អន្តរជាតិ
អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់ បញ្ជូន​យន្តហោះ​ល្បាត​ទៅ​ជប៉ុន ដើម្បី​ជួយ​ពង្រឹង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង
07, Sep 2018 , 2:05 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីនូវែលសេឡង់-Winston-Peters-(រូបភាព-AFP)
ឧបនាយករដ្ឋមន្រ្តីនូវែលសេឡង់-Winston-Peters-(រូបភាព-AFP)
ដោយ:
​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បានប្រកាស​នៅ​ថ្ងៃទី ០៧ កញ្ញា​ថា រដ្ឋាភិបាល​របស់​ពួកគេ បាន​បញ្ជូន​យន្តហោះ​ល្បាត​ចំនួន ៣​គ្រឿង​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ជា​ជំនួយ​សម្រាប់​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​លើ​កូរ៉េខាងជើង​។

 
​អូស្ត្រាលី នឹង​បញ្ជូន​យន្តហោះ​ល្បាត​ចំនួន ២​ទៀត ដើម្បី​បើក​ប្រតិបត្តិការ​យកការណ៍​នៅ​ដែនសមុទ្រ ជាមួយ​យន្តហោះ​របស់ខ្លួន​មួយគ្រឿង​ទៀត ដែល​ត្រូវបាន​បញ្ជូន​កាលពីដើម​ឆ្នាំនេះ​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី លោក Christopher Pyne ។​
 
​លោក Pyne បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការបញ្ជូន​យន្តហោះ​ល្បាត​ថ្មី​ទៀត​នេះ អូស្ត្រាលី មានបំណង​បន្ត​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់ខ្លួន ក្នុង​ទប់ស្កាត់​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ និង​សកម្មភាព​ល្មើស​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ពី​សំណាក់​កូរ៉េខាងជើង និង​បណ្ដាញ​សមាគម​របស់​ពួកគេ​» ។ 
 
​ជាមួយគ្នា​ដែរ​នេះ ឧបនាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោក Winston Peters  បាន​និយាយថា រដ្ឋាភិបាល​របស់លោក បាន​បញ្ជូន​យន្តហោះ​ល្បាត​មួយគ្រឿង​ប្រភេទ Air Force P-3K2  ដើម្បី​បើក​ប្រតិបត្តិការ​ល្បាត​នៅ​សមុទ្រ​អន្តរជាតិ ក្នុង​តំបន់​អាស៊ី​ខាងជើង​។ ក្នុង​ប្រតិបត្តិការ​នេះដែរ គឺមាន​បំណង​ស្វែងរក​សញ្ញា​នាវា ដែល​បានធ្វើ​សកម្មភាព​ល្មើ​សនឹង​ទណ្ឌកម្ម​របស់ UN ប្រឆាំងនឹង​កូរ៉េខាងជើង ក្នុងនោះ​រួមមាន ការដឹក​ជ​ញ្ជួ​ន​ទំនិញ​ពី​នាវា​មួយ​ទៅ​នាវា​មួយទៀត​ជាដើម​។ 
 
​លោក Peters បាន​បន្តទៀតថា យន្តហោះ​ដែល​ត្រូវបញ្ជូន​ទៅនោះ នឹង​ហោះ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Kadena ក្នុងប្រទេស​ជប៉ុន​។ 
 
​គួរ​បញ្ជាក់ដែរថា ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​សម្រេច​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន សហរដ្ឋអាមេរិក បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រទេស​នេះ​។ តួយ៉ាង នៅក្នុង​ខែសីហា​កន្លងទៅ ទីក្រុង​វ៉ាស៊ីនតោន បានដាក់​ពិន័យ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​នាវា​របស់​រុស្ស៊ី​ចំនួន​២ និង​នាវា​ចំនួន ៦​ផ្សេងទៀត​។ សម្រាប់​ការដាក់ពិន័យ​នេះ សហរដ្ឋអាមេរិក បាន​អះអាងថា ក្រុមហ៊ុន និង​នាវា​ទាំងនេះ ជាប់​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ផលិតផល​ប្រេងឥន្ធនៈ ទៅ​ឲ្យ​នាវា​កូរ៉េខាងជើង​។ ការណ៍​នេះ គឺ​ល្មើស​ទៅនឹង​ការហាមឃាត់​យ៉ាង​តឹងរ៉ឹង​របស់​ក្រុមប្រឹក្សាសន្តិសុខ​៕

 

Tag:
 អូស្ត្រាលី​
  នូ​វែ​ល​ហ្សេ​ឡង់​
  កូរ៉េខាងជើង​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com