ជាតិ
នយោបាយជាតិ
ប្រជុំសភាដំបូង៖ អវត្តមានទូតលោកខាងលិចជិត១០រូប លោក ឡេង ប៉េងឡុង សោកស្តាយដែលពួកគាត់វាយតម្លៃខុស ព្រះមហាក្សត្រយាងចូលរួមជាព្រះរាជាធិបតីនាថ្ងៃប្រជុំដំបូងនៃសភានីតិកាលទី៦
× រដ្ឋសភានីតិកាលទី៦ បានរៀបចំកិច្ចប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីនៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃពុធ ទី៥ ខែកញ្ញានេះ។ អង្គទូតជាង៣០រូបត្រូវបានអញ្ជើញឲ្យចូលរួម ដែលក្នុងនោះប្រមាណជិត១០រូប បានអវត្តមាន។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានសម្តែងការសោកស្តាយដែលបណ្តាអង្គទូតលោកខាងលិចមួយចំនួន បានវាយតម្លៃខុសលើកម្ពុជា ជុំវិញការបោះឆ្នោតកន្លងមក ។ លទ្ធផលនៃការបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥អាសនៈ។
«បើតាមខ្ញុំយល់លោកខាងបានវាយតម្លៃមិនបានត្រឹមត្រូវទេ ចំពោះស្ថានការណ៍កម្ពុជា ហើយបើសិនជាចង់ឲ្យកម្ពុជាធ្វើដូចលោកខាងលិច គឺថាមិនអាចធ្វើបានដូចភ្លាមៗបានទេ ពីព្រោះថាកម្ពុជាគ្មានប្រពៃណីដូចលោកខាងលិចទេ។ ដូច្នេះយើងខំអភិវឌ្ឍប្រជាធិបតេយ្យបានប៉ុណ្ណឹង [លោកខាងលិច] គួរតែអបអរ។ ដូច្នេះយើងមានការសោកស្ដាយដែរ ចំពោះការមិនចូលរួមរបស់ទូតទាំងនេះ»។ នេះជាការលើកឡើងរបស់លោក ឡេង ប៉េងឡុង។
អង្គទូតដែលមិនបានចូលរួមតាមការអញ្ជើញរបស់រដ្ឋសភា រួមមានដូចជាទូតអូស្ត្រាលី ស៊ុយអែត អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស ប៊ុលហ្គារី និងប្រតិភូអឺរ៉ុបប្រចាំកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com