អន្តរជាតិ
ប៉ា​រ៉ា​ហ្គា​យ រើ​ស្ថានទូត​ចេញពី​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ ក្រោយ​ប្រកាស​ដូរ​បាន​៤​ខែ​
06, Sep 2018 , 9:39 pm        
រូបភាព
ស្ថានទូតប៉ារ៉ាហ្កាយនៅទីក្រុងហ្ស៊េរុយសាឡិម (រូបភាព AFP)
ស្ថានទូតប៉ារ៉ាហ្កាយនៅទីក្រុងហ្ស៊េរុយសាឡិម (រូបភាព AFP)
ដោយ:
​រដ្ឋាភិបាល​ប៉ា​រ៉ា​ហ្គា​យ​ថ្មី បានប្រកាស​រើ​ស្ថាន​ទួត​របស់ខ្លួន​នៅ​អ៊ីស្រាអែល​ចេញពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ត្រឡប់​ទៅកាន់​ទីក្រុង​តែ​ល​អា​វីវ​វិញ​។ ការផ្លាស់ប្ដូរ​នេះ គឺធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាល​ចាស់ កាល​ខែឧសភា​កន្លងទៅ បានសម្រេច​រើ​ស្ថានទូត​ទៅកាន់​ទីតាំង​ថ្មី​តាម​សហរដ្ឋអាមេរិក​។

 
​លោក​ប្រធានាធិបតី Mario Abdo Benítez នៅ​ថ្ងៃទី ០៥ កញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ឡើងកាន់​អំណាច​កាលពី​ខែ​មុន បាន​និយាយ​ពន្យល់​ពី​ការផ្លាស់ប្ដូរ​នេះ​ថា ប៉ា​រ៉ា​ហ្គា​យ ចង់​ជួយ​បង្កើត​សន្តិភាព​ដ៏​យូរអង្វែង នៅ​តំបន់​មជ្ឈិមបូព៌ា​។ ប៉ា​រ៉ា​ហ្គា​យ ប្រកាស​រើ​ស្ថានទូត​ពី​តែ​ល​អា​វីវ ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​កាលពី​ថ្ងៃទី​៧ ខែឧសភា​កន្លងទៅ​។​
 
​អ៊ីស្រាអែល​ឯណោះ ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ប៉ា​រ៉ា​ហ្កា​យ​។ ឆ្លើយតប​នឹង​ការផ្លាស់ប្ដូរ​នេះ អ៊ីស្រាអែល បានសម្រេច​បិទ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​ទីក្រុង​អា​សង់​ស្យុ​ង​តែម្ដង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយថា ទង្វើ​របស់​ប៉ា​រ៉ា​ហ្គា​យ បាន​បង្កើត​នូវ​ភាពស្រពិចស្រពិល​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។ 
 
​ស្របពេល​អ៊ីស្រាអែល​មិន​សប្បាយចិត្ត ប៉ា​ឡេ​ស្ទី​ន​រីកមុខ​រីក​មាត់​យ៉ាងខ្លាំង​។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បានប្រកាសថា ខ្លួន​នឹង​បើក​ស្ថានទូត​ភ្លាមៗ នៅក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​។ ប៉ា​ឡេ​ស្ទី​ន ចាត់ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក Benítez ជា​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​របស់ខ្លួន​។​
 
​ហ្ស៊េ​រុយ​សា​ឡិ​ម ជាទី​ក្រុង​មួយ​ដែល​ស្ថិតក្នុង​ស្ថាន​ភាពមិន​ដាច់ស្រេច​។ អ៊ីស្រាអែល​បាន​គ្រប់គ្រង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពាក់កណ្ដាល និង​បាន​ភ្ជាប់​ជា​ទឹកដី​ភាគ​ខាងលិច​របស់​ទីក្រុង​នេះ​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៦៧ ។ អ៊ីស្រាអែល​បានទាមទារ​ចំណែក​ទីក្រុង​នេះ​ទាំងមូល និង​បាន​ភ្ជាប់​តំបន់​ភាគ​ខាងកើត ដែល​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ឯ​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​តំបន់​ខាង​កើតជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​៕

Tag:
 ប៉ា​រ៉ា​ហ្កា​យ​
  អ៊ីស្រាអែល​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com