ទោះបីទទួលលទ្ធផលមិនសូវល្អ ពីការប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូណេស៊ី ប៉ុន្តែកីឡាសូហ្វតិន្នីស និងកីឡា២ប្រភេទទៀត ទទួលបានការវាយតម្លៃពីថ្នាក់ដឹកនាំថា ជាកីឡាមានកម្រិតប្រកួតប្រជែងខ្ពស់ ប្រចាំព្រឹត្តិការណ៍នេះ។ ថ្នាក់ដឹកនាំកីឡាសូហ្វតិន្នីស គ្រោងបញ្ជូនកីឡាករទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសជប៉ុននៅដើមឆ្នាំ២០១៩ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ ASEAN Games លើកទី៣០ នៅហ្វីលីពីន។
ក្រៅពីកីឡាជឺជិតស៊ូ(Ju-Juitsu) និងម៉ូតូទឹក(Jet Ski) ដែលដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍ Asian Games លើកទី១៨នៅប្រទេសឥណ្ឌូណេស៊ី កីឡាសូហ្វតិន្នីស តេក្វាន់ដូ និងគុនដាវ ទទួលបានការវាយតម្លៃខ្ពស់ថាជាកីឡាមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះ កីឡាហែលទឹក អត្តពលកម្ម ការ៉ាតេ ទូកកានូ ទូកក្តោង ចំបាប់ កាយសម្ព័ន្ធ និងយូដូ ត្រូវបានចាត់ថ្នាក់ ជាកីឡាមានកម្រិតបច្ចេកទេសនៅទាប។
ក្រោយទទួលបានលទ្ធផលមិនសូវល្អពីការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍ Asian Games កីឡាសូហ្វតិន្នីស បានដាក់ទិសដៅថ្មី ដោយផ្តោតលើការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានបញ្ជាក់ថា លោកនឹងបញ្ជូនកីឡាករ ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសជប៉ុន ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ ការលើកឡើងដូច្នេះធ្វើឡើង ក្នុង សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៥ ខែកញ្ញា។
«ការមិនអាចដណ្តើមបានមេដាយនៅកីឡាករអាស៊ី អាចមកពីយើងទៅហ្វឹកហាត់នៅក្រៅប្រទេសបានខ្លីពេក ព្រោះយើងទៅហាត់នៅជប៉ុន បានត្រឹម៧សប្តាហ៍ទេ ប៉ុន្តែសម្រាប់ឆ្នាំក្រោយ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច ឲ្យបានហាត់តាំងពីដើមឆ្នាំតែម្តង ព្រោះស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីនមានប្រភេទកីឡាសូហ្វតិន្នីសដែរ»។ លោក ជា ប៊ុនហេង បញ្ជាក់ដូច្នេះ ហើយបានបន្ថែមថា លោកប្តេជ្ញាដណ្តើមមេដាយស៊ីហ្គេម នៅហ្វីលីពីនឲ្យបាន តាមរយៈការបញ្ជូនកីឡាករពី៦ ទៅ១០នាក់ ទៅហ្វឹកហាត់នៅជប៉ុន រយៈពេលវែង គឺពីដើមឆ្នាំ២០១៩ រហូតដល់ស៊ីហ្គេមតែម្តង។
នៅក្នុងសន្និសីទកាសែតដដែល លោក ជា ប៊ុនហេង ក៏បានច្រានចោលព័ត៌មានមិនល្អមួយចំនួន ពាក់ព័ន្ធនឹងលទ្ធផលកីឡាសូហ្វតិន្នីស នាការប្រកួតព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូណេស៊ី។ លោក ជា ប៊ុនហេង ចាត់ទុកការផ្សាយបែបរិះគន់នេះថា ជាការបំផ្លើសការពិតដែលនាំកីឡាករកីឡាការិនីបាក់ស្មារតី ក្នុងការបន្តការខិតខំប្រឹងប្រែងរបស់ពួកគេ៕