អន្តរជាតិ
រញ្ជួយ​ដី​នៅ​ជប៉ុន​៖ អ្នកស្លាប់​កើន​ដល់ ១៨​នាក់ ឯ​ផ្ទះ​ច្រើនជាង​១​លាន​ខ្នង គ្មាន​អគ្គិសនី​ប្រើប្រាស់​
07, Sep 2018 , 8:59 pm        
រូបភាព
គ្រោះថ្នាក់ធម្មជាតិនៅជប៉ុន (រូបភាព AFP)
គ្រោះថ្នាក់ធម្មជាតិនៅជប៉ុន (រូបភាព AFP)
ដោយ:
​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​ដែល​បាន​ប្រហារ​ភាគ​ខាងជើង​នៃ​កោះ​ហុក​កៃ​ដូ ប្រទេស​ជប៉ុន បានសម្លាប់​មនុស្ស​ដល់​១៨​នាក់​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ុន​ហ្សូ អា​បេ នៅ​ថ្ងៃទី​០៧ កញ្ញា​នេះ​។ ចំណែកឯ​ផ្ទះ​ប្រជាជន​ប្រមាណ​ជាង ២,៩​លាន​ខ្នង ពុំមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​។

 
​រញ្ជួយ​ដី​កម្រិត​៦,៦​វ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃទី​០៦ កញ្ញា បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ជាច្រើន​កន្លែង ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន ត្រូវបាន​កប់​នៅក្រោម​បាតដី​បាក់​ទាំងនោះ​ផងដែរ​។ លើសពីនេះ ថាមពល​អគ្គិសនី និង​ការធ្វើដំណើរ​នានា ត្រូវបាន​កាត់ផ្ដាច់​។ 
 
​តាម​របាយការណ៍​បឋម​នៅ​យប់​ថ្ងៃទី​០៦ កញ្ញា ចំនួន​អ្នកស្លាប់ មាន​ត្រឹមតែ ៨​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃ​០៧ កញ្ញា​នេះ បាន​ដកស្រង់​សម្ដី​របស់លោក អា​បេ ថា​អ្នកស្លាប់​បាន​កើនឡើង​ជាង​២​ដង គឺ​ដល់​ទៅ ១៦​នាក់​។ ការបញ្ជាក់​របស់លោក គឺធ្វើឡើង បន្ទាប់ពី​ចូលរួមបាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ដដែល​នេះ​។ ដោយឡែក​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា អ្នកស្លាប់​កើន​ដល់​១៨​នាក់​ហើយ​។​
 
​ជាមួយគ្នានេះ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជប៉ុន បាន​និយាយថា មនុស្ស​ប្រមាណ​២៦​នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ដាច់​ចរន្តអគ្គិសនី លោកស្រី Hiroshige Seko រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពា​ណិ្ជ​កម្ម និង​ឧស្សាហកម្ម​ជប៉ុន បាន​និយាយថា ផ្ទះ​ប្រជាជន​ប្រមាណ ១,៣១​លាន​ខ្នង ទទួលបាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ឡើងវិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៧ កញ្ញា​នេះ​។ ប៉ុន្តែ​ក្រសួង ត្រូវការ​ពេល​យ៉ាងហោចណាស់​មួយ​សប្តាហ៍ ដើម្បី​ស្តារ​ថាមពល​អគ្គិសនី​ទាំងអស់​ឡើងវិញ​បាន​។ 
 
​សូមជម្រាបថា ការរញ្ជួយ​ដី​នេះ ជា​គ្រោះធម្មជាតិ​ទី​២​ហើយ ដែល​បាន​វាយប្រហារ​ទៅលើ​ប្រទេស​ជប៉ុន គិត​ត្រឹម​មួយ​សប្ដាហ៍​នេះ​។ ក្រោយពី​រងគ្រោះ​រញ្ជួយ​ដី និង​ព្យុះ​ទី​ផុង​នោះ ប្រទេស​ជប៉ុន ក៏បាន​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ និង​រលក​កម្ដៅ ដែល​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់​ផងដែរ​៕ 

Tag:
 ជប៉ុន​
  គ្រោះធម្មជាតិ​
  ស៊ុន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com