ភ្នំពេញ៖ កម្ពុជា -រុស្ស៊ី បានឯកភាពគ្នា៥ចំណុច លើការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា។ ភាគីទាំងពីរនេះ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ កាលពីឆ្នាំ២០១៦។
អស់រយៈពេលជាង៣ឆ្នាំហើយ ដែលកម្ពុជា-រុស្ស៊ី បានពិភាក្សា និងសិក្សារួមគ្នាលើការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា។ តាមរយៈការពិភាក្សាគ្នានេះភាគីទាំងពីរ បានឯកភាពគ្នាចំនួន៥ចំណុច ក្នុងការត្រៀមខ្លួនបង្កើតមជ្ឈមណ្ឌលមួយនេះ។
មន្ត្រីជំនាញរបស់រាជបណ្ឌិត្យសភា ដែលបានចូលរួមកិច្ចប្រជុំក្រុមការងាររវាង កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បានបញ្ជាក់ថា ចំណុចរួមទាំង៥ ដែលភាគីទាំងពីរឯកភាពគ្នានេះ រួមមានទី១ ការបង្កើតព្រឹត្តិការណ៍លើកទីមួយដែលនឹងត្រូវធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ស្របតាមទម្រង់មេរៀនស្តីពី បច្ចេកទេសនុយក្លេអ៊ែរនៅក្នុង ITC។ ទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមព្រៀងបកប្រែខ្លឹមសារនុយក្លែអ៊ែរ ABC រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៨ ហើយភាគីខាងរុស្ស៊ី នឹងរៀបចំធ្វើបទបង្ហាញមេរៀននានា ដល់កម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០១៨ ។
ទី៣ ភាគីខាងរុស្ស៊ី បានត្រៀមគោលជំហរជាស្រេចដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត ដែលស្ថិតនៅក្រោមផែនការទំនាក់ទំនងរួមគ្នាមួយ ( ផ្នែកវិទ្យាសាស្ត្រប្រើប្រាស់នុយក្លេអ៊ែរ កិច្ចពិភាក្សាជាក្រុម និងរៀបចំជាអត្ថបទព័ត៌មានខ្លី)។ ទី៤ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំពេលវេលាសមរម្យ ដើម្បីរៀបចំបញ្ជីឈ្មោះសមាសភាព អ្នកជំនាញក្នុងស្រុក សាស្ត្រាចារ្យ ថ្នាក់ដឹកនាំដែលពាក់ព័ន្ធចូលរួម និងចុងក្រោយភាគីទាំងពីរក៏បានសម្រេចពិភាក្សាលើកទី៣បន្តទៀត ក្រោមភាពជាដៃគូការទូតជាមួយគ្នា ដើម្បីពិនិត្យមើលពីដំណើរការវិវឌ្ឍនៃ IGA ដើម្បីបានបញ្ចប់កិច្ចពិភាក្សា ដោយគ្រោងនឹងធ្វើជាដំណាក់កាលបន្ត ក្នុងខែវិច្ឆិកា នៅក្រុងព្រះសីហនុ។
ក្រៅពីចំណុចឯកភាពនេះ ភាគីទាំងពីរ បានកំណែ និងបន្តពង្រាងខ្លឹមសារក្នុងកិច្ចព្រមព្រៀងបន្ថែមទៀត ដែលបានចងក្រងឡើងដល់១៨ប្រការ រួមទាំងការដឹកជញ្ជូន និងការលើកលែងពន្ធផង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា ។ នេះបើតាមរាជបណ្ឌិត្យសភា។
សេចក្តីពង្រាងខ្លឹមសារទាងនោះ រួមមាន គ្មានការដាក់ស្នើសុំកិច្ចសន្យាចាំបាច់នៅក្នុងសេចក្តីសន្និដ្ឋានកិច្ចសន្យាពាក់ព័ន្ធជាមួយនឹង IGA (ប្រការ៤) ។គ្មានការបង់ថ្លៃជាគោល (ប្រការ៦) ។ការធ្វើឲ្យខូចខាតនុយក្លេអ៊ែររបស់ប្រតិបត្តិករក្នុងកំឡុងពេលសាងសង់ (ប្រការ១១) ។ការលើកលែងពន្ធ (ប្រការ១២) និងត្រង់ប្រការទី១៤ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងធ្វើការពិភាក្សាជាមួយនឹងអ្នកច្បាប់បន្ត ។ ជាពិសេសរង់ចាំទទួលការប្រឹក្សាយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ អង្គភាពរដ្ឋាភិបាល ស្តីពីអ្នកទទួលខុសត្រូវ។
ជុំវិញចំណុចខាងលើនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ទិន ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលទទួលភារកិច្ចលើការងារនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមនៅឡើយទេ។
អនុស្សារណយោគយល់គ្នាចំនួនពីរ ត្រូវបានចុះហត្ថលេខាដោយប្រមុខស្ថាប័នថាមពលនុយក្លេអ៊ែររុស្ស៊ីលោក Sergey Kiriyenko និងរដ្ឋមន្ត្រីបរិស្ថានកម្ពុជាលោក សាយ សំអាល់ កាលពីខែឧសភាឆ្នាំ២០១៦ នៅគ្រាដែលសម្ដេច ហ៊ុន សែន ទៅទស្សនកិច្ចនៅរុស្ស៊ី។ កិច្ចព្រមព្រៀងនេះមានមួយស្តីពីការបង្កើតក្រុមការងាររួមមួយរវាងរុស្ស៊ីនិងកម្ពុជាដែលទទួលបន្ទុកពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីប្រយោជន៍ស៊ីវិលនិងដោយសន្តិភាព។ ហើយកិច្ចព្រមព្រៀងមួយទៀតសំដៅដល់ការបង្កើត មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជាផងដែរ។ តាមពិតទៅ ភាគីបានជជែកគ្នារួចទៅហើយពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីមកកម្ពុជាកាលពីចុងឆ្នាំ២០១៥។
ទាក់ទងបញ្ហានេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងកម្ពុជា-រុស្ស៊ី ដែលបានបង្កើតឡើងនេះ គឺក្នុងគោលដៅប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពោលគឺមិនមានគោលបំណងធ្វើឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលបង្កឲ្យពិភពលោកមានការឆោឡោនិងព្រួយបារម្ភឡើយ៕