អន្តរជាតិ
ម៉ាឡេស៊ី​ស្វាគមន៍​អ្នកទេសចរ​បរទេស ប៉ុន្តែ​ទិញ​ផ្ទះសម្បែង​មិន​ធានាថា​បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់​ទេ​
29, Aug 2018 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ម៉ាឡេស៊ី​ស្វាគមន៍​រាល់​អ្នកទេសចរ​ទាំងអស់​ទូទាំង​ពិភពលោក​រួមទាំង​មកពី​ចិន​ផងដែរ​។ ប៉ុន្តែ​លិខិត​ដដែល​នោះ​ក៏​បញ្ជាក់ថា ចំពោះ ការទិញ​អចលនទ្រព្យ​នៅ​ម៉ាឡេស៊ី​វិញ មិនអាច​ធានាថា​ពួកគេ​អាច​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​រស់នៅ​ម៉ាឡេស៊ី​ឡើយ​។


​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បញ្ជាក់ថា ជនបរទេស​មិនអាច​ទិញ​លំនៅ​ដ្ឋា​នៅក្នុង​គម្រោង​ទីក្រុង​ថ្មី Forest City នៅ​រដ្ឋ Johor នោះ ការិយាល័យ​នាយករដ្ឋមន្ត្រី​បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ភ្លាម​។​
 
​យោងតាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា ម៉ាឡេស៊ី​នៅតែ​ស្វាគមន៍​រាល់​បណ្តា​អ្នកទេសចរ​ទាំងអស់​លើ​ពិភពលោក​រួមទាំង​ចិន​ផង ហើយក៏​នៅតែ​បន្ត​ស្វាគមន៍​រាល់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​អាច​នាំ​បច្ចេកវិទ្យា​ថ្មី បង្កើត​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​។ 
 
«​ម៉ាឡេស៊ី​ស្វាគមន៍​រាល់​អ្នក​ទេចរ​ទាំង​មកពី​ចិន ហើយ​វា​មិន​មានការ​រឹតបន្តឹង​អ្វី​ឡើយ​ដែល​ត្រូវ​ដាក់ចេញ​លើ​អ្នកទេសចរ​បរទេស ដរាបណា​ពួកគេ​អាចបំពេញ​លក្ខខណ្ឌ​តម្រូវ​ទាក់ទិន​នឹង​ច្បាប់​អន្តោប្រវេសន៍​ដែល​ដាក់ចេញ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​»​។ នេះ​ជាស​ម្តី​របស់​កា​រិ​យាយ​ល័យ​នាយករដ្ឋមន្ត្រី​តាម​សេចក្តីថ្លែងការណ៍​នោះ​។ 
 
​ចំណែក​ជុំវិញ​ការទិញ​អចលនទ្រព្យ​នៅ​ម៉ាឡេស៊ី​វិញ​នោះ ការិយាល័យ​លោក មហា​ធៀ បាន​ពន្យល់ថា វា​មិនមាន​លក្ខខណ្ឌ​ដែល​ចែងថា ការទិញ​អចលនទ្រព្យ​អាច​ផ្តល់​សិទ្ធិ​រស់នៅ​ស្របច្បាប់​ដោយ​ស្វ័យប្រវត្តិ​ឡើយ​។​
 
«​លើ​ការទិញ​អចលនទ្រព្យ​ដោយ​ជនបរទេស ទោះជា​ជនជាតិ​ណាក៏ដោយ ម៉ាឡេស៊ី​បាន​ដាក់ចេញ​លក្ខខណ្ឌ​ច្បាស់លាស់​ណាស់ ហើយ​ព័ត៌មាន​ពាក់ព័ន្ធ​មាន​ផ្សាយ​ជា​សាធារណៈ​ផង​។ ការទិញ​អចល​ទ្រព្យ​មិនអាច​ធានាថា​គេ​អាច​បាន​សិទ្ធិ​រស់នៅ​ស្របច្បាប់​ឡើយ​»​។​
 
​ការិយាល័យ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដដែល​ក៏បានផ្តល់​ការណែនាំ​ដល់​អ្នក​ដែល​ចង់​រស់នៅ​ម៉ាឡេស៊ី​ជា​អចិន្ត្រៃយ៍​ឲ្យ​ចុះឈ្មោះ​ចូល​កម្មវិធី​របស់​រដ្ឋា​ភិ​បាល « Malaysia My Second Home» និង​បំពេញ​លក្ខខណ្ឌ​ដើម្បី​បានទទួល​សិទ្ធិ​រស់នៅ​ស្របច្បាប់​។ 
 
​ត្រឡប់មកវិញ សម្តី​របស់លោក មហា​ធៀ ពាក់ព័ន្ធ​នឹង​គម្រោង​ទីក្រុង Forest City ធ្វើ​ឲ្យ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ប្រតិកម្ម និង​ទាមទារ​ឲ្យ​មានការ​បកស្រាយ​ពី​ខាង​រដ្ឋាភិបាល​ផង​។ គម្រោង​នេះ​ជា​របស់​ក្រុមហ៊ុន Country Garden និង​មាន​ភាគហ៊ុន​របស់​ក្សត្រ​ស៊ុ​លត​ង់​នៅ Johor ដែរ​។ វា​មាន​គោលដៅ​រចនា និង​កសាង​ទីក្រុង​គិតគូរ​ពី​បរិស្ថាន​មួយ​សម្រាប់​ប្រជាជន​ប្រាំពីរ​សែន​នាក់ ហើយ​ការសាងសង់​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០៣៥​។ មតិ​ខ្លះ​យល់ថា គម្រោង​នេះ​មាន​គោលដៅ​ទាក់ទាញ​បណ្តា​ប្រជាជន​ដែលមាន​ធនធាន​នៅក្នុង​ប្រទេស​ចិន​ដែរ​។​
 
​ការ​ប្រកាសថា គ្មាន​ការអនុញ្ញាត​ឲ្យ​លក់​អចលនទ្រព្យ​នៅ​គម្រោង Forest City ឲ្យ​ជនបរទេស​នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក មហា​ធៀ សម្រេច​លុបចោល​គម្រោង​សាងសង់​បំពង់​ឧស្ម័ន និង​ផ្លូវ​រថភ្លើង​ជាមួយ​ចិន​មានតម្លៃ​លើស ២២​ពាន់​លាន​ដុល្លារ​ដែរ​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ប៉ុន្មាន​សប្តាហ៍​មុន​នោះ​។ រដ្ឋាភិបាល​លោក មហា​ធៀ សម្រេច​បែបនេះ​ទំនងជា​ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​ប្រជាជន​ម៉ាឡេស៊ី​រស់នៅ​រដ្ឋ Johor ជុំវិញ​កំណើនប្រជាជន​ចិន​ដែល​សម្រុកចូល​ទិញ​ផ្ទះសម្បែង​ដែល​ធ្វើ​ឲ្យ​អចលនវត្ថុ​ឡើងថ្លៃ និង​មានការ​បំពុលបរិស្ថាន​ផងដែរ​៕
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  Forest City
© រក្សាសិទ្ធិដោយ thmeythmey.com