កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho មួម៉ៅ​​អ្នកកាសែត​ហើយ​ដើរ​ចេញពី​សន្និសីទ ក្រោយ Man Utd ចាញ់ Spurs ៣-០
28, Aug 2018 , 11:41 am        
រូបភាព
​លោក Jose Mourinho បាន​ដើរ​ចេញពី​សន្និសីទ​សារព័ត៌​ដើម្បី​ជាការ​ទាមទារ​ឲ្យ​អ្នកកាសែត​បង្ហាញ​«​ការគោរព​»​ចំពោះ​លោក​ក្រោយ Manchester United ចាញ់ Tottenham Hotspur ៣-០ ក្នុង​ដី​ខ្លួនឯង នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​២៧ ខែសីហា​។


 
​ក្រុម​បិសាច​ក្រហម​បាន​ទទួលរង​បរាជ័យ​យ៉ាង​អា​មាស​មិន​ធ្លាប់មាន​ពីមុនមក​ក្រោយ​មានការ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ពី​សំណាក់​ខ្សែប្រយុទ្ធ Harry kane ១​គ្រាប់ និង​ខ្សែបម្រើ​ចំណូល​ថ្មី Lucas Moura ២​គ្រាប់ ដែល​ជួយ​ក្រុម​របស់​អ្នកចាត់ការ Mauricio Pochettino ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​សម្រាប់​រដូវ​កាល​ថ្មី​។​
 
​ប៉ុន្តែ​សម្រាប់ Mourinho ជាការ​បង្ហាញខ្លួន​មិនបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​ដោយ​នាំ Man Utd ចាញ់​ពី​ប្រកួត​ជាប់​គ្នា​ក្រោយ​ចាញ់ Brighton ៣-២ និង Spurs ៣-០ ក្នុងការ​ប្រកួត​៣​លើកចុងក្រោយ​។​


 
​ក្រោយ​ចប់​ការប្រកួត អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌ ហើយ​ត្រូវ​អ្នកសារព័ត៌មាន​សួរ​សំណួរ​ធ្ងន់ៗ​ទាក់ទិន​នឹង​បរាជ័យ និង​ការដើរ​ចេញពី​កីឡដ្ឋាន​ពី​អ្នកគាំទ្រ​ទាំង​ការប្រកួត​មិនទាន់​ចប់​។​
 
​អតីត​អ្នកចាត់ការ Chelsea និង Real Madrid រូបនេះ​ឆ្លើយ​ទាំង​អារម្មណ៍​មិន​ពេញចិត្ត​ថា​៖«​បញ្ចប់ទៅ តើ​អ្នក​ដឹក​ថា​លទ្ធផល​៣-០ ជា​អ្វី​ទេ​? តើ​អ្នក​ដឹងថា​វា​មានន័យ​ដូចម្ដេច​ទេ​? មានន័យថា Premier League ៣​ដង​។ ខ្ញុំ​បានឈ្នះ​ពានរង្វាន់ Premier League តែឯង​ច្រើនជាង​អ្នកចាត់ការ​១៩​នាក់​ផ្សេងទៀត​នៅពេលនេះ​។ ៣​សម្រាប់​ខ្ញុំ និង​២​សម្រាប់​ពួកគេ​»​។ Mourinho ទាមទារ​ឲ្យ​អ្នកកាសែត​សួរ​សំណួរ​ដោយ​ផ្តល់​ការគោរព​ចំពោះ​លោក ហើយក៏​ងើប​ចេញពី​កៅអី​ដើរចេញ​តែម្តង​។
 
​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester រកបាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ការប្រកួត​៣​លើក​ឈ្នះ​១ និង​ចាញ់​២​លើក ស្ថិតនៅ​លេខ​រៀង​ទី​១៣ ក្នុង​តារាង​ចំណាត់ថ្នាក់ Premier League បណ្តោះអាសន្ន​៕
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com