បទយកការណ៍ / បទសម្ភាសន៍
យុវជនមួយក្រុមសម្ដែងល្ខោននិយាយរឿង«មរណភាពចម្លែក» ដើម្បីឲ្យពលរដ្ឋស្គាល់ទម្រង់នេះកាន់តែច្បាស់ ក្រុមភារិទ្ធល្ខោននិយាយ
× ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តមួយក្រុមដែលមានសមាជិកប្រមាណ៥០នាក់ បានរួមគ្នារៀបចំការសម្ដែងល្ខោននិយាយមួយមានចំណងជើងថា”មរណភាពចម្លែក” ដើម្បីទាញចំណាប់អារម្មណ៍យុវជនឲ្យស្គាល់ទម្រង់មួយនេះកាន់តែច្បាស់។ រឿង«មរណភាពចម្លែក» នឹងសម្ដែងនៅថ្ងៃព្រហស្បតិ៍ទី៦ខែកញ្ញា២០១៨ វេលាម៉ោង៦ល្ងាចដល់៨យប់ នៅសាលពហុបំណងCKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាផ្នែកមួយនៃអ្នករៀបចំកម្មវិធីសម្ដែងកញ្ញា តាន់ ស្រីមាន លើកឡើងថា នាងស្ម័គ្រចិត្តក្នុងកម្មវិធីល្ខោននិយាយនេះ ព្រោះតែចង់ផ្សព្វផ្សាយទម្រង់មួយនេះ ឲ្យកូនខ្មែរស្គាល់កាន់តែច្បាស់។ នារីដែលរៀនខាងប្រព័ន្ធផ្សព្វផ្សាយរូបនេះ សង្ឃឹមថាក្រោយពីរឿង «មរណភាពចម្លែក» សម្ដែងចប់ ទម្រង់មួយនេះនឹងកាន់តែរីកសុះសាយទៅក្នុងស្រទាប់យុវជន។ ស្រីមាន បញ្ជាក់៖ «អ្នកស្ម័គ្រចិត្តទាំងអស់ សុទ្ធតែស្រឡាញ់ទម្រង់មួយនេះ មិនចង់ឲ្យវាបាត់បង់ទៅ ទើបយើងរួមគ្នាធ្វើរឿងនេះ។ ខ្ញុំសង្ឃឹមថាកិច្ចការដែលពួកយើងបានធ្វើនេះនឹងអាចឲ្យយុវជនស្គាល់ល្ខោននិយាយកាន់តែច្រើន»។
ចំណែកអ្នកស្ម័គ្រចិត្តមួយរូបទៀតគឺលោក ប៉ូ សុក្រឹត វ័យ២៨ឆ្នាំ ដែលជាតួសម្ដែងមួយរូបក្នុងរឿង”មរណភាពចម្លែក” បាននិយាយថា ការស្ម័គ្រចិត្តរបស់លោកជាផ្នែកមួយក្នុងការរួមចំណែកថែរក្សាមរតកដូនតា។ សិស្សរៀនល្ខោននិយាយ៩ឆ្នាំរូបនេះ ដឹងពីឧបសគ្គក្នុងការសម្ដែងរបស់ខ្លួន គឺបញ្ហាសំឡេងដែលជាផ្នែកសំខាន់មួយក្នុងទម្រង់ល្ខោននិយាយ ។ «ក្នុងការសម្ដែងនេះអាចពង្រឹងសមត្ថភាពខ្លួនខ្ញុំផង និងអាចជួយថែរក្សាមរតកដូនតាផង។ សំឡេងរបស់ខ្ញុំនិយាយអត់សូវច្បាស់ល្អ តែវាមិនអាចធ្វើឲ្យខ្ញុំបោះបង់ចោលល្ខោននិយាយទេ ព្រោះខ្ញុំស្រឡាញ់វា»។ នេះជាការបញ្ជាក់របស់លោក សុក្រឹត។
ដោយសារតែមើលឃើញសិស្សនៅវិទ្យាល័យ ភាគច្រើន មិនស្គាល់ល្ខោននិយាយ ទើបញ៉ាំងឲ្យក្រុមយុវជនស្ម័គ្រចិត្តទាំងនេះ រៀបចំសម្ដែងរឿង «មរណភាពចម្លែក» នេះឡើង។ ប្រធានក្រុមលោក ណេន ភារិទ្ធ បញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានទៅសម្ដែងនៅតាមវិទ្យាល័យជាច្រើន នៅតាមខេត្តនានា សិស្សថ្នាក់ទី១១ ១២ សឹងតែទាំងអស់អត់ស្គាល់ល្ខោននិយាយទេ គេស្គាល់តែល្ខោនវិទ្យុ។ ដូច្នេះហើយទើបបានជាខ្ញុំធ្វើកម្មវិធីល្ខោននិយាយនេះឡើង»។
ក្រុមល្ខោននិយាយរបស់លោក ភារិទ្ធ ធ្លាប់បានសម្ដែងរឿង«កុលាបប៉ៃលិន»«ចិញ្ចៀនបញ្ចាំចិត្ត» និងមានរឿងជាច្រើន។ ជោគជ័យពីការសម្ដែងកន្លងមកបាននាំឲ្យលោក ភារិទ្ធ មានក្ដីសង្ឃឹមក្នុងការសម្ដែងល្ខោននិយាយជាបន្តបន្ទាប់។ «កម្មវិធីដែលយើងបានធ្វើកន្លងមកមានការគាំទ្រប្រហែល២០ភាគរយ ដូច្នេះយើងមិនចង់ឲ្យបាត់បង់អ្នកគាំទ្រទាំងនោះទេ តែយើងចង់ឲ្យបានអ្នកគាំទ្រច្រើនជាងមុនទៀត»។ នេះជាការបញ្ជាក់របស់លោក ភារិទ្ធ។
ល្ខោននិយាយរូបនេះ គ្រោងចំណាយ៣ពាន់៥រយដុល្លារ តែពេលនេះក្រុមភារិទ្ធល្ខោននិយាយទើបតែទទួលបានប្រាក់ឧបត្ថម្ភប្រមាណ២ពាន់ដុល្លារតែប៉ុណ្ណោះ។ ប្រាក់បានពីការលក់សំបុត្រ ជាក្ដីសង្ឃឹមចុងក្រោយរបស់ក្រុមភារិទ្ធល្ខោននិយាយ។ លោក ភារិទ្ធ បញ្ជាក់៖«បើចាំឲ្យគេជួយគ្រប់ ឬចាំតែមានថ្ងៃសៅរ៍អាទិត្យបានធ្វើ មិនដឹងថ្ងៃណាគេបានមើលល្ខោននិយាយនេះ។ តម្លៃសំបុត្រ២ម៉ឺនរៀលពិតជាថ្លៃសម្រាប់អ្នកមិនសូវសម្បូរប្រាក់ តែវាពិតជាសំខាន់ណាស់សម្រាប់ក្រុមនេះ វាជួយដល់ទម្រង់នេះមួយផ្នែក និងជាការលើកទឹកចិត្តសម្រាប់ការធ្វើកិច្ចការនេះនៅពេលក្រោយទៀត។ ខ្ញុំកក់ក្ដៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនជួយផ្សព្វផ្សាយពីកម្មវិធីនេះ។ ហើយខ្ញុំពិតជាអរគុណដល់សប្បុរសជន ដែលបានជួយគាំទ្រ និងជួយជាថវិកាកន្លងមក។ ពួកយើងនៅតែរីករាយទទួលជំនួយរហូតដល់ថ្ងៃសម្ដែង»។
លោក ភារិទ្ធ អំពាវនាវឲ្យពលរដ្ឋចូលរួមគាំទ្រទម្រង់ល្ខោននិយាយ តាមរយៈការទិញសំបុត្រទៅទស្សនាឲ្យបានច្រើន។
ល្ខោននិយាយមានបីទម្រង់ គឺល្ខោននិយាយលើឆាក ល្ខោននិយាយតាមវិទ្យុ និងល្ខោននិយាយជាវីដេអូ។ ល្ខោនទាំងបីទម្រង់នេះសុទ្ធតែយកសំដីជាធំ និងបង្ហាញគំនិតអប់រំស៊ីជម្រៅ ក្នុងបញ្ហាសង្គមដូចគ្នា តែខុសត្រង់ការដឹកនាំ និងការរៀបចំឆាកប៉ុណ្ណោះ។
ល្ខោននិយាយលើឆាកអ្នកទស្សនាអាចមើលឃើញឆាកទាំងមូល ហើយអ្នកសម្ដែង និងអ្នកទស្សនា អាចមើលឃើញគ្នា។ ចំណែកល្ខោននិយាយតាមវិទ្យុវិញ ត្រូវការបញ្ចូលការបកស្រាយ ដោយប្រើរូបារម្ភ និងបន្ថែមពាក្យពោលច្រើន ព្រោះអ្នកស្ដាប់មិនបានឃើញរូបភាព តែខ្លឹមសារ និងគំនិតអប់រំរក្សាដដែល។ ចំពោះល្ខោននិយាយបែបវីដេអូវិញ(TV drama) តួសម្ដែងនៅលើឆាក ប៉ុន្ដែគេយកកាមេរ៉ាមកថតជាវីដេអូ រួចយកទៅកាត់ត។ ដូច្នេះ អ្នកទស្សនា មើលតាមតែប្លង់ដែលគេកាត់តតែប៉ុណ្ណោះ ហើយពួកគេអាចមើលឃើញសកម្មភាពតួ នឹងសម្ភារផ្សេងៗបានច្បាស់ និងលម្អិត ជាងល្ខោននិយាយសម្ដែងលើឆាក៕
© រក្សាសិទ្ធិដោយ thmeythmey.com