នាពិធីជួបសំណេះសំណាលជាមួយម្ចាស់ជ័យលាភី គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡា Asian Games កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នាវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរ សាលី អ៊ូម៉ើត និងខាន់ ចេសា ដែលបាននាំកម្ពុជាទទួលបានកំណត់ត្រាថ្មីសម្រាប់កម្ពុជា ហើយសម្តេចក៏បានលើកទឹកចិត្តដល់អត្តពលិកផ្សេងទៀត បន្តការខំប្រឹងប្រែងបន្ថែមផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកវត្តមានកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា ដែលបានធ្វើជាតំណាងឲ្យកម្ពុជាសម្រាប់ការប្រកួតកីឡា Asian Games លើកទី១៨នៅឥណ្ឌូណេស៊ី ជាភ័ព្វសំណាងដ៏អស្ចារ្យរបស់កម្ពុជា។ ការចាត់ទុកបែបនេះរបស់សម្តេច បន្ទាប់កីឡាការិនីវ័យ១៦ឆ្នាំរូបនេះ បានសាងប្រវត្តិសាស្ត្រថ្មីលើឆាកអន្តរជាតិឲ្យកម្ពុជា តាមរយៈការឈ្នះមេដាយមាសពីព្រឹត្តិការណ៍នេះ លើកីឡាជឺជិតស៊ូ។
«បើយោងទៅប្រវត្តិ ខ្មែរមិនច្បាស់ជាខ្មែរ អាមេរិកក៏កាន់តែលេងអាមេរិកទៅទៀត គឺជាម៉ិកស៊ិកទៅវិញ។ ប៉ុន្តែបញ្ហារឿងជនជាតិអ្វីមិនសំខាន់នោះទេ បើតាមច្បាប់ឪពុកជនជាតិអ្វីគេយកជនជាតិនឹង ក៏ប៉ុន្តែទាំងឪពុកនិងម្តាយសុទ្ធតែបានចូលសញ្ជាតិអាមេរិក។ ប៉ុន្តែចៅ(ចេសា)បានស្ម័គ្រចិត្តមកប្រកួតឲ្យជម្រើសជាតិកម្ពុជា ចាត់ទុកជាភ័ព្វសំណាងរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
សម្តេចបានបន្ថែមថា៖«តាមរយៈចៅតាសូមផ្តាំផ្ញើសួរសុខទុក្ខចំពោះឪពុកម្តាយចៅ ដែលបានផ្តល់ការអនុញ្ញាតឲ្យកូនមកទទួលធ្វើជាកីឡាការិនីជម្រើសជាតិប្រកួតឲ្យកម្ពុជា»។ ហើយសម្តេចរំពឹងថា កីឡាការិនីរូបនេះនឹងបន្តធ្វើជាតំណាងឲ្យកម្ពុជា សម្រាប់ការប្រកួតលក្ខណៈជាតិ និងអន្តរជាតិលើកក្រោយៗទៀត។
កីឡាការិនី ខាន់ ចេសា ជាកូនច្បងក្នុងគ្រួសារមានបងប្អូន៤នាក់(ស្រី៣) ដែលមានឪពុកឈ្មោះ ខាន់ ភីធ័រ ជាជនជាតិខ្មែរដែលបានទៅរស់នៅអាមេរិកតាំងពីតូច និងម្តាយឈ្មោះ April Khan ជាជនជាតិម៉ិកស៊ិកសញ្ជាតិអាមេរិក។ បច្ចុប្បន្ន កីឡាការិនី និងក្រុមគ្រួសាររស់នៅក្រុង Newport-Beach រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក។ ក្នុងចំណោមសមាជិកទាំងអស់របស់កីឡាការិនី ខាន់ ចេសា សុទ្ធតែចេះក្បាច់ជឺជិតស៊ូ។
បន្ថែមពីលើនេះ សម្តេច ហ៊ុន សែន បានអះអាងថា ម្ចាស់មេដាយមាសនិងសំរឹទ្ធលើកីឡាម៉ូតូទឹក សាលី អ៊ូមើត មានស្រុកកំណើតមិនឆ្ងាយពីតំបន់ ដែលសម្តេចធ្លាប់រស់នៅនោះទេ។ «អ្នកក្បាលបឹងសេះពីដើមមិនឆ្ងាយពីតំបន់ដែលខ្ញុំរស់នៅនោះទេ ហើយបើតាមប្រវត្តិរបស់ អ៊ូមើត នេះជាអ្នកធ្លាប់រស់នៅពពែល ពពែលក៏នៅមិនឆ្ងាយ ហើយជាអ្នករៀននៅសាលាប៊ុនរ៉ានី ហ៊ុន សែន នៅមេមត់ ដូច្នេះគាត់នៅមិនឆ្ងាយនោះទេ»។ នេះជាការរៀបរាប់ពីប្រវត្តិទាក់ទងនឹងកីឡាករ សាលី អ៊ូមើត របស់សម្តេច ហ៊ុន សែន។
កីឡាករ សាលី អ៊ូមើត ជាជនខ្មែរអ៊ិស្លាមមានដើមកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នកីឡាករវ័យ២៦ឆ្នាំរូបនេះបានផ្លាស់ទីលំនៅទៅរស់នៅស្រុកអង្គស្នូលខេត្តក្រចេះ។ មេដាយមាសរបស់កីឡាករ សាលី អ៊ូមើត ដណ្តើមបានលើវិញ្ញាសា Ski Modified និងមេដាយសំរឹទ្ធលើវិញ្ញាសា Runabout 1100 Stock។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកមេដាយមាសនិងសំរឹទ្ធរបស់កីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាក្នុងរយៈពេល៦៤ឆ្នាំកន្លងមកនេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាសលើកដំបូងនៅឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឆនប្រទេសកូរ៉េខាងត្បូង។ សម្តេចបន្ថែមថា មេដាយមាសនិងសំរឹទ្ធរបស់ពួកគេទាំងពីរមិនត្រឹមតែជួយលើកិត្តិយសខ្លួនឯងនិងគ្រួសារនោះទេ តែជួយលើកិត្តិយសប្រទេសជាតិថែមទៀតផង។
ប្រតិភូកីឡាកម្ពុជាបាននាំយកមេដាយមាសកីឡាការិនី ខាន់ ចេសា និងមេដាយមាសនិងសំរឹទ្ធរបស់កីឡាករ សាលី អ៊ូមើត លើកីឡាម៉ូតូទឹកមកមាតុភូកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លើសពីនេះ ម្ចាស់ជ័យលាភី គ្រូបង្វឹកនិងថ្នាក់ដឹកនាំ ទទួលបានការដង្ហែក្បួនដោយមានម៉ូតូស៦គ្រឿងអមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់វិមានសន្តិភាព ដើម្បីជួបសំណេះសំណាលជាសម្តេច ហ៊ុន សែន នៅទីនោះថែមទៀតផង៕