អន្តរជាតិ
រដ្ឋមន្ត្រី​សន្តិសុខ​អង់គ្លេស​ចោទ លោកពូ​ទីន​ចំៗ លើ​ករណី​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​
07, Sep 2018 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​សន្តិសុខ​អង់គ្លេស បាន​និយាយ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា​ថា លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ត្រូវ​ទទួលខុសត្រូវ​យ៉ាង​ដាច់​ណាត់​លើ​ករណី​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី នៅ អង់គ្លេស​។ ការលើកឡើង​នេះ គឺធ្វើឡើង ខណៈដែល​រដ្ឋាភិបាល​អ​ង់​គ្លេ​ស បាន​ត្រៀមខ្លួន​ទៅ​រាយការណ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

 
​ទីក្រុង​ឡុង​ដ៏ កាលពីពេល​កន្លងទៅ បាន​ចោទប្រកាន់​លើ​សមាជិក​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី GRU ចំនួន​ពីររូប ដែល​បាន​ប្រើប្រាស់​សារធាតុពុល​ឈ្មោះ «Novichok» ដើម្បី​ព្យាយាម​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី លោក Sergei Skripal និង​កូនស្រី​របស់លោក នៅ​ភាគ​និរតី​នៃ​ទីក្រុង Salisbury ប្រទេស​អង់គ្លេស​។ រដ្ឋមន្ត្រី​សន្តិសុខ​អង់គ្លេស លោក Ben Wallace បាន​និយាយ​ចំៗ​ថា លោក ពូ​ទីន ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការបំពុល​នេះ​។ 
 
​លោក Wallace បាន​និយាយប្រាប់​វិទ្យុ BBC ថា​៖ «​ប្រាកដ​ណាស់ លោកពូ​ទីន ធ្វើ​រឿង​ទាំងនេះ​ពី​ចម្ងាយ​ក្នុងឋានៈ​ជា​ប្រធានាធិបតី​រុស្ស៊ី ហើយ​វា​ជា​រដ្ឋាភិបាល​របស់លោក ដែល​គ្រប់គ្រង ផ្ដល់​លុយ និង​បញ្ជា​ដោយផ្ទាល់​លើ​ភ្នាក់ងារ​ចារកម្ម​យោធា GRU តាមរយៈ​ក្រសួងការពារជាតិ​»​។ 
 
​លោក បន្តថា «​ខ្ញុំ​គិតថា គ្មាន​អ្នកណា​ផ្សេងទៀត​ទេ ក្រៅពី​លោកពូ​ទីន ដែល​អាច​គ្រប់គ្រង​រុស្ស៊ី ហើយ​ភ្នាក់ងារ​ចារកម្ម​យោធា GRU គឺជា​អង្គភាព​ព្រៃផ្សៃ​បំផុត​។ អ្នកបញ្ជា​នៅ​ពីក្រោយ​អង្គភាព​នេះ គឺមាន​ទាំង​កំពូល​មេទ័ព​រុស្ស៊ី និង​រដ្ឋមន្ត្រី​ការពារជាតិ ហើយ​ត្រូវ​ឆ្លងកាត់​ទៅដល់​ដៃ​វិមាន​ក្រែ​ម​ឡាំង និង​ការិយាល័យ​ប្រធានាធិបតី​»​។​
 
​ជាមួយគ្នានេះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ឡុង​ដ៏ លោក Woody Johnson និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​គាំទ្រ​ជំហរ​របស់​អង់គ្លេស​ប្រឆាំងនឹង​រុស្ស៊ី​។ 
 
​លោក​Wallace បាន​និយាយទៀតថា រដ្ឋាភិបាល​របស់លោក ត្រៀម​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​ឲ្យ​រដ្ឋាភិបាល​ក្រែ​ម​ឡាំង​ព្រម​និយាយថា ទង្វើ​ដែល​អង់គ្លេស​បានឃើញ​នេះ ជា​រឿង​មិនអាច​ទទួលយកបាន​នោះទេ​។ « យើង​នឹង​លើកយក​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ទៅ​ជជែក​ពិភាក្សា​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​»​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី លោក បាន​សង្កត់ធ្ងន់ថា រុស្ស៊ី ទំនងជា​ប្រើប្រាស់​សិទ្ធិ «​វេតូ​» ដើម្បី​ច្រានចោល​រាល់​ការលើកឡើង​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕
 

Tag:
 រុស្ស៊ី​
  អង់គ្លេស​
  ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com