កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​ឆ្នើម​ជាច្រើន​ចូលនិវត្តន៍​ក្រោយ World Cup ដោយ​ប៉ា​ណា​ម៉ា មាន​ចំនួន​ច្រើនជាងគេ​
02, Sep 2018 , 7:39 pm        
រូបភាព
ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​បាន​បញ្ចប់ទៅ​រយៈពេល​ជាង​១​ខែ​ទៅហើយ ពោលគឺ​តាំងពី​ថ្ងៃទី​១៥ ខែកក្កដា​។ ក្រុម​មាន់គក​បារាំង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ជា​លើក​ទី​២ ដោយ​យកឈ្នះ​ក្រូ​អាស៊ី ៤-២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ អ្វី​ដែលជា​ការគត់សម្គាល់​នោះ ជម្រើសជាតិ​ប៉ា​ណា​ម៉ា​ដែលជា​ក្រុម​ទើបបាន​កៅអី​ទៅ World Cup លើកដំបូង មាន​កីឡាករ​ចូលនិវត្តន៍​ច្រើន​រហូតដល់​ទៅ​៦​រូប​នៅក្រោយ​បញ្ចប់​យុទ្ធនាការ​។​

 
​ក្នុងចំណោម​ក្រុម​ចូលរួម​ប្រជែង​ពានរង្វាន់ World Cup លើក​ទី​២០ ទាំង​៣២​ក្រុម សុទ្ធសឹង​តែមាន​សមាស​ភាព​កីឡា​ករទាំង​២៣​រូប​រៀងខ្លួន ដែល​ភាគច្រើន​កំពុង​ប្រកប​អាជីព​ក្នុង​លី​គ​កីឡាបាល់ទាត់​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​។​
 
​កីឡាករ​សរុប​ទាំង​៧៣៦​រូប ដែល​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​លំដាប់​កំពូល​ពិភពលោក​នេះ​ខ្លះ​បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​ហើយ ក្នុងនោះ​ដោយសារ​ហេតុផល​អាយុ និង​ខ្លះទៀត​ដោយសារ​មិនអាច​ជួយ​ក្រុម​ឲ្យ​បាន​ជោគជ័យ​។​
 
​អ្វី​ជាការ​គួរ​ចាប់អារម្មណ៍​បំផុត​នោះ ខ្សែបម្រើ​ឆ្មើ​ម​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Mesut Özil បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នៅត្រឹម​វ័យ​២៩​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​មិនអាច​ជួយ​ជម្រើសជាតិ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ទទួល​ការរិះគន់​ពី​ក្រុម​អ្នកគាំទ្រ ព្រមទាំង​ពាក់ពាន់​នឹង​រឿង​រើសអើង​ជាតិ​សាសន៍​ទៀតផង​។​
 
​មួយវិញទៀត ប៉ា​ណា​ម៉ា​ដែល​បាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់ មាន​ចំនួន​កីឡាករ​ចូលនិវត្តន៍​ច្រើនជាងគេ​រហូតដល់​ទៅ ៦​រូប​។​
 
​ដោយឡែក សមាជិក​ដែល​ជួយ​ក្រុម​អេ​ស្ប៉ា​ញ​ឈ្នះ​ពាន​ក្នុង​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​៣​រូប​រួមមាន Gerard Piqué, Andrés Iniesta និង David Silva ក៏បាន​សម្រេច​ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​ភ្លាមៗ​ផងដែរ​បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ​រុស្ស៊ី​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​ខាងក្រោម​នេះ​ជា​សមាសភាព​កីឡាករ​ដែល​បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជ្រើស​ជាតិ ក្រោយ​បញ្ចប់​យុទ្ធនាការ World Cup នៅ​រុស្ស៊ី​៖
​អេ​ស្ប៉ា​ញ​៖ Gerard Piqué, Andrés Iniesta, David Silva
 
​អ៊ីរ៉ង់​៖ Reza Ghoochannejhad, Sardar Azmoun
 
​រុស្ស៊ី​៖ Sergei Ignashevich, Yuri Zhirkov, Aleksandr Samedov
 
​អេ​ហ្ស៊ី​ប​៖ Essam El-Hadary
 
​បារាំង​៖ Adil Rami, Laurent Koscielny (​របួស និង​មិនមាន​វត្ត​មាននៅ​រុស្ស៊ី​)
 
​ដា​ណឺ​ម៉ាក​៖ Michael Krohn-Dehli, William Kvist 
 
​អូស្ត្រាលី​៖ Tim Cahill 
 
​ក្រូ​អាស៊ី​៖ Vedran Ćorluka, Mario Mandzukic
 
​អា​ហ្ស​ង់​ទីន​៖ Lucas Biglia, Javier Mascherano
 
​អ៊ី​ស្លង់​៖ Ragnar Sigurðsson, 
 
​ស្វី​ស​៖ Gelson Fernandes
 
​ម៉ិ​ក​ស៊ិ​ក​៖ Rafael Márquez, Oribe Peralta 
 
​អាល្លឺម៉ង់​៖ Mesut Özil, Mario Gomez
 
​បែលហ្ស៊ិក​៖ Radja Nainggolan, Steven Defour  (​មិន​ជាប់​ឈ្មោះ​២៣​នាក់​ទៅ​រុស្ស៊ី​)
 
​ប៉ា​ណា​ម៉ា​៖ Jaime Penedo, Román Torres, Felipe Baloy, Gabriel Gómez, Blas Pérez, Luis Tejada 
 
​សេ​ណេ​ហ្គា​ល់​៖ Moussa Sow
 
​ប៉ូឡូញ​៖ Lukasz Piszczek

Tag:
 បាល់ទាត់​
  FIFA World Cup
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com