អន្តរជាតិ
លោក ស៊ី ជិន​ភីង​៖ គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ នាំ​ប្រយោជន៍​រួម​តែ​គ្មាន​ការបង្កើត​សម្ព័ន្ធភាព​អ្វី​ឡើយ​
28, Aug 2018 , 2:05 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២៧ ខែសីហា បាន​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​លោក​ដាក់ចេញ​ដោយផ្ទាល់​នៅ​ឆ្នាំ​២០១៣ ។ គំនិត​ផ្ដួចផ្ដើម​នេះ មាន​គោលដៅ​ត​ភ្ជាប់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ ដោយ​ចិន​ជា​អ្នក​បោះទុន​ធំជាងគេ​។ ប៉ុន្តែ​គម្រោង​មាន​ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​បំណុល​របស់​ប្រទេស​ខ្ចីលុយ​ចិន​ដើម្បី​ផ្គត់ផ្គង់​គម្រោង​ធំៗ​របស់ខ្លួន​។​

 
​ឆ្នាំ​២០១៨ គឺជា​ខួប​ទី​៥​នៃ​ការដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កា​ហ្សា​ក់​ស្ថាន និង​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០១៣ បានប្រកាស​ផែនការ​សាងសង់​ខ្សែក្រវាត់​ផ្លូវ​សូត្រ​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ឬ​អាច​ហៅ​ដោយ​ខ្លី​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូ​តែម្ដង​។ ប៉ុន្តែ​បន្តិច​ម្ដងៗ គម្រោង​របស់​ចិន​មួយ​នេះ បង្ក​ឲ្យ​មាន​វិបត្តិ​បំណុល​នៅតាម​ប្រទេស​ខ្លះទៅ​វិញ ខ្លះទៀត​បាន​លុបចោល​គម្រោង​របស់​ចិន​តែម្ដង​។​
 
​នៅ​ម៉ាឡេស៊ី គម្រោង​ធំ​បី​របស់​ចិន​ត្រូវបាន​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានប្រកាស​លុបចោល​គ​ម្រោ​ង​ដែលមាន​តម្លៃ​២២​ពាន់​លាន​ដុល្លារ ដោយ​អះអាងថា ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ជំពាក់​បំណុល​កាន់តែច្រើន​។ នៅ​ប៉ា​គី​ស្ថាន​ឯណោះ​វិញ ការឡើង​កាន់តំណែង​នាយករដ្ឋមន្ត្រី​របស់លោក Imran Khan ទំនងជា​បង្ក​ផលប៉ះពាល់​ដល់​គម្រោង​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន ដែលមាន​តម្លៃ​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ​ទៀតផង​។  
 
​ទោះ​មានការ​ព្រួយបារម្ភ​ក្ដី លោក ស៊ី ជិន​ភីង អះអាងថា គំនិត​ផ្ដួចផ្ដើម​របស់លោក មាន​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សាកលភាវូបនីយកម្ម​ពិភពលោក ហើយ​ប្រទេស​ជាច្រើន​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​គម្រោង​នេះ ប្រធានាធិបតី​ចិន​រូបនេះ​និយាយថា ការគាំទ្រ​យ៉ាងច្រើន​លើ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​ពី​សំណាក់​ប្រទេស​កំពុង​អភិវឌ្ឍ​បង្ហាញ​ពី​បំណងប្រាថ្នា​សម្រាប់​សន្តិភាព និង​ការអភិវឌ្ឍ​។​
 
​ឆ្លើយ​ទៅនឹង​ពាក្យ​រិះគន់ថា ចិន​ចង់​ប្រើ​គម្រោង​នេះ​ដើម្បី​ប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​របសខ្លួន​នោះ មេដឹកនាំ​ចិន​រូបនេះ​លើកឡើងថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ គឺជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច មិនមែន​បង្កើតជា​សម្ព័ន្ធ​មិត្ត​ភូមិសាស្ត្រ​នយោបាយ ឬ​យោធា​ឡើយ​។ ប្រធានាធិបតី​ចិន​ដែលមាន​ឥទ្ធិពល​ខ្លាំង​ដដែល​នេះ​បន្តថា វា​ក៏​ជា​ដំណើរ​ការបើកចំហ និង​រួមបញ្ចូល​គ្រប់ភាគី មិនមែនជា​ប្លុក​ដាច់ដោយឡែក ឬ​ប្លុក​របស់​ចិន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​
 
​សម្ដី​របស់លោក ស៊ី ជិន​ភីង អាចជា​ការផ្លាស់ប្ដូរ​ជំហរ​ក្នុង​ការពង្រឹង​មហិច្ឆតា​លើ​ឆាក​ពិភពលោក ក៏ដូចជា​យុទ្ធសាស្ត្រ​របស់​ចិន​ជុំវិញ​គំនិត​ផ្ដួចផ្ដើម​ខាងលើ សំដៅ​ដោះស្រាយ​ការព្រួយបារម្ភ​ពី​សំណាក់​អន្តរជាតិ​ជុំវិញ​បញ្ហា​បំណុល​ដែល​កើតចេញពី​ការអនុវត្ត​គម្រោង​ធំៗ​នេះ​។ កន្លងមក ចិន​ក៏​ធ្លាប់​អះអាង​ដែរ​ថា ខ្លួន​ទុក​ឲ្យ​ប្រទេស​ចូលរួម​ក្នុង​គម្រោង​របស់ខ្លួន ជា​អ្នកវាយតម្លៃ​ពី​ផលប្រយោជន៍​របស់​គំនិត​ផ្ដួចផ្ដើម​របស់ខ្លួន មិនមែន​ប្រទេស​ខាងក្រៅ​ឡើយ​៕
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com