អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​លាលែង​ពី​តំណែង ព្រោះ​រដ្ឋាភិបាល​មិនសូវ​ខ្វល់​ពី​បញ្ហា​បរិស្ថាន​
28, Aug 2018 , 3:00 pm        
រូបភាព
រដ្ឋមន្រ្តីបរិស្ដាន Nicolas Hulot សម្រេចចិត្តលាលែងពីតំណែង (រូបភាព AFP)
រដ្ឋមន្រ្តីបរិស្ដាន Nicolas Hulot សម្រេចចិត្តលាលែងពីតំណែង (រូបភាព AFP)
​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង Nicolas Hulot បានប្រកាស​លាលែង​ពី​តំណែង​របស់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែសីហា​។ លោក Hulot បាន​លើកយក​មូល​ហេតុថា បញ្ហា​បរិស្ថាន​ហាក់​មិនត្រូវ​គិតគូរ​ខ្លាំង​ឡើយ​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​បារាំង​។​

 
​ជា​អតីត​ពិធីករ​ទូរទស្សន៍ និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក Nicolas Hulot ជា​សមាជិក​រដ្ឋាភិបាល​ដែលមាន​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ។ លោក ម៉ា​ក្រុង ដែលជា​ប្រធានាធិបតី​បារាំង​វ័យក្មេង​ជាងគេ បានជ្រើសរើស​អ្នកជំនាញ​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​តាម​វិស័យ​នីមួយៗ​តួយ៉ាង​លោក Hulot ជា​រដ្ឋមន្ត្រី​បរិស្ថាន​តែម្ដង​។​
 
​យ៉ាងណាមិញ លោក Hulot បានសម្រេច​ចិត្ត​បោះបង់​តំណែង​រដ្ឋមន្ត្រី​របស់ខ្លួន ព្រោះ​លោក​ហាក់ដូចជា​មនុស្សម្នា​ក់គ​ត់​ក្នុង​គណៈរដ្ឋមន្ត្រី​ដែល​គិតគូរ​ពី​បរិស្ថាន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Hulot បាន​ប្រាប់​វិទ្យុ​បារាំង France Inter ថា លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​បរិស្ថាន​ហើយ​។ លោក​បន្តថា លោក​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការខ្វះខាត​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ការពារ​ពារ​ជីវចម្រុះ និង​ការគំរាមកំហែង​បរិស្ថាន​ផ្សេងទៀត​។​
 
​ចំពោះ​ការលាលែង​តំណែង​នេះ លោក Hulot មិនទាន់​ជូនដំណឹង​ផ្លូវការ​ទៅកាន់​លោក​ប្រធានាធិបតី ម៉ា​ក្រុង ឬ​នាយករដ្ឋមន្ត្រី Edouard Philippe ឡើយ​។ ការលាលែង​នេះ ពិតជា​បង្កបញ្ហា​ឈឺក្បាល​សម្រាប់​លោក ម៉ា​ក្រុង ដែល​កំពុង​ជួប​បញ្ហា​ជាច្រើន​ស្រាប់​ផង​៕
 

Tag:
 បារាំង​
  Nicolas Hulot
© រក្សាសិទ្ធិដោយ thmeythmey.com