ជាតិ
សេដ្ឋកិច្ច
AMK លក់​ភាគហ៊ុន ៨០​ភាគរយ​ឲ្យ​ធនាគារ​ពី​ប្រទេស​ចិន​
01, Sep 2018 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ (AMK) ដែលជា​គ្រឹះស្ថាន​ឈានមុខ​មួយ​នៅ​កម្ពុជា បានប្រកាស​លក់​ភាគហ៊ុន​របស់ខ្លួន​ចំនួន ៨០​ភាគរយ ទៅ​ឲ្យ​ធនាគារ The Shanghai Commercial & Savings Bank, Ltd. (SCSB) ដែលមាន​មូលដ្ឋាន​នៅ​តៃវ៉ាន់​។ 


​លោក គា បូរាណ អគ្គនាយក​អេ​អឹម​ខេ អះអាងថា SCSB ជា​ដៃគូ​ដ៏​ស័ក្ដិសម សម្រាប់​ពង្រឹង​បន្ថែម​ដល់​គ្រឹះស្ថាន​មួយ​នេះ​។ «​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​ធនាគារ​មួយ​ដែលមាន​ភាពរឹងមាំ គឺ​ត្រូវការ​ម្ចាស់​ភាគហ៊ុន​ដែលមាន​ប្រភព​ទុន​ធំ ហើយ SCSB គឺជា​ធនាគារ​ស័ក្ដិសម ដែល​នាំ​ឲ្យ អេ​អឹម​ខេ អភិវឌ្ឍន៍​ទៅ​ជំហាន​បន្ទាប់​ទៀត​»​។ លោក គា បូរាណ បាន​ថ្លែង​ដូចនេះ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ AMK នៅ​ថ្ងៃទី​៣០​ខែសីហា​។​
 
​លោក គា បូរាណ បន្ថែម​ដូចនេះ​ទៀតថា​៖«​នៅពេលដែល​យើង​មាន​ប្រភព​ទុន​ធំ មាន​អ្នកជំនាញ​ចាំ​ជួយ​យើង អេ​អឹម​ខេ នឹងមាន​ឱកាស​កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ​ផលិតផល និង​សេវាកម្ម​របស់​យើង​កាន់តែ​មាន​ភាព​សម្បូរបែប​ជូន​ដល់​អតិថិជន​ទូទៅ ជាពិសេស​ពលរដ្ឋ​ជនបទ​»​។​
 
​ទោះ​មាន​ការលក់​ភាគហ៊ុន​ភាគច្រើន តែ​គ្រឹះស្ថាន​មួយ​នេះ នៅតែ​ធ្វើ​ប្រតិបត្តិការ​ក្រោម​ឈ្មោះ អេ​អឹម​ខេ និង​ក្រុម​គ្រប់គ្រង​ដដែល​។ 
 
​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ ប្រាក់កម្ចី​របស់​អេ​អឹម​ខេ​មាន​ចំនួន ២០៧​លាន​ដុល្លារ កើន​ពី ១៥១​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។ ប្រាក់​សន្សំ​មាន​ចំនួន ១២១​លាន​ដុល្លារ កើន​ពី ៩០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។ តែ​ប្រាក់ចំណេញ​បាន​ថយ​ចុះមក​ត្រឹម ៥,២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ បើ​ធៀប​នឹង ៦,៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​។​
 
​ការលក់​ភាគហ៊ុន​ទាំងស្រុង ឬមួយ​ផ្នែក ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បានកើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ អ្នក​ក្នុង​វិស័យនេះ​អះអាងថា ការប្រកួតប្រជែង​ច្រើន​ក្នុង​ឧស្សាហកម្ម និង​ពិ​ដាន​អត្រា​ការប្រាក់ ១៨​ភាគរយ គឺជា​មូលហេតុ​មួយចំនួន​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នេះ​៕

Tag:
 AMK
  មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com