ធ​ការ​បោសសម្អាត​ពូជសាសន៍​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុម​ស៊ើបអង្កេត​ពិសេស​លើកឡើងថា សកម្មភាព​របស់​យោធា​មិន​សមស្រប​នឹង​ការគំរាមកំហែង​សន្តិសុខ​ដែល​ពួកគេ​យក​ជា​មូលហេតុ​ដើម្បី​បើក​ប្រតិបត្តិការ​ឡើយ​។ បង្កើត​ក្នុង​ឆ្នាំ​២០១៧ ក្រុម​ស៊ើបអង្កេត​ដែល​បាន​សម្ភាស​ជនរងគ្រោះ​នៅ​ទឹកដី​បង់​ក្លា​ដែ​ស និង​នៅ​ប្រទេស​ផ្សេងទៀត អះអាងថា ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បើក​ការស៊ើបអង្កេត និង​កាត់ទោស​មន្ត្រីជាន់ខ្ពស់​យោធា​មី​យ៉ាន់​ម៉ា​។   
 
​ទោះ​ទទួលស្គាល់ថា លោកស្រី ស៊ូ​ជី មានអំណាច​តិចតួច​ក្ដី ក្រុម​ស៊ើបអង្កេត​នេះ ក៏​រិះគន់​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ចំៗ ដ្បិត​អសកម្ម​ភាព និង​បរាជ័យ​មិន​អាចជួយ​ក្រុម​ភាគតិច​ដែល​រងគ្រោះ​បាន​។ របាយការណ៍​ខាងលើ​រកឃើញថា លោកស្រី ស៊ូ​ជី មិនបាន​ប្រើប្រាស់​អំណាច​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល ឬក៏​អំណាច​ខាង​សីលធម៌​ដើម្បី​ហាមឃាត់​ការ​បែកធ្លាយ​ហេតុការណ៍​ឃោរឃៅ​របស់​យោធា​។ សកម្មភាព​បែបនេះ​បានរួម​ចំណែក​ក្នុង​ឧក្រិដ្ឋកម្ម​សាហាវយង់ឃ្នង​។​
 
​ជាមួយគ្នានេះ ក្រុម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដើម្បី​ចាត់ការ​បន្ត ឬក៏​បង្កើត​អង្គជំនុំជម្រះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​ដើម្បី​ដោះស្រាយ​សំណុំ​រឿងនេះ​។ លើសពីនោះ គេ​ក៏​ឃើញ​មាន​សំណើ​ឲ្យ​ដាក់ទណ្ឌកម្ម​អាវុធ ឬ​ទណ្ឌកម្ម​លើ​បុគ្គល​ជាក់លាក់​ណាមួយ​ដែល​ទទួលខុសត្រូវ​លើ​សកម្មភាព​ដ៏​អមនុស្សធម៌​លើ​ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​៕
 

Tag:
 UN
  មី​យ៉ាន់​ម៉ា​
  មីន អ៊ុង​ឡាំង
© រក្សាសិទ្ធិដោយ thmeythmey.com