ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មាស សុភា មិនទាន់បាន​តំណែង​ដើម​វិញ ខណៈ​មេទ័ព​២​រូប​ទៀត មិនទាន់​បោះបង់​តួនាទី​តំណាងរាស្ត្រ​
03, Sep 2018 , 9:39 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា
ពីឆ្វេងទៅស្តាំ៖ លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា
ដោយ:
​ភ្នំពេញ​៖ ក្រៅពី​លោក មាស សុភា ដែល​បាន​បោះបង់ចោល​តំណែង​តំណាងរាស្ត្រ​នោះ គេ​មិនទាន់​ឃើញ​លោក ប៉ុល សារឿន និង​លោក គន់ គីម ដែល​ទៅ​ឈរឈ្មោះ​តំណាងរាស្ត្រ​ដូចគ្នានេះ បោះបង់​វិញ​ឡើយ​។​


 
​ក្រោយ​សុំលាលែង​ពី​តំណែង​តំណាងរាស្ត្រ​នេះ លោក មាស សុភា ក៏​មិនទាន់​អាច​វិល​មកកាន់​តួនាទី​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឡើយ​។ នេះ​បើតាម​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តំណែង​លោក មាស សុភា នឹង​លេចចេញ​ជា​រូបរាង នៅក្រោយពេល​រដ្ឋាភិបាល​ថ្មី​កើតឡើង នា​ថ្ងៃទី​៦ កញ្ញា​នេះ​។​
 
​លោក ឈុំ សុជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រង់​ចាំមើល​ក្រោយ​ថ្ងៃទី​៦ កញ្ញា យើង​នឹង​ឃើញ​ទាំងអស់គ្នា​»​។​
 
​លោក មាស សុភា បាន​សុំ​ព្យួរ​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយ​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តព្រះវិហារ​សម្រាប់​នីតិកាល​ទី​៦ ។ ហើយ​លោក​បាន​សម្រេចចិត្ត​បោះបង់​តំណែង​ជា​តំណាងរាស្ត្រ​នេះ​វិញ ដែល​លោក សួស យ៉ា​រ៉ា ជា​អ្នក​ជំនួស​លោក ក្រោយ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​។ 
 
​ប៉ុន្តែ​បេក្ខជន​តំណាងរាស្ត្រ​ពីររូប​ទៀត គឺ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក គន់ គីម នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ចេញទៅ​ឈរឈ្មោះ​ដូច​លោក មាស សុភា ដែរ​នេះ មិនទាន់​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង​នៅឡើយ​ទេ​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ។​
 
​លោក សៅ សុខា ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួល​លោក ប៉ុល សារឿន ហើយ​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក​ជំនួស​លោក មាស សុភា និង​ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​លោក គន់ គីម​៕

Tag:
 គន់ គីម
  ប៉ុល សារឿន
© រក្សាសិទ្ធិដោយ thmeythmey.com